ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សាកលវិទ្យាធិការរង ហួន ថាវរៈ៖ ការ​អភិវឌ្ឍធនធានមនុស្ស​លើ​វិស័យ​កសិកម្ម ជារឿងសំខាន់!
19, Jan 2023 , 8:59 pm        
រូបភាព
ភ្នំពេញ៖ កសិកម្ម ជាវិស័យចំបងមួយ ដែលជួយដល់កំណើនសេដ្ឋកិច្ចជាតិ។ ដើម្បីឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន គឺចាំបាច់អភិវឌ្ឍន៍​ធនធានមនុស្សឱ្យមាន​សមត្ថភាព និង​បច្ចេកទេសច្បាស់លាស់​។ លោក ហួន ថាវរៈ សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម លើក​ឡើងថា៖ «សម្រាប់ខ្ញុំគិតថា ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យកសិកម្ម ពិតជាមានសារសំខាន់ណាស់។ ព្រោះអីមិនថានៅប្រទេសយើងទេ គឺគ្រប់ប្រទេសទាំងអស់ ប្រជាជនត្រូវការការហូបចុកទាំងចំណីអាហារផ្សេងៗ ដូចជាបន្លែ ផ្លែឈើ និងត្រីសាច់ សុទ្ធតែពាក់ព័ន្ធនឹងកសិកម្ម»។



សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​​រវាង​អ្នក​ស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកា​នៃ​សារ​ព័ត៌មាន​ Thmey Thmey 25 ជាមួយ​សាស្រ្តាចារ្យ​បណ្ឌិត ហួន ថាវរៈ សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្មដូចតទៅ៖

 

សាកលវិទ្យាល័យភូមិន្ទកសិកម្ម ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៤។ គិតមកដល់បច្ចុប្បន្ន គ្រឹះស្ថានអប់រំមួយនេះ មានវ័យជិត៦០ឆ្នាំហើយ។ មានផ្ទៃ​ដី​២៤ហិកតា ស្ថិតក្នុង​សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម មានមហាវិទ្យាល័យចំនួន៩ រួម​មាន​ មហា​វិទ្យាល័យ​វិទ្យាសាស្រ្ត​ព្រៃឈើ, វិទ្យាសាស្រ្ត​ជលផល, វិទ្យាសាស្រ្តកសិកម្ម, វិទ្យាសាស្រ្តសត្វ, វេជ្ជសាស្រ្តសត្វ, វិស្វកម្ម​កសិកម្ម, សេដ្ឋកិច្ចកសិកម្ម និង​អភិវឌ្ឍន៍ជនបទ, កសិឧស្សាហកម្ម និង​រៀបចំដែនដី និង​រដ្ឋបាល​ដីធ្លី។
 
ក្នុង​បទ​សម្ភាស​ជាមួ​យ​សារព័ត៌មាន​ Thmey Thmey 25 លោក ហួន ថាវរៈ សាកល​វិទ្យាធិការរង​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម មាន​ប្រសាសន៍ថា ក្នុង​ចំណោម​មហាវិទ្យាល័យទាំង៩ គឺមានតែ​​ជំនាញ​វិទ្យាសាស្រ្ត​កសិកម្មទេ ដែល​មាន​និស្សិតសិក្សា​ច្រើនជាង​គេ។ ជំនាញ​វិទ្យាសាស្រ្តកសិកម្មនេះ ​ពាក់​ព័ន្ធ​នឹង​ការ​ដាំដុះ​​ដំណាំ​ទាំង​បន្លែ និង​ផ្លែ​ឈើ​ហូប​ផ្លែ​។
  
លោក ហួន ថាវរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
 
ជំនាញនីមួយៗ​ដែល​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម​ បាន​បណ្ដុះ​បណ្ដាល​សុទ្ធតែមាន​សារសំខាន់សម្រាប់សិស្ស​និស្សិត ដោយ​ពួកគេ​​អាច​ជ្រើសរើស​ជំនាញ​ណាមួយ​ដែល​ខ្លួន​ស្រឡាញ់ ដើម្បី​បង្កើតជាមុខរបរ ឬការងារ​ទៅថ្ងៃ​អនាគត។ ចាប់តាំងពីឆ្នាំ​១៩៦៤មក គ្រឹះស្ថានអប់រំដ៏​មាន​វ័យ​ចំណាស់មួយនេះ បាន​បណ្ដុះ​បណ្ដាល​និស្សិត​ជាច្រើន​ម៉ឺននាក់ឱ្យ​មាន​ចំណេះដឹង​លើ​ជំនាញ​កសិកម្ម។ 
 
ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​លើ​វិស័យ​កសិកម្ម ជា​រឿង​សំខាន់ ដែល​រដ្ឋាភិបាលតែង​យក​ចិត្ត​ទុកដាក់។ «​​សម្រាប់​ខ្ញុំ​គិត​ថា​ ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​កសិកម្ម ពិតជា​មាន​សារសំខាន់ណាស់។ ព្រោះអី​មិន​ថា​នៅ​ប្រទេស​យើង​ទេ គឺ​គ្រប់​​ប្រទេស​ទាំង​អស់​ ប្រជាជន​ត្រូវ​កា​រការ​ហូប​ចុក​ទាំង​ចំណី​អាហារ​ផ្សេងៗ​ ដូចជា​បន្លែ​ ផ្លែ​ឈើ និង​ត្រីសាច់ សុទ្ធតែ​ពាក់ព័ន្ធ​នឹង​កសិកម្ម​»។ នេះជា​ការ​​លើក​ឡើង​របស់​លោក ហួន ថាវរៈ ដោយ​បន្តថា ការ​បណ្ដុះ​បណ្ដាលធន​ធាន​មនុស្សនេះ ដើម្បី​ធ្វើ​ឱ្យ​ការ​ដាំដុះ​ និង​ចិញ្ចឹម​សត្វ​ប្រកប​ដោយ​​​សុខភាពល្អ រួមទាំងការកែច្នៃអាហារមានគុណភាព ដែល​ជួយដល់​​សុខភាពអ្នកបរិភោគ និង​ជួយ​លើកស្ទួយ​សេដ្ឋកិច្ចជាដើម​។ 
  

សកម្មភាពនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅក្នុងថ្នាក់រៀន
 
វិស័យ​កសិកម្ម មាន​ការ​វិវត្ត​ទៅតាម​សម័យកាល​ និង​ការ​អភិវឌ្ឍ​របស់​ប្រទេសជាតិ។ តួយ៉ាង​កសិករ មិន​ប្រាកដ​ថា​នៅ​តែ​លើ​ទីវាល ឬ​ក្រោម​កម្ដៅថ្ងៃ​រហូតនោះទេ ជាក់ស្ដែង​កសិករ​ទំនើប អាច​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់បញ្ជា​បាន។ សាកល​វិទ្យាធិការរងរូបនេះ បញ្ជាក់ដូច្នេះ​៖ «​ពី​មុន​យើងគិតថា​ឱ្យ​តែ​រៀន​​កសិកម្ម​​ យើង​ដឹង​ថា​ធ្វើ​ការ​​នៅ​ទី​វាល​ ធ្វើ​ការ​ហាល​ក្ដៅ​ ប៉ុន្តែឥឡូវ​ដោយសារ​យើង​ប្រើ​បច្ចេក​វិទ្យា​ទំនើប​ៗច្រើន​​។ យើង​អាច​ធ្វើ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍ ឬ​ក៏​បញ្ជាដោយ​បច្ចេកវិទ្យាដ្រូន ដើម្បី​ជួយ​ដល់​វិស័យ​កសិកម្ម»។ 
 
បើតាម​លោក ហួន ថាវរៈ និស្សិតដែលសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ភាគច្រើនជានិស្សិត​មកពីតាមបណ្ដាខេត្តនានា។ ជាមួយ​គ្នានេះ ក្រៅ​ពី​ទទួល​ចំណេះដឹង​ក្នុង​ថ្នាក់ និស្សិត​នៅទីនេះ ក៏​មាន​ឱកាស​ចុះ​អនុវត្តផ្ទាល់ផងដែរ។ លើសពីនេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies Agriculture Capacity Building ចាប់ពីឆ្នាំ២០០៨មក និស្សិតកសិកម្មកម្ពុជា មានឱកាសទៅហាត់ការនៅប្រទេសអ៊ីស្រាអែល រយៈពេល១១ខែ។ មកដល់បច្ចុប្បន្ននេះ និស្សិតកសិកម្មជាង ១៧០០នាក់ ហើយ ដែលបានទៅហាត់ការនៅទីនោះ។
 
សូម​បញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាគ្រឹះស្ថាន​អប់រំ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ ក្នុង​មួយឆ្នាំៗ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ទទួលបាននិស្សិតចូលរៀនទាំងបង់ថ្លៃ និងអាហារូបករណ៍ជាង ១ពាន់នាក់។ ក្រោយពី​បញ្ចប់ការសិក្សា និស្សិតកសិកម្ម អាចបង្កើតកសិដ្ឋានដោយខ្លួនឯង ឬអាចចូលបម្រើការនៅតាមក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនជាដើម៕ 
 

សកម្មភាពនិស្សិតកំពុងពិសោធន៍


លោក ហួន ថាវរៈ និងសាស្រ្តាចារ្យកសិកម្មជនជាតិកូរ៉េ។


ទិដ្ឋភាពសាកលវិទ្យាល័យភូមិន្ទកសិកម្ម ថតពីលើអាកាស
 

ទិដ្ឋភាពសាកលវិទ្យាល័យភូមិន្ទកសិកម្ម ថតពីលើអាកាស
 





 
 
 

Tag:
 កសិកម្ម
  ធនធាន​មនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com