ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ ពលរដ្ឋឃុំគោកខ្ពស់ប្រមាណ៥០០គ្រួសារ មិនទាន់ធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ
19, Jan 2023 , 7:59 am        
រូបភាព
 លោក វ៉ាង ម៉ាប់ នាយប៉ុស្តិ៍នគរបាលគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ
លោក វ៉ាង ម៉ាប់ នាយប៉ុស្តិ៍នគរបាលគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ
ដោយ៖ ហោន សុរ៉ាយ (យុវជនគោកខ្ពស់) 
​ស្រុកបន្ទាយអំពិល, ឧត្ដរមានជ័យ៖ពលរដ្ឋប្រមាណ៥០០គ្រួសារ នៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យមិនទាន់ធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅនោះទេ ។ ពលរដ្ឋទាំងនោះ ភាគច្រើនជាមនុស្សចាស់និងពលករចំណាកស្រុក។

 
លោក​ វ៉ាង ម៉ាប់ នាយប៉ុស្តិ៍នគរបាលគោកខ្ពស់ បានលើកឡើងថា សព្វថ្ងៃការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់ ពុំសូវមមាញឹកប៉ុន្មានឡើយ ពោលគឺមានពលរដ្ឋមករកសេវានេះ ត្រឹម ២ ឬ៣នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ មូលហេតុដែលពលរដ្ឋ ចាប់អារម្មណ៍ធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដោយសារពួកគេមិនទាន់យល់ពី​សារៈសំខាន់ និងមិនមានតម្រូវការណាមួយក្នុងជីវភាពរស់នៅរបស់ខ្លួន។ បើតាមលោក វ៉ាង ម៉ាប់ ពលរដ្ឋដែលមិនធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ភាគច្រើនជាពលរដ្ឋមានវ័យចាស់ជរា និងពលរដ្ឋដែលចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃ។ 
 
ឃុំគោកខ្ពស់ មានពលរដ្ឋ ១៨៣១គ្រួសារ ក្នុងនោះ អ្នកដែលបានធ្វើសៀវភៅគ្រួសារមានប្រហែល ១ ៥០០គ្រួសារ និងសៀវភៅស្នាក់មានប្រហែល ១ ៧០០គ្រួសារ។ ដោយឡែក ពលរដ្ឋចំណាកស្រុក មានប្រមាណ ៨០០នាក់។  លោក វ៉ាង ម៉ាប់ ប្រាប់ដូច្នេះថា៖« អ្នកអត់ធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ភាគច្រើនជាមនុស្សចាស់ ដែលមានអាយុ ចាប់ពី៥០ឆ្នាំឡើង។ តែបើក្មេងៗឥឡូវ ពួកគេលឿនទេ។ ពួកគាត់ខ្លះ (ពលរដ្ឋ) ប្រហែលគាត់គិតថា វាមិនសំខាន់។ ក្នុងនោះក៏មានអ្នកចំណាកស្រុកទៅថៃច្រើនផងដែរ»។ 
 
ជុំវិញបញ្ហានេះ ប៉ុស្តិ៍នគរបាលគោកខ្ពស់ បានបន្ត​ផ្សព្វផ្សាយយ៉ាងសកម្ម ដល់ភូមិទាំង១៣នៅក្នុង ដើម្បី​ជំរុញពលរដ្ឋឱ្យមកធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅកាន់​តែ​ច្រើន។ បើតាម លោក វ៉ាង​ ម៉ាប់ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ពិតជាមានសារៈសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃ និងក្នុងនាមជាពលរដ្ឋ​។ ឯកសារទាំងពីរ​នេះ អាចយកទៅប្រើប្រាស់សម្រាប់ការងារ ​ការផ្លាស់ប្តូរទីលំនៅ ឬឆ្លងដែនទៅបរទេសជាដើម៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និង​ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតក ម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 សេវារដ្ឋបាល
  សៀវភៅគ្រួសារ
  ឧត្ដរមានជ័យ
  បន្ទាយអំពិល
© រក្សាសិទ្ធិដោយ thmeythmey.com