ជាតិ
អត្ថបទពាណិជ្ជកម្ម
លោក គិត ម៉េង ប្រកាស​សង់អាកាសយានដ្ឋានអន្តរជាតិនៅកោះរ៉ុង តម្លៃជាង៣០០លានដុល្លារ
18, Jan 2023 , 3:59 pm        
រូបភាព
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា(ឈរចាប់ដៃគ្នាខាងឆ្វេង) និងលោក គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កោះរ៉ុង ឌីវេឡុបមេន បានចុះកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុងលំដាប់4C។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា(ឈរចាប់ដៃគ្នាខាងឆ្វេង) និងលោក គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កោះរ៉ុង ឌីវេឡុបមេន បានចុះកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុងលំដាប់4C។
ភ្នំពេញ៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងលោក គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កោះរ៉ុង ឌីវេឡុបមេន បានចុះកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុងលំដាប់4C នៅតំបន់អភិវឌ្ឃន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
 
ក្នុងពីធីចុះហត្ថលេខានៅ សណ្ឋាគារ Cambodiana Hotel រាជធានីភ្នំពេញ លោក គិត ម៉េង បានលើកឡើងថា ការសាងសង់អាកាសយានដ្ឋាននៅតំបន់កោះ មានបញ្ហាប្រឈមច្រើន ក្នុងការសាងសង់និងចាំបាច់ត្រូវចំណាយថវិកាគុណទ្វេ បើធៀបនឹងការសាងសង់នៅតំបន់រាបស្មើ។ គម្រោងនេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កោះរ៉ុង ឌីវេឡុបមេន នឹងចំណាយជាង៣០០លានដុល្លារ។ បើតាមលោក គិត ម៉េង គម្រោងអភិឌ្ឍន៍នេះ នឹងស្របតាមផែនការដែលបានគ្រោងទុក ដោយបញ្ចប់ការសាងសង់ ក្នុងរយៈពេល៥ឆ្នាំ។ 


 ពិធីចុះកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុងលំដាប់ 4C។ 
«រដ្ឋាភិបាលបានសម្បទានកោះនេះ(កោះរ៉ុង) ឲ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដើម្បីអភិវឌ្ឍន៍ វិនិយោគ បង្កើតការងារ និងបង្កើតតំបន់ទេសចរណ៍។ អ៊ីចឹង នៅពេលណាចប់អាណត្តិនៃការវិនិយោគ វានឹងក្លាយជាទ្រព្យសម្បត្តិរបស់រដ្ឋដដែល»។ នេះជាការលើកឡើងរបស់លោក គិត ម៉េង ដោយបានឲ្យដឹងថា កន្លងមកតំបន់នេះ ពុំទាន់មានការអភវិឌ្ឍឡើយ។
 
កន្លងមក លោក​ឧកញ៉ារូបនេះ បានផ្ដើមការសាង់សងសណ្ឋាគារផ្កាយ៥ និងផ្កាយ៣ អស់ជាង៥០លានដុល្លារ។ បច្ចុប្បន្នក្រុមហ៊ុនលោក កំពុងបន្តតភ្ជាប់បណ្ដាញភ្លើងអគ្គិសនី ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ 
 
ចំពោះ គោលបំណងនៃកិច្ចព្រមព្រៀង នៅថ្ងៃទី១៨ មករានេះ រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កោះរ៉ុង ឌីវេឡុបមេន និង អាកាសចរស៊ីវិលកម្ពុជា គឺដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការ និងការផ្សារភ្ជាប់ទំនាក់ទំនងការងារ ក្នុងភាពជាដៃគូលើកម្រិតជំនាញ ដើម្បីការអភិវឌ្ឍ និងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន។ លើសពីនេះ គឺការទទួលស្គាល់លើផែនការមេស្របច្បាប់ សម្រាប់ការសាងសង់អាកាសយាន្តដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុង និងការប្រគល់វិញ្ញាបនបត្រទទួលស្គាល់លើផែនការមេផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ៅ ហាវណ្ណាល់ ។
 
លោកបានសង្កត់ធ្ងន់ថា៖ «ការចូលរួមក្នុងភាពជាដៃគូពីក្រុមហ៊ុន បានបង្ហាញពីសញ្ញាវិជ្ជមានមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការទ្រទ្រង់ជីរចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់រយៈពេលវែង ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុងស្រុក-ក្រៅស្រុកតាមផ្លូវអាកាសរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក»។ 
 
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានឲ្យដឹងថា អាកាសយានដ្ឋានដែលបម្រុងនឹងសាងសង់នេះ ជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី៤ ដែលមានការវិនិយោគពីវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ, អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។ 
 
អាកាសយានដ្ឋាននៅកោះរ៉ុងនេះ គ្រោងសាងសង់លើផ្ទៃប្រមាណ២៥០ហិកតា។ សូមជម្រាបថា កាលពីថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរធម្មជាតិ សណ្ឋាគារផ្កាយ៥ រួមទាំងអាកាសយានដ្ឋានផងដែរ។ ការសម្រេចផ្ដល់ ដីសម្បទាននេះ គឺមានរយៈពេល៩៩ឆ្នាំ៕ 

Tag:
 អាកាសយានដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com