ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ អាជ្ញាធរឃុំអន្សាចំបក់ បន្ត​បញ្ជ្រាបចំណេះដឹងដល់ពលរដ្ឋ ពីសារសំខាន់នៃ​អត្រា​នុកូលដ្ឋាន
19, Jan 2023 , 2:08 pm        
រូបភាព
ដោយ៖ បូ ចាន់រ៉ា (យុវជនឃុំអន្សាចំបក់) 
 
ស្រុកក្រគរ, ពោធិ៍សាត់​៖ពលរដ្ឋមួយចំនួនតូច នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មិនទាន់មានអត្រានុកូលដ្ឋានសម្រាប់ប្រើប្រាស់នៅឡើយទោះបីជាអាជ្ញាធរបានខិតខំផ្សព្វផ្សាយពីភាពចាំបាច់នៃឯកសារនេះក៏ដោយ។ អ្នកដែលមិនព្រុំធ្វើអត្រានុកូលដ្ឋានភាគច្រើនជាមនុស្សចាស់ជរា ដោយពួកគាត់មិនបានយល់ពីសារៈសំខាន់​។​ ទោះជាយ៉ាងណា អាជ្ញាធរឃុំអន្សាចំបក់បន្តណែនាំដល់ពលរដ្ឋទាំងនោះ ឱ្យមកទទួលសរវាអត្រានុកូលដ្ឋានដែលជាចំណងរួមភ្ជាប់សញ្ជាតិទៅនឹងរដ្ឋ និងស្ថានភាពជាក់ស្ដែង។

 
លោក ផាន់ សំបូរ មេឃុំ អន្សាចំបក់បានលើកឡើងថា អត្រានុកូលដ្ឋាន គឺជាសេវាចាំបាច់មួយដែលពលរដ្ឋ មកទទួលញឹកញាប់ជាងគេដែលក្នុងមួយថ្ងៃមានរហូតដល់ជាង ២០​នាក់​។ ដ្បិតតែពេញនិយម ប៉ុន្តែពលដ្ឋមួយចំនួនតូចមិនបានមកធ្វើអត្រានុកូលដ្ឋាន តាមការណែនាំរបស់អាជ្ញាធរឡើយ ដោយអ្នកខ្លះ គិតថាអត្រានុកូលដ្ឋានមិនសំខាន់ ឯអ្នកខ្លះទៀត មិនខ្វាយខ្វល់ចំពោះឯកសារនេះ​។ មេឃុំរូបនេះបានណែនាំដល់ពលរដ្ឋ ឱ្យរួសរាន់មកធ្វើអត្រានុកូលដ្ឋាន ឱ្យបានគ្រប់ៗគ្នា។ 


លោក ផាន់ សំបូរ មេឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់

លោក ផាន់ សំបូរ ប្រាប់ដូច្នេះថា៖ «យើងប្រាប់និងផ្សព្វផ្សាយហើយ តែគាត់(ពលរដ្ឋ)អត់ព្រមមកធ្វើ អ៊ីចឹង មិនដឹងយ៉ាងម៉េចទេព្រោះអីគាត់ អត់ចង់បាន។ តែអ្នកមកធ្វើខ្លះ ដល់តែពេលគេ (ក្រសួងមហាផ្ទៃ) រឹងបន្តឹងចាប់ផ្ដើមមានលេសថា​បាត់ ភ្លើងឆេះ ឬមិនបានធ្វើ។ អ្នកអត់ធ្វើហ្នឹង ភាគច្រើនសុទ្ធតែជាមនុស្សចាស់ ចាប់ពី៥០ ទៅ៦០ឆ្នាំ»។ 
 
អត្រានុកូលដ្ឋានគឺជាចំណងរួមភ្ជាប់សញ្ជាតិទៅនឹងរដ្ឋ និងស្ថានភាពជាក់ស្ដែងដែលជននោះមាននៅក្នុងត្រកូលគ្រួសារខ្លួន ក្នុងសង្គមជាតិ និងដែលបង្កើតឱ្យជននោះមានសិទ្ធិ
និងករណីកិច្ច ដែលអនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់សម្រាប់ការងារ ការអប់រំនិងការទទួលបានសិទ្ធិបោះឆ្នោតជាដើម។ អត្រានុកូលដ្ឋាន មានសំបុត្រកំណើតសំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព។ 
 
អត្រានុកូលដ្ឋានធ្វើបានតែម្ដងប៉ុណ្ណោះ ក្នុងមួយជីវិត។ ប៉ុន្តែក្នុងករណី បាត់ឬខូច ពលរដ្ឋត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរឃុំបន្ទាន់ ដើម្បីដោះស្រាយរកច្បាប់ដើម
ឬធ្វើថ្មី។ គួរបញ្ជាក់ថា ការធ្វើអត្រានុកូលដ្ឋាន មិនត្រូវបង់កម្រៃសេវានោះទេ៕ 
​អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 សេវាសាធារណៈ
  ប៉ុស្តិ៍អន្សាចំបក់
  ខេត្តពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com