កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo-Messi នឹងត្រូវបើកទំព័រថ្មី លើទឹកដីអារ៉ាប៊ីសាអូឌីត 
×![]()
ទំព័រថ្មីនៃវិស័យបាល់ទាត់នៅលើពិភពលោកសម្រាប់ការប្រកួតប្រជែងគ្នាសារជាថ្មីរវាងតារាបាល់ទាត់កំពូលពីររូប Cristiano Ronaldo និង Lionel Messi នឹងត្រូវជួបគ្នាម្តងទៀតនៅថ្ងៃទី១៩ ខែមករា ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងជំនួបដណ្តើមពានមិត្តភាព Riyadh Season Cup 2023។ ការប្រកួតនេះ ប្រព្រឹត្តទៅ នៅម៉ោង១១យប់ (ម៉ោងនៅកម្ពុជា)។
អាជីពដ៏ត្រចះត្រចង់របស់ Ronaldo នៅតំបន់អឺរ៉ុបបានបញ្ចប់ ក្រោយរូបគេឈ្នះពានរង្វាន់ Champions League ចំនួន ៥លើកជាមួយ Real Madrid រួមទាំងពានរង្វាន់នៅអង់គ្លេសជាមួយ Manchester United អ៊ីតាលី Serie A ចំនួន២លើកជាមួយ Juventus។ ចាប់តាំងពីចុះកិច្ចសន្យាជាមួយ Al Nassr តារាបាល់ទាត់វ័យ ៣៧ឆ្នាំ បានរៀបរាប់ថាភារកិច្ចរបស់គេនៅតំបន់អឺរ៉ុបបានចប់ហើយក្រោយរូបគេបានឈ្នះគ្រប់យ៉ាង និងជាពេលវេលាដ៏ត្រឹមត្រូវក្នុងការចែករំលែកបទពិសោធន៍ក្នុងតំបន់អាស៊ី។
ក្លិបនៅអារ៉ាប៊ីបានក្លាយជាគោលដៅចុងក្រោយរបស់ Ronaldo សម្រាប់អាជីពកីឡាករបាល់ទាត់ ចាប់តាំងពីការផ្តើមអាជីពដំបូងក្នុងឆ្នាំ ២០០២ នៅក្លិប Sporting CP។ Ronaldo ចំណាយពេលនៅក្រុមបិសាចក្រហម៥រដូវកាល មុនចាកចេញទៅ Real Madrid ប្រទេសអេស្ប៉ាញ និងទឹកដីអ៊ីតាលី Juventus។ នាការបង្ហាញវត្តមានលើកទី២ នៅ Man United តារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល់បានចែកផ្លូវគ្នាវិញជាមួយក្រុមនៅអង់គ្លេសក្រោយមានរឿងរ៉ាវរកាំរកូស។
កាលលេងនៅទឹកដីអេស្ប៉ាញ Ronaldo និង Messi ធ្លាប់បានប្រកួតប្រជែងគ្នាជាងច្រើនឆ្នាំ ដើម្បីកេរិ៍្តឈ្មោះជាកីឡាករដែលល្អបំផុតប្រចាំប្រវត្តិសាស្ត្រនារយៈពេលជាង ១៥ឆ្នាំ។ កីឡាករទាំងពីរនឹងត្រូវជួបគ្នាជាថ្មីនៅថ្ងៃទី១៩ ខែមករា ចាប់តាំងពីអ្នកទាំងពីរជួបគ្នាចុងក្រោយបំផុតក្នុងខែធ្នូ ឆ្នាំ ២០២០ នៅពេល Juventus បំបាក់ Barcelona ៣-០។
Ronaldo នឹងដឹកនាំក្រុមតារាបាល់ទាត់អារ៉ាប់ Riyadh ST XI ដែលជាការបូកបញ្ចូលគ្នារវាងកីឡាករមកពីក្លិប Al Hilal និង Al Nassr ទល់នឹងក្រុម Paris Saint Germain ដែលមាន Messi, Neymar JR និង Mbappe ជាដើម។

ការប្រកួតប្រជែងដែលអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំស្ទើរតែមួយពិភពលោក នឹងធ្វើឡើងក្នុងកីឡដ្ឋាន King Fahd នាទីក្រុងរីយ៉ាដ ហើយបើតាមរបាយការណ៍បានឱ្យដឹងថាសំបុត្រការប្រកួតត្រូវបានស្នើទិញតាមបណ្តាញអ៊ិនធឺណិតជាង ២លានដង។ លើសពីនេះសំបុត្រមាសដែលមានឈ្មោះថា«Beyond Imagination»ដ៏ពិសេសសម្រាប់ទស្សនាការប្រកួតដែលត្រូវបានដេញថ្លៃតម្លៃ ២,៦៦លានដុល្លារក្នុងការដេញថ្លៃបានបញ្ចប់ការដេញថ្លៃថ្ងៃទី១៧ ខែមករា។
ការប្រកួតដ៏អស្ចារ្យនៅអារ៉ាប៊ីសាអូឌីតកើតឡើងក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup 2022 បានមួយខែពេញតែម្តង បន្ទាប់ពីអាហ្សង់ទីនបានគ្រងជើងឯក World Cup ហើយ Ronaldo បានធ្លាក់ចេញពីការប្រកួតជាមួយព័រទុយហ្កាល់ត្រឹមវគ្គ ៨ក្រុម។ Ronaldo នឹងក្លាយជាប្រធានក្រុម Riyadh ST XI សម្រាប់ប្រកួតទល់ PSG ក្រោយរូបគេបានចុះកិច្ចសន្យាជាមួយ Al Nassr ដែលទទួលបានថ្លៃពលកម្មជាង ២១៣លានដុល្លារក្នុងមួយឆ្នាំ។
បើតាមកាសែតដ៏ល្បីរបស់បារាំង L’Equipe រាយការណ៍កាលពីថ្ងៃទី១៦ ខែមករា ថាក្រុមរហ័សនាមអ្នកមានបារាំង PSG នឹងទទួលបានប្រាក់ចំនួនជាង ១០លានអឺរ៉ូពីការប្រកួតមិត្តភាពនៅទឹកដីអារ៉ាប៊ីសាអូឌីតនេះ៕
Tag:
Cristiano Ronaldo
Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com