កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ​ Man Utd ខកចិត្តខាតបង់ពិន្ទុ ស្របពេលកូនក្រុមខ្វះការប្រឹងប្រែងរកគ្រាប់បាល់
19, Jan 2023 , 12:39 pm        
រូបភាព
លោក ​Erik ten Hag អ្នកចាត់ការ​ ​Manchester United បង្ហាញការខកចិត្តក្រោយ Michael Olise ស៊ុគ្រាប់ចុងម៉ោងតាមស្មើឱ្យ Crystal Palace ១-១ ក្នុងការប្រកួត Premier League សប្តាហ៍ទី១៩ នៅយប់ថ្ងៃទី១៨ ខែមករា។ Ten Hag ចោទកូនក្រុម មិនប្រឹងរកគ្រាប់បន្ថែម ស្របពេលពួកគេគ្រប់គ្រងការប្រកួតបានល្អហើយនោះ។



អ្នកចាត់ការសញ្ជាតិហូឡង់លោក Ten Hag បានហៀបនឹងក្លាយជាអ្នកចាត់ការក្រុមបិសាចក្រហមដំបូង បន្ទាប់ Sir Alex Ferguson ដែលដឹកនាំឈ្នះការប្រកួត ១០លើកជាប់គ្នាទៅហើយ ស្របពេល Man United កំពុងនាំមុខម្ចាស់ផ្ទះ Crystal Palace ១-០ ក្នុងកីឡដ្ឋាន Selhurst Park រហូតដល់នាទី៩១។ ឱកាសនេះ បាត់បង់ទៅវិញ ក្រោយកីឡាករ Olise ទាត់បាល់ពិន័យ free-kick យ៉ាងល្អនៅនាទី៩០+១ ដើម្បីតាមស្មើ Man Utd ១-១។​ 
 
ក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត លោក Ten Hag បានបង្ហាញអារម្មណ៍ខកចិត្តនិងសោកស្តាយ ហើយលោកក៏បានរិះគន់កូនក្រុមថាខ្វះខាតការប្រឹងប្រែងស្វែងរកគ្រាប់បាល់ទី២ បន្ថែមទៀត បើទោះបីជា Bruno Fernandes ស៊ុតបាល់ចុងម៉ោងនៃវគ្គទីមួយបើកការនាំមុខក្តី។
 
«យើងគួរតែប្រឹងប្រែងដើម្បីទទួលបានគ្រាប់បាល់ទីពីរ​ ល្អជាជាងស្ថិតក្នុងកាលៈទេសៈរំពឹងលើសំណាង ដែលធ្វើឱ្យអ្នកខាតបង់ ២ពិន្ទុ។ យើងនាំមុខ ១-០ ហើយក្នុងវគ្គទីពីរយើងមានឱកាសនិងកន្លែងទូលាយច្រើនដើម្បីបញ្ចប់ពួកគេនិងដើម្បីគ្រាប់ទីពីរ តែខ្ញុំមិនដែលឃើញថាពួកគេពិតជាចង់សម្រុកឱ្យបានគ្រាប់បាល់ទីពីរនោះទេ។»។ លោក Ten Hag បាននិយាយបែបនេះ។
 
ក្រៅតែពីនិយាយទាក់ទងនឹងការប្រកួតទល់ Crystal Palace អ្នកចាត់ការវ័យ ៥២ឆ្នាំក៏បានលើកពីការប្រកួតទល់ក្រុមកាំភ្លើងធំនៅជំនួបបន្ទាប់ថាក្រុមលោកនឹងរៀបចំគម្រោងឱ្យបានល្អដើម្បីអាចយកឈ្នះលើក្រុមខ្លាំងកំពូលតារាងសារជាថ្មី។ 
 
មិនត្រឹមតែប៉ុណ្ណោះចំពោះការអវត្តមានរបស់កីឡាករខ្សែបម្រើការពារ​ Casemiro ពេលប៉ះ Arsenal ដោយរូបគេជាប់បម្រាមកាតលឿង ២លើក លោក Ten Hag ថាបិសាចក្រហមធ្លាប់ឈ្នះដោយគ្មានខ្សែបម្រើប្រេស៊ីលរួចមកហើយ ដូច្នេះមិនមែនជារឿងដែលបារម្ភនោះទេ។
 
បើទោះបីជាខកចិត្តនឹងការបាត់បង់ពិន្ទុ ក្រុមបិសាចក្រហមត្រូវការរក្សាទម្រង់លេងជាមួយការសហការគ្នាយ៉ាងល្អមួយនេះនិង ការស្រែកឃ្លានជ័យជម្នះនៃពាក់កណ្តាលរដូវកាលនេះ ដើម្បីជាការផ្តោតអារម្មណ៍ពេលធ្វើដំណើរទៅកាន់ទឹកដីក្រុម Arsenal។
 
ឆ្លងកាត់១៩ប្រកួត Man Utd រកបាន៣៩ពិន្ទុ ឡើងទៅឈរលេខ៣ នៃតារាងពិន្ទុលីគកំពូលវិញ ដោយនាំមុខ Newcastle United េដែលធ្លាក់ទៅលេខ៤ចំនួន១ពិន្ទុ។ Arsenal ឈរកំពូលតារាងបណ្តោះអាសន្នមាន៤៧ពិន្ទុ ក្រោយប្រកួត១៨លើក តាមពីក្រោយដោយម្ចាស់ការពារជើងឯក Manchester City ដែលមាន៣៩ពិន្ទុ ពីការប្រកួត១៨លើក៕
 
 
 
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com