អន្តរជាតិ
អនុប្រធានាធិបតីតៃវ៉ាន់ថា ការបំពេញចិត្តចិន នឹងមិនអាចនាំសន្តិភាពបានទេ
19, Jan 2023 , 3:39 pm        
រូបភាព
លោក William Lai អនុប្រធានាធិបតីតៃវ៉ាន់។ រូបភាព AFP
លោក William Lai អនុប្រធានាធិបតីតៃវ៉ាន់។ រូបភាព AFP
អនុប្រធានាធិបតីតៃវ៉ាន់ និងជាប្រធានបក្សប្រជាធិបតេយ្យជឿនលឿន លោក William Lai នៅថ្ងៃទី១៨ ខែមករា បានលើកឡើងថា ការបំពេញចិត្តចិន នឹងមិនអាចនាំសន្តិភាពបានឡើយ។ នេះជាការអះអាងលើកដំបូងលើបញ្ហាចិន ក្រោយលោក Lai កាន់តំណែងជាប្រធានបក្ស។

 
នៅក្នុងឆ្នាំ២០២៤ តៃវ៉ាន់ នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី ខណៈបក្សបក្សប្រជាធិបតេយ្យជឿនលឿន (DPP) បានជ្រើសរើសលោក William Lai អនុប្រធានាធិបតីតៃវ៉ាន់ ជាប្រធានបក្ស។ ក្រោយកាន់តំណែងជាប្រមុខបក្ស លោក Lai បានថ្លែងពីចិនជាលើកដំបូង។​
 
«ការបំពេញចិត្ត មិនអាចទិញសន្តិភាពបានឡើយ»។ ប្រធានបក្សប្រជាធិបតេយ្យជឿនលឿន បានថ្លែងបែបនេះនៅថ្ងៃទី១៨ ខែមករា ដោយសំដៅទៅសំណើចិន ជុំវិញការបង្រួបបង្រួមប្រទេស ក៏ដូចជាគោយនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» ដូចនៅហុងកុង និងម៉ាកាវ។ 
 
លោក Lai តែងលើកឡើងពីឯករាជ្យរបស់តៃវ៉ាន់ជាច្រើនលើក ដែលបញ្ហានេះ បានបង្កឱ្យចិនខឹងសម្បាយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ទន្ទឹមនេះ អនុប្រធានាធិបតីតៃវ៉ាន់រូបនេះ ក៏បានអំពាវនាវឱ្យប្រជាជនតៃវ៉ាន់រួមគ្នា ដើម្បីប្រឈមនឹងការពង្រីកអំណាចផ្តាច់ការរបស់រដ្ឋាភិបាលក្រុងប៉េកាំងផង។ ត្រង់ចំណុចនេះ លោក Lai យល់ថា វាមានតែការរួបរួមគ្នា និងពង្រឹងសមត្ថភាពការពារប៉ុណ្ណោះ ទើបអាចការពារសន្តិសុខតៃវ៉ាន់បាន។ 
 
កន្លងមក ចិនតែងលើកឡើងពីការបង្រួមបង្រួមដែនដីទាំងពីរប្រកបដោយសន្តិភាព ខណៈប្រធានាធិបតីចិន លោកស៊ី ជិនភីង បានចាត់ទុកការបង្រួបបង្រួមប្រទេស ដែលបែកបាក់ចាប់តាំងពីឆ្នាំ១៩៤៩ មក ជាបេសកកម្មប្រវត្តិសាស្រ្ត។ ជាញយៗ ចិនក៏ព្រមានប្រើកម្លាំងយោធាដែរ ប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យបំបែកចេញពីខ្លួន៕ 
 

Tag:
 (ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com