កីឡាជាតិ
ជាតិ
វីដេអូ
ស៊ីហ្គេម២០២៣
តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ៖ ខ្ញុំមានបទចម្រៀងលើកទឹកចិត្តអត្តពលិកកម្ពុជា ដែលជាម្ចាស់ផ្ទះស៊ីហ្គេម
19, Jan 2023 , 9:59 pm        
រូបភាព
លោក ម៉ម ពេជ្ជរិទ្ធ ផ្ដល់បទសម្ភាស មកកាន់សារប័ត៌មានថ្មីៗ
លោក ម៉ម ពេជ្ជរិទ្ធ ផ្ដល់បទសម្ភាស មកកាន់សារប័ត៌មានថ្មីៗ
លោក ម៉ម ពេជ្ជរិទ្ធ ម្ចាស់បទ «មិនអាចឃាត់ទេ» បញ្ជាក់ថាក្នុងនាមជាប្រជាជនកម្ពុជាមួយរូប លោកសប្បាយចិត្តនឹងយកស្នារដៃចម្រៀងអត្ថន័យទាក់ទងនិងកីឡា ដើម្បីលើកទឹកចិត្ត និងស្មារតីដល់កីឡករ កីឡាការិនីជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។



លោក ម៉ម ពេជ្ជរិទ្ធ បានបញ្ជាក់ថា បទចម្រៀងវិរភាពកីឡា ដែលរូបលោក និងតារាចម្រៀង ៥រូបផ្សេងទៀត បានច្រៀងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ គឺនិពន្ធឡើងដើម្បី លើកទឹកចិត្តកីឡាករ-កីឡាការិនី។
 
ទន្ទឹមគ្នានេះដែរ លោក ម៉ម ពេជ្ជរិទ្ធ ក៏បានបង្ហាញពីអារម្មណ៍សប្បាយចិត្តដោយបានសម្ដែងក្នុងការបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានអ្នកចូលរួមប្រមាណជាង ៦០០០០នាក់។  ជាមួយនិងភាពសប្បាយរីករាយ និងមោទកភាព ដែលបានចូលរួមចំណែកក្នុងវិស័យកីឡាផង លោក ពេជ្ជរិទ្ធ ក៏បញ្ជាក់ផងដែរថា ខ្លួន មានការភ័យខ្លាចបន្ដិចបន្ដួចដែរ ចំពោះការច្រៀង ដែលមានអ្នកគាំទ្រច្រើនបែបនេះ។
 

«ក្នុងការសម្ដែងបទចម្រៀងវិរភាពកីឡា ខ្ញុំបាទភ័យ ប៉ុន្ដែកក់ក្ដៅបន្ដិចដែរ ពេលមានបងដួង វិរសិទ្ធ នៅជិតនេះ។ យើង បានបំពេញក្ដីស្រម៉ៃមួយរួមគ្នា ក្នុងបុព្វហេតុនៃកីឡាជាតិ។»។ តារាចម្រៀងវ័យ២៧ឆ្នាំ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
 
ស្របតាមពាក្យស្លោករបស់គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) «ប្រជាជនម្នាក់ គឺជាម្ចាស់ផ្ទះម្នាក់» លោក ម៉ម ពេជ្ជរិទ្ធ នឹងចូលរួមគាំទ្រ ជាពិសេសប្រើស្នារដៃនិពន្ធ និងច្រៀងចម្រៀង ដែលបង្ហាញអត្ថន័យរៀបរាប់ពីគុណតម្លៃរបស់កីឡា និងការតស៊ូរបស់អត្ដពលិកជម្រើសជាតិ ដើម្បីគាំទ្រ លើកទឹកចិត្តអ្នកទាំងអស់នោះ។ 
  
លោក ម៉ម ពេជ្ជរិទ្ធ និងលោក ដួង វិរសិទ្ធ ច្រៀងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ រូបពី Two Media

តារាចម្រៀងកម្ពុជារូបនេះ បាននិយាយទាំងញញឹមដូច្នេះថា៖«ខ្ញុំ នឹងចូលរួមជាលក្ខណតន្ដ្រី។ នៅក្នុងឆ្នាំនេះ តន្ដ្រី ដែលខ្ញុំចូលរួមជាមួយកីឡា ត្រៀមផលិតជាមួយ បងរៀម សុខភារម្យ មានចំនួន ២ទៅ៣ បទដែរ។ ខ្ញុំ យល់ថាចម្រៀងទាំងនេះ អាចជំរុញទឹកចិត្តប្រជាជនយើង ក្នុងការត្រៀមទទួលស្វាគមន៍ស៊ីហ្គេម។»។
 
លោក ម៉ម ពេជ្ជរិទ្ធ ជឿថានេះ គឺជាពេលវេលាដ៏ល្អសម្រាប់កម្ពុជា បង្ហាញនូវអ្វីដែលជារបស់ជាតិ ដូចអរិយធម៌ វប្បធម៌ និងអត្ដសញ្ញាណជាតិផ្សេងៗទៀត ទៅអន្ដរជាតិ។ «នេះ គឺជាពេលវេលារបស់កម្ពុជាយើង ដែលបង្ហាញទៅអន្ដរជាតិ ប្រទេសទាំងអស់ ដែលចូលរួមស៊ីហ្គេម។ កម្ពុជា ជាម្ចាស់ផ្ទះ នឹងបង្ហាញនូវពណ៌សម្បុរនៃជាតិសាសន៍យើង អត្ដចរិតរបស់យើង កីឡារបស់យើង ដែលរុងរឿង តាំងបុរាណមក ដែលគ្រប់សិល្បៈ ប្រពៃណី វប្បធម៌។ យើងបង្ហាញឲ្យគេ ឃើញទាំងអស់មិនមែនត្រឹមតែកីឡាតែម្យ៉ាងទេ។ នេះ គឺជាពេលវេលាដ៏វិសេសបំផុត។»។ ពេជ្ជរិទ្ធ បន្ថែមដូច្នេះ។
តារាចម្រៀងដ៏មានប្រជាប្រិយភាព វ័យ២៧ឆ្នាំនេះ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា បន្ដគាំទ្រវិស័យកីឡា និងសិល្បៈកម្ពុជា ជាពិសេសទៀតនោះ គឺការចូលរួមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ហើយបំពេញនូវអ្វី ដែលអាចធ្វើទៅបានក្នុងនាមជាម្ចាស់ផ្ទះ។ មួយវិញទៀត បើទោះជាព្រឹត្តិការណ៍នេះ ជាការប្រកួតកីឡាមែន ប៉ុន្ដែបានបង្កប់អត្ថន័យជាច្រើន ក្នុងនោះមានដូចជាពង្រឹងចំណងមិត្តភាពជាមួយអន្ដរជាតិ ផ្សព្វផ្សាយទេសចរណ៍ និងបង្ហាញនូវអ្វីជាអត្ដសញ្ញាណជាតិរបស់កម្ពុជា៕
 

Tag:
 ម៉ម ពេជ្ជរិទ្ធ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com