ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ អាជ្ញាធរ​ឃុំគោកខ្ពស់ ​បន្តផ្សព្វ​ផ្សាយ​ពីគុណវិបត្តិនៃគ្រឿងញៀន ទោះបញ្ហានេះបាន​ថយ​ ចុះ
18, Jan 2023 , 10:29 pm        
រូបភាព
 លោក វ៉ាង ម៉ាប់ មេប៉ុស្តិ៍រដ្ឋបាលឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ
លោក វ៉ាង ម៉ាប់ មេប៉ុស្តិ៍រដ្ឋបាលឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ
ដោយ៖ រ៉ត ណៅ (យុវជនឃុំ គោកខ្ពស់) 
ស្រុកបន្ទាយអំបិល, ឧត្ដរមានជ័យ៖​ បញ្ហាគ្រឿងញៀន នៅក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំបិល ខេត្តឧត្ដរមានជ័យ ​ត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង ខណៈអាជ្ញាធរ នៅតែបន្តការផ្សព្វ​ផ្សាយដូចភ្លៀងរលឹម។ ទន្ទឹមនេះ ពលរដ្ឋនិងប្រជាការពារភូមិ ក៏មានតួនាទីយ៉ាងសំខាន់ដែរ ក្នុងការចូលរួមពង្រឹងសន្តិសុខ សុវត្ថិភាព នៅក្នុងភូមិ-ឃុំ ។ 



លោក វ៉ាង ម៉ាប់ មេប៉ុស្តិ៍រដ្ឋបាលឃុំគោកខ្ពស់ បានលើកឡើងថា បញ្ហាគ្រឿងញៀន នៅក្នុងឃុំគោកខ្ពស់ មិនមានច្រើននោះទេ ដោយសារអាជ្ញាធរបានផ្សព្វផ្សាយញឹកញាប់ និងចំគោលដៅ ជាពិសេសពង្រឹកការយាមល្បាតទាំងថ្ងៃ និងយប់។ ក្នុងមួយខែៗ ប៉ុស្តិ៍រដ្ឋបាល បានជំរុញការផ្សព្វផ្សាយពី ៤ ទៅ៥ដង តាមភូមិគោលដៅចំនួន ១៣ នៅក្នុងឃុំ។ 
 
សព្វថ្ងៃ បញ្ហាគ្រឿងញៀនត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង។ ករណីគ្រឿងញៀន ដែលសមត្ថកិច្ចចាប់បានកន្លងទៅ ភាគច្រើននាំចូលពីក្រុមមនុស្សមកពីតំបន់ផ្សេង។ នៅឆ្នាំ២០​២១ ប៉ុស្តិ៍រដ្ឋបាលឃុំគោកខ្ពស់ ចាប់បទល្មើសគ្រឿងញៀនមួយករណី ខណៈឆ្នាំ២០២២កន្លងទៅ គឺមិនមានករណីពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានបង្ក្រាបនៅក្នុងភូមិសាស្ត្រឃុំគោក​ខ្ពស់នោះ​ទេ។ នេះបើតាមលោក ​វ៉ាង ម៉ាប់ ដោយមេប៉ុស្តិ៍រូបនេះ បានពន្យល់ដូច្នេះថា៖ «ទាក់ទងបញ្ហាគ្រឿងញៀននេះ កន្លងទៅមិនអត់នោះទេ។ វាមានប៉ុន្តែតិចតួច ដែលភាគច្រើននាំចូលពីខាងក្រៅ។ នៅក្នុងឃុំយើងខ្ញុំ ដូចជាពុំមានការចែកចាយអ្វីធំដុំនោះទេ។ ប្រសិនបើមាន ក៏ពួកខ្ញុំ ខំប្រឹងប្រែងទប់ស្កាត់ដែរ»។ 
 
ស្របពេល សមត្ថកិច្ចគ្មានកម្លាំងគ្រប់គ្រាន់ លោក វ៉ាង ម៉ាប់ ចាត់ទុកពលរដ្ឋ និងប្រជាការពារភូមិ ជាកម្លាំងស្នូល ដែលអាចរាយការណ៍ និងបង្រ្កាបបទល្មើសលឿនរហ័ស។ មេប៉ុស្តិ៍រូបនេះ រីករាយនៅពេលភូមិឃុំ រក្សាបានសុខសន្តិភាព។ បច្ចុប្បន្ន ប៉ុស្តិ៍រដ្ឋបាលឃុំគោកខ្ពស់ មានកម្លាំងចំនួន៧នាក់ គ្រប់គ្រង់ភូមិចំនួន ១៣ ដែលមានពលរដ្ឋជាង ៦ពាន់នាក់។ 
 
ជាមួយគ្នានេះ លោក វ៉ាង ម៉ាប់ តាំងចិត្តកាត់ផ្ដាច់បទល្មើសគ្រឿងញៀន ដើម្បីបង្កភាពកក់ក្ដៅ ដល់ការរស់នៅរបស់ពលរដ្ឋ។ លោកបានជំរុញឱ្យពលរដ្ឋ បន្តសហការជាមួយសមត្ថកិច្ច ដើម្បីកសាងបរិយាកាស ភូមិ ឃុំមានសុវត្ថិភាព។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 
 

Tag:
 សន្តិសុខសង្គម
  ភូមិឃុំសុវត្ថិភាព
  ឧត្ដរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com