កីឡាអន្តរជាតិ
អន្តរជាតិ
Man City ជាប់ជាក្លិបរកចំណូលបានច្រើនបំផុតលើលោក២រដូវកាលជាប់គ្នា 
×![]()
Manchester City ក្លាយជាក្លិបបាល់ទាត់រកចំណូលបានច្រើនជាងគេលើលោកពីររដូវកាលជាប់គ្នា ២០២០-២១ និង២០២១-២២។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ Deloitte Football Money League ជាក្រុមហ៊ុនប្រឹក្សាពន្ធ និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែមករា។
ក្លិបរហ្សនាមមេឃខៀវក្នុងក្របខណ្ឌ Premier League អាចរកចំណូលបាន ៧៩០លានដុល្លារនៅរដូវកាល ២០២១-២២ លើសរដូវកាលមុនដែលពួកគេរកបាន៧១០,៨១លានដុល្លារ ដោយសារនៅមានជំងឺកូវីដ-១៩នៅឡើយ។
ចំណូលដ៏ច្រើននេះ ដោយសារ Man City កើនចំណូលពាណិជ្ជកម្មក្នុងកំណត់ត្រា Premier League ចំនូន ៤០៣លានដុល្លាររដូវកាលមុន ដោយកើនលើស៧០លានដុល្លារ បើធៀបរដូវកាល ២០២០-២១។
តាមរយៈចំណូលនេះ ម្ចាស់ជើងឯកលីគកំពូលអង់គ្លេសក្លាយជាក្លិបរកចំណូលបានច្រើនជាងគេលើលោក ដោយនាំមុខក្លិបលេខ២ Real Madrid (៧៧១លានដុល្លារ) និងលេខ៣ Liverpool (៧០២លានដុល្លារ)។
Barcelona ដែលធ្លាប់នាំមុខគេញឹកញាប់ក្នុងតារាងក្លិបរកចំណូលបានច្រើនជាងគេរបស់ Deloitte បាត់ឈ្មោះពី Top 10 ស្របពេល Manchester United ស្ថិតនៅចំណាត់ថ្នាក់ទី៤ និង Paris St Germain លេខ៥។
Chelsea, Tottenham Hotspur, Arsenal, West Ham United, Leicester City, Leeds United, Everton និង Newcastle United សុទ្ធតែស្ថិតក្នុងបញ្ជីឈ្មោះរបស់ Deloitte។ ចំណោមក្លិបបាល់ទាត់ទាំង២០ដែលជាប់ឈ្មោះក្នុងបញ្ជីរបស់ Deloitte មានក្លិបចំនួន១១មកពីលីគកំពូលអង់គ្លេសដែលជាចំនួនច្រើនបំផុត៕
Tag:
Manchester City
Deloitte
© រក្សាសិទ្ធិដោយ thmeythmey.com