កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សីដក់៖ អត្តពលិកកម្ពុជាកើនសមត្ថភាព ក្រោយហ្វឹកហាត់នៅមីយ៉ាន់ម៉ាមួយខែ 
សកម្មភាពហ្វឹកហាត់របស់អត្តពលិកកីឡាសីដក់ និងឈិនឡូនជម្រើសជាតិកម្ពុជា នៅប្រទេសមីយ៉ាន់ម៉ា។ រូបពី សហព័ន្ធកីឡាស៊ីដក់ និងឈិនឡូនកម្ពុជា
×![]()
អ្នកស្រី ទី សួង អគ្គលេខាធិការសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា វាយតម្លៃចំពោះការហ្វឹកហាត់របស់អត្តពលិកកីឡាសីដក់ជម្រើសជាតិកម្ពុជា នៅប្រទេសមីយ៉ាន់ម៉ា ថាមានការកើនឡើងខ្ពស់ ទាំងផ្នែកបច្ចេកទេស និងកម្លាំងកាយ។ នេះជាការបញ្ជាក់របស់ អ្នកស្រី សួង មកកាន់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៧ ខែមករា តាមសារអេឡិចត្រូនិក តេលេក្រាម។
ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាកំពុងផ្តោតសំខាន់លើបច្ចេកទេស និងពង្រឹងសមត្ថភាពរបស់អត្តពលិកកីឡាឈិនឡូនបន្ថែម ខណៈបច្ចុប្បន្នអត្តពលិកកម្ពុជា ៣៦រូបកំពុងបោះជំរុំហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ា។ អ្នកស្រី ទី សួង អគ្គលេខាធិការសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ដែលស្ថិតនៅប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថា ការហ្វឹកហាត់របស់អត្តពលិកជម្រើសជាតិគឺបានរយៈពេលមួយខែហើយ តាមការសង្កេត និងត្រួតពិនិត្យជាប្រចាំកីឡាករ-កីឡាការិនី មានការកើនឡើងច្រើន ដែលជាក្តីសង្ឃឹមសម្រាប់ស៊ូហ្គេមនៅកម្ពុជា។
អ្នកស្រី ទី សួង និយាយថា៖«ឥឡូវនេះយើងកំពុងហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ានេះបាន១ខែហើយ យើងហាត់នៅលើវិញ្ញាសាឈិនឡូន ការហ្វឹកហាត់របស់យើងពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងបានច្រើន ទាំងកម្លាំង ទាំងបច្ចេទេស ដែលទទួលបានពីម្ចាស់ផ្ទះមីយ៉ាន់ម៉ា មានគ្រូជំនាញ និងអត្តពលិកចាស់គាត់មកបង្ហាត់បង្រៀនយើង»។
គួរបញ្ជាក់ថា ប្រតិភូ និងអត្តពលិកកីឡាសីដក់ និងឈិនឡូនកម្ពុជា ទាំង៣៦រូប នឹងវិលមកប្រទេសកម្ពុជា វិញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ មុនការមកដល់នៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តកីឡាស៊ីហ្គេម២០២៣ នៅកម្ពុជា៕
Tag:
កីឡាសីដក់
ទី សួង
ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com