ក្រោយពីការលាលែងពីតំណែងរបស់លោក ង្វៀន សួនហ្វ៊ុក លោកស្រី Vo Thi Anh Xuan អនុប្រធានាធិបតីវៀតណាម បានឡើងជាប្រធានាធិបតីស្តីទី រហូតដល់ប្រធានាធិបតីថ្មីត្រូវបានជ្រើសរើស។ តើបុគ្គលរូបណា នឹងក្លាយជាប្រធានាធិបតីវៀតណាមបន្ទាប់ពីលោក ហ្វ៊ុក ?
គណៈមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី១៧ ខែមករា យល់ព្រមតាមសំណើររបស់លោក ង្វៀន សួនហ្វ៊ុក ដែលសុំលាលែងពីតំណែងប្រធានាធិបតី។ លោក ហ្វ៊ុក ក៏លាលែងពីតំណែងសមាជិកការិយាល័យនយោបាយ និងពីគណៈមជ្ឈិមដែរ។
តាមរដ្ឋធម្មនុញ្ញវៀតណាម ប្រសិនបើប្រធានាធិបតីវៀតណាមអវត្តមានក្នុងរយៈពេលយូរ អនុប្រធានាធិបតីនឹងត្រូវទទួលបន្ទុកតួនាទីជំនួស។ ករណីនេះ ក៏ធ្លាប់កើតឡើងម្តងរួចហើយនៅក្នុងខែកញ្ញា ឆ្នាំ២០១៨។ កាលនោះ លោក Tran Dai Quang បានទទួលមរណភាពដោយសារជំងឺ ហើយលោកស្រី Dang Thi Ngoc Thinh អនុប្រធានាធិបតី ត្រូវធ្វើជាប្រធានាធិបតីស្តីទី។
តាមសេចក្តីសម្រេចនៅក្នុងថ្ងៃទី១៨ ខែមករា សភាវៀតណាម បានសម្រេចដកលោក ង្វៀន សួនហ្វ៊ុក ចេញពីតំណែងប្រធានាធិបតី និងសមាជិកសភា។ ទន្ទឺមនេះ សភាវៀតណាម ក៏បានប្រកាសលោកស្រី Vo Thi Anh Xuan អនុប្រធានាធិបតីវៀតណាម ឡើងជាប្រធានាធិបតីស្តីទី រហូតដល់ប្រធានាធិបតីថ្មីត្រូវបានជ្រើសរើស។
បុគ្គលទាំង៤រូប ខាងក្រោមនេះ អាចក្លាយជាប្រធានាធិបតីវៀតណាមបន្ទាប់។
លោកស្រី Vo Thi Anh Xuan
លោកស្រី Vo Thi Anh Xuan ដែលមានវ័យត្រឹម ៥៣ឆ្នាំ កំពុងកាន់តំណែងជាប្រធានាធិបតីស្តីទីស្រាប់។ លោកស្រី Xuan ជាស្រ្តីទីពីរនៅវៀតណាម ដែលកាន់តំណែងជាប្រធានាធិបតីស្តីទីនេះ។ ដើម្បីក្លាយជាប្រធានាធិបតីវៀតណាម លោកស្រី Xuan ត្រូវឆ្លងកាត់ឧបសគ្គខ្លះ ដោយសារលោកស្រី មិនមែនជាសមាជិកការិយាល័យនយោបាយរបស់បក្សកុម្មុយនីស្តឡើយ។ ដូច្នេះ បើចង់កាន់តំណែងកំពូលរបស់ប្រទេស លោកស្រី Xuan ត្រូវជាប់ជាសមាជិក ការិយាល័យនយោបាយរបស់បក្សកុម្មុយនីស្តវៀតណាមជាមុន។
រូបភាព (លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក ជាមួយសមភាគីវៀតណាម លោកស្រី Dang Thi Ngoc Thinh។ រូបភាព AFP)
លោក To Lam
លោក To Lam ដែលមានវ័យ៦៥ឆ្នាំ កាន់តំណែងជារដ្ឋមន្រ្តីសន្តិសុខសាធារណៈ។ ក្នុងយុទ្ធនាការបង្រ្កាបអំពើពុករលួយរបស់វៀតណាម លោក To Lam បានឯកភាពក្នុងការចាប់ខ្លួនមន្រ្តីបក្ស និងមន្រ្តីរដ្ឋាភិបាលវៀតណាមជាច្រើន។
ក្នុងនាមជាសមាជិក ការិយាល័យនយោបាយ លោក To Lam បានចាប់ផ្តើមជាកម្មាភិបាលនៅក្នុងនាយកដ្ឋានការពារនយោបាយ។ រដ្ឋមន្រ្តីសន្តិសុខសាធារណៈរូបនេះ ត្រូវបានដំឡើងឋានៈជានាយឧត្តមសេនីយ៍ នៅក្នុងឆ្នាំ២០១៩ ក្នុងពេលលោក Nguyen Phu Trong កាន់តំណែងជាប្រធានាធិបតី។
រូបភាព៖ លោក To Lam រដ្ឋមន្រ្តីសន្តិសុខសាធារណៈវៀតណាម (ខាងឆ្វេង) ជាមួយប្រធានាធិបតីនៃរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា លោក Win Myint។ រូបភាព AFP
កន្លងមក លោក To Lam ក៏បានរងការរិះគន់ដែរ ក្រោយមានវីដេអូមួយ ត្រូវបានបង្ហោះលើបណ្តាញសង្គម TikTok ដោយលោកTo Lam បានបរិភោគសាច់គោជាមួយចុងភៅ Nusret Gokce ឬត្រូវបានស្គាល់ថា Salt Bae។
លោក Vo Van Thuong
លោក Vo Van Thuong ដែលមានវ័យ ៥២ឆ្នាំ ជាសមាជិកការិយាល័យនយោបាយបក្សកុម្មុនីស្តវៀតណាមពីរអាណត្តិ ហើយជាសមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការមជ្ឈិមរបស់លេខាធិការដ្ឋានបក្សផង។ អ្នកវិភាគមួយចំនួន បានកត់សម្គាល់ថា លោក Nguyen Phu Trong អគ្គលេខាធិការបក្ស បានគាំទ្រលោក Thuong បន្តតំណែងជាប្រមុខបក្សបន្ទាប់ពីលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
រូបភាព៖ លោក Vo Van Thuong សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម (ខាងស្តាំ) ជាមួយលេខាធិការបក្សក្រុងហាណូយ។ រូបភាព AP
លោក Nguyen Van Nen
លោក Nguyen Van Nen ដែលមានវ័យ៦៥ឆ្នាំ ក៏ត្រូវបានមើលឃើញបុគ្គលម្នាក់ អាចស្នងតំណែងជាប្រធានាធិបតីវៀតណាមថ្មីផងដែរ។ ជាប្រធានបក្សកុម្មុយនីស្តវៀតណាមក្នុងក្រុងហូជីមិញ លោក Nen បានបង្កើនកិច្ចខិតខំរបស់ខ្លួនយ៉ាងខ្លាំង ក្នុងការគ្រប់គ្រងជំងឺឆ្លងសកល និងដាក់វិធានរឹតត្បិតផ្សេងទៀតនៅក្នុងក្រុង។
រូបភាព៖ លោក Nguyen Van Nen ប្រធានបក្សកុម្មុយនីស្តវៀតណាមក្នុងក្រុងហូជីមិញ។ រូបភាព VTV
ក្រៅពីនោះ គេក៏អាចរំពឹងថា លោក ង្វៀន ភូជុង កាន់តំណែងប្រធានាធិបតីមួយទៀតដែរ៕