អន្តរជាតិ
នាយករដ្ឋមន្រ្តីនូវែលសេឡង់ នឹងលាលែងពីតំណែងនៅខែក្រោយ
19, Jan 2023 , 9:03 am        
រូបភាព
នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី  Jacinda Ardern នៅថ្ងៃទី១៩ ខែមករា បានប្រកាសថា លោកស្រី នឹងចុះចេញពីតំណែងនៅត្រឹមថ្ងៃទី៧ ខែកុម្ភៈ បន្ទាប់ពីកាន់តំណែងបានជាងប្រាំឆ្នាំ។ បើតាមប្រមុខរដ្ឋាភិបាលនូវែលសេឡង់រូបនេះ លោកស្រីបានធ្វើអ្វីដែលលោកស្រីត្រូវធ្វើរួចអស់ហើយ ហើយក៏លែងមានលទ្ធផលបំពេញការងារដ៏ធំនេះទៀតដែរ។

 
«សម្រាប់ខ្ញុំ វាដល់ពេលហើយ»។ លោកស្រី Jacinda Ardern នាយករដ្ឋមន្រ្តីនូវែលសេឡង់ បានប្រាប់សមាជិកបក្សពលករបែបនេះ នៅថ្ងៃទី១៩ ខែមករា ដោយបន្តថា វាជារយៈពេលដ៏ពេញចិត្តបំផុត ក្នុង៥ឆ្នាំ និង៦ខែកន្លងមកនេះ។ 
 
បើតាមលោកស្រី Ardern ការសម្រេចចិត្តចុះចេញពីតំណែងនេះ ដោយសារជាការទទួលខុសត្រូវដ៏ធំ ហើយការទទួលខុសត្រូវ គឺដឹងថានៅពេលណាអ្នកសំខាន់ ក្នុងការដឹកនាំ និងពេលណា ដែលអ្នកមិនត្រូវ។ 
 
ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលនូវែលសេឡង់ បានប្រកាសផងដែរថា ការបោះឆ្នោតថ្នាក់ជាតិ នឹងរៀបចំឡើងនៅថ្ងៃទី១៤ ខែតុលាខាងមុខ។ យ៉ាងណាមិញ ក្នុងការបោះឆ្នោតនោះ លោកស្រី Ardern នឹងមិនចូលរួមឡើយ។ ក្រោយការប្រកាសពីការលាលែងតំណែងនេះ បក្សពលករ នឹងស្វែងរកអ្នកស្នងតំណែងនៅថ្ងៃទី២១ ខែមករា ខាងមុខ។ 
 
សូមបញ្ជាក់ថា លោកស្រី Ardern បានចូលកាន់តំណែងជានាយករដ្ឋមន្រ្តី២០១៧ ក្នុងវ័យ៣៧ឆ្នាំ ដែលជាមេដឹកនាំវ័យក្មេងម្នាក់ ក្នុងចំណោមមេដឹកនាំវ័យក្មេងផ្សេងទៀត៕ 
 

Tag:
 នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com