កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
ប្រធានគម្រោងអភិវឌ្ឍន៍ FIFA៖ កីឡាបាល់ទាត់តាមសាលា ជួយកុមារកម្ពុជា ម្ចាស់ការលើខ្លួនឯង និងទទួលខុសត្រូវខ្ពស់
18, Jan 2023 , 9:59 pm        
រូបភាព
បង្កើតកីឡាបាល់ទាត់តាមសាលារៀន និងជំរុញឱ្យកុមារ លេងកីឡាបាល់ទាត់ ជាមធ្យោបាយអប់រំមួយដ៏មានប្រសិទ្ធភាព និងសន្ដិភាពក្នុងសង្គម។ លោកស្រី Fatimata Sidibe ប្រធានគម្រោងអភិវឌ្ឍន៍កីឡាបាល់ទាត់តាមសាលារៀន និងជាតំណាងសហព័ន្ធបាល់ទាត់អន្ដរជាតិ (FIFA) បានថ្លែងដូច្នេះក្នុងពិធីសម្ពោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់រាជធានីខេត្តទាំង២៥ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅវិទ្យាល័យអង្គរ ខេត្តសៀមរាប



លោកស្រី Fatimata សញ្ជាតិម៉ាលី ប្រធានគម្រោង តំណាង FIFA បាននិយាយថា ការបណ្ដុះគំនិតលេងកីឡាបាល់ទាត់នៅក្នុងសាលា ទាំងកម្រិតបឋម និងយុវជន គឺជាគុណតម្លៃវិជ្ជមាន ដែលស្របតាមគ្នា ជាមួយវិស័យអប់រំ សម្រាប់កុមារ និងយុវជន។ ម្យ៉ាងវិញទៀត នេះ ក៏ជាផ្នែកមួយរក្សាបាននូវអត្ដចរិតដ៏ល្អ សម្រាប់កុមារ តាមរយៈការអប់រំឲ្យទទួលបាននូវភាពសប្បាយរីករាយ និងបង្រៀនពួកគេ ឲ្យមានភាពម្ចាស់ការលើខ្លួនឯង និងការទទួលខុសត្រូវ ក្នុងការសម្រេចចិត្តអ្វីមួយ។
 

   លោកស្រី FATIMATA Sidibe ថ្លែងក្នុងពិធីសម្ភោធទីលាន និងសាលាតម្រង់ទិស ២៥រាជធានីខេត្ត
 
«កីឡាបាល់ទាត់ក្នុងសាលា គឺនាំមកនូវភាពរីករាយ និងសុខដុមរមនាសម្រាប់កុមារ។ ការលេងកីឡាបាល់ទាត់មិនត្រឹមតែជាការប្រកួតទេ ប៉ុន្ដែការរៀនតាមរយៈការប្រកួតផង និងជាការទំនាក់ទំនង ការគោរពគ្នា និងការអនុគ្រោះគ្នាទៅវិញទៅមកផង។ វិស័យកីឡា គឺជាមធ្យោបាយអប់រំមួយដ៏ល្អ ដល់កុមារនិងយុវជន។»។ លោកស្រី Fatimata បាននិយាយដូច្នេះ។
 
ក្នុងពិធីដដែរនេះ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា បានបញ្ជាក់ថា រយៈកាលជាង ៩០ឆ្នាំ ដែលកម្ពុជា បានចូលជាសមាជិក FIFA ដែលរាប់ចាប់ពីឆ្នាំ១៩៣៣ មក សហព័ន្ធអន្ដរជាតិមួយនេះ បានឧបត្ថមគាំទ្រជាច្រើនចំពោះកម្ពុជា ក្នុងនោះ រាប់បញ្ចូលទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស ការងាររដ្ឋបាល និងវគ្គបណ្ដុះបណ្ដាលអន្ដរជាតិផ្សេងៗ។ ទាំងនេះ ក៏រាប់បញ្ចូលការកសាងទីលានបាល់ទាត់ ស្មៅធម្មជាតិទូទាំង២៥ រាជធានី-ខេត្ត នៃកម្ពុជា ផងដែរ។ 


  លោក កែវ សារ៉េត ថ្លែងក្នុងពិធីសម្ភោធទីលាន និងសាលាតម្រង់ទិស ២៥រាជធានីខេត្ត

ទីលានស្មៅទាំងនេះ គឺជាផ្នែកមួយបំផុសបំផុលវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន ដើម្បីចូលរួមប្រកួតប្រជែងពានរង្វាន់បាល់ទាត់ក្នុងឆាកអន្ដរជាតិ។ ក្រៅពីនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានអនុវត្តតាមផែនការយុទ្ធសាស្ដ្រ ១១ចំណុចរួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍបាល់ទាត់ថ្នាល់ និងយុវជន, ការរៀបចំការប្រកួតថ្នាក់ជាតិ និងចូលរួមប្រកួតអន្ដរជាតិ, ការអភិវឌ្ឍក្រុមបាល់ទាត់ជម្រើសជាតិគ្រប់កម្រិត, ការអភិវឌ្ឍធនធានមនុស្ស មានដូចជាគ្រូបង្វឹក អាជ្ញាកណ្ដាល មន្ដ្រីបច្ចេកទេស រដ្ឋបាល ពេទ្យ, ការអភិវឌ្ឍបាល់ទាត់ក្នុងសាល និងការអនុវត្តបាល់ទាត់នារី។
 
ពិធីសម្ភោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់រាជធានីខេត្តទាំង២៥ នៅវិទ្យាល័យអង្គរនេះ មានអ្នកចូលរួមមកពីតំណាងបណ្ដាលរាជធានីខេត្ត ចំនួន៨០នាក់ សិស្សានុសិស្សចំនួន ៦០០នាក់។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជូនបាល់ដល់សិស្សានុសិស្ស Football Clinic ចំនួន១០០នាក់ ក្នុង១នាក់ ១គ្រាប់។ ចំណែក FIFA Football School ក៏បានប្រគល់ជាង ១ម៉ឺន៦ពាន់គ្រាប់ ដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យ ទូទាំង ២៥រាជធានី-ខេត្ត ផងដែរ៕
 

Tag:
 បាល់ទាត់
  Fatimata Sidibe
  កែវ សារ៉េត
© រក្សាសិទ្ធិដោយ thmeythmey.com