ជាតិ
អត្ថបទពាណិជ្ជកម្ម
អ្នកឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​បន្ត​បោះទុនវិនិយោគឡើងទីផ្សារភាគហ៊ុន ​ក្នុង​ឱកាស​ខួប​គ​ម្រប់​១​៨​ឆ្នាំ ​របស់ក្រុមហ៊ុន MJQE និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ
20, Jan 2023 , 8:19 am        
រូបភាព
បើ​គិត​ត្រឹម​ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០០៥​ រហូត​មកទល់​នឹង​ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២៣​ ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន ​(MJQE)​និង​ មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ (Aii)​ មាន​អាយុកាល១៨ឆ្នាំ ដែលបង្កើត​ឡើងដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
 
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ផ្តោតសំខាន់ទៅលើវិស័យ​អប់រំ សុខភាព ​សហគមន៍ និងសង្គម ព្រមទាំង​បាន​ពង្រីក​សក្ដានុពល​របស់​ខ្លួន​យ៉ាង​ធំ​ទូលំទូលាយ​នៅកម្ពុជា​។ សមិទ្ធផលទាំងនេះអាចសម្រេចបានដោ​យមានការគាំទ្រ និងជឿទុកចិត្តរបស់អ្នកអាណាព្យាបាល និងសិស្សានុសិស្សដែលតែងតែគាំទ្រក្នុងរ​យៈពេល១៨ឆ្នាំកន្លងមកនេះ។


 
បើតាម អ្នកឧកញ៉ា គួច ម៉េងលី ក្នុងរយៈពេល១៨ឆ្នាំមកនេះ គ្រឹះស្ថានសិក្សាភាសាបរទេសឈានមុខគេ គឺមជ្ឈមណ្ឌលភាសា អេ អាយ អាយ មានបណ្តុះបណ្តាលភាសាអង់គ្លេស ចិន ថៃ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ​ បណ្តុះបណ្តាលចំណេះទូទៅពីថ្នាក់ក្រោមមត្តេយ្យ រហូតថ្នាក់ទី១២ កម្មវិធីសិក្សា
 i-le​a​r​n​ ​ដែលបង្រៀនតាមអនឡាញ, SOGO ដែលជាកម្មវិធីរៀបចំសិស្សទៅរៀននៅក្រៅប្រទេស ដែលផ្តោ​ត​ទៅ​លើ​សហរដ្ឋអាមេរិក កាណាដា ជប៉ុន អឺរ៉ុប ជាដើម។ 
 
លោក បញ្ជាក់ថា ក្នុងឱកាសខួបគម្រប់១៨ឆ្នាំ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និង​ម​ជ្ឈ​ម​ណ្ឌ​ល​ភា​សា​ អេ អាយ អាយ យើងបន្តបោះទុនវិនិយោគដ៏ធំមួយទៀត គឺការប្រកាសលក់ភាគហ៊ុនក្រុមហ៊ុននៅលើទីផ្សារមូលបត្រកម្ពុជា ឯកជនដំបូងគេបង្អស់ក្នុងពេលឆាប់​ៗ​នេះ​ ​ដើម្បីជំរុញការវិនិយោគបន្ថែមទៀតទៅលើវិស័យអប់រំនៅកម្ពុជា។ លោកបន្តថា  នេះជាឱកាសសម្រាប់ប្រជាពលរដ្ឋ និ​ងដៃ​គូ​វិនិយោគ ក្នុងការចូលរួមទិញភាគហ៊ុន ដើម្បីទទួលបានប្រាក់ចំណេញជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
 
អ្នកជំនាញខាងវិស័យអប់រំចាស់វស្សារូបនេះ បានប្រាប់MJQTVថា៖ «ក្នុងឆ្នាំ២០២៣នេះ យើងជាវិស័យអប់រំដំបូងគេបង្អស់ ដែលឡើងទីផ្សារភាគហ៊ុន ហើយនឹងបង្ហាញប្រជាពលរដ្ឋទាំងអសស់ឱ្យមើលថា តើក្រុមហ៊ុនឯកជនដែលចាប់ពីតូចស្ទើតែបាតដៃទទេរ រហូតដល់រីកចម្រើន ២០ ៣០អគារ ដែលសព្វថ្ងៃនេះអាចបោះជំហានឈានទៅដល់ទីផ្សារមូលបត្រកម្ពុជានៅចុងខែមីនា ឬដើមខែមេសា ឆ្នាំ២០២៣ ឆាប់ខាងមុខនេះ។»
 


ក្នុងឱកាសខួប១៨ឆ្នាំនេះផងដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍យ៉ាងដូច្នេះ៖ «ក្រុមហ៊ុន MJQE អស់រយៈពេល១៨ឆ្នាំមកនេះយើងមានភាពជោគជ័យច្រើន ដោយយើងបានចូលរួមចំណែកក្នុងប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យអប់រំ បង្កបង្កើតវិស័យអប់រំមួយដ៏ល្បីល្បាញ ដែលអនុញ្ញាតឱ្យកូនខ្មែរ បានរៀននៅសាលាដែលមា​ន​គុណ​ភា​ព សាលាដែលមានវិន័យ សាលាដែលមានសេវាកម្មអស្ចារ្យដែលលោកឪពុកអ្នកម្តាយទទួលស្គាល់ ទទួលបានការសិក្សារបស់កូនៗ មានលទ្ធផលល្អ ហើយរហូតមកទល់នឹងពេលនេះ គឺសិស្ស៥០,០០០ នាក់បានបញ្ចប់ការសិក្សា ខណៈបច្ចុប្បន្នមានសិស្ស២០,០០០ នាក់កំពុងតែរៀន ហើយយើងឃើ​ញថា​ក្នុ​ង​រយៈពេល១៨ឆ្នាំនេះ យើងបង្កើតធនធានមនុស្សច្រើន ពោរពេញដោយសក្តានុពល ធនធាន ដែលអាចនិយាយថា មានចំណេះដឹងជៅ្រជ្រះ ក្លាហាន នឹងអាចក្លាយទៅជាអ្នកដឹកនាំទៅថ្ងៃអនាគត។»
 
គួរបញ្ជាក់ដែរថា បច្ចុប្បន្នមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាបុត្រសម្ពន្ធដ៏រឹងមាំ​របស់ក្រុមហ៊ុន​ ម៉េ​ងលី​  ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន (MJQE) កំពុងរីកចម្រើន និងល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងដើរតួនាទីយ៉ា​ង​សំខាន់បំផុតក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ដែលផ្ដោតសំ​ខា​ន់​ទៅ​លើគុ​ណភា​ព​ វិន័យ និងសេវាកម្ម។​ លើសពីនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ពោរពេញទៅដោយបុគ្គលិកសិក្សាជំនាញៗ គ្រូបង្រៀនទាំងជនជាតិខ្មែរ និងបរទេស ពោរពេញទៅដោយប​ទពិ​សោ​ធ គរុកោសល្យ សុជីវធម៌ វិជ្ជាជីវៈ និងជំនាញបង្រៀនច្បាស់លាស់ ស្របទៅតាមស្តង់ដាជា​តិ​ និ​ង​អន្តរជាតិ នៅក្នុងស​​តវត្សទី២១។


 
ចា​ប់តាំងពីថ្ងៃបង្កើត រហូតមកទល់សព្វថ្ងៃនេះ កំណើនសិស្សានុសិស្សសិក្សា នៅមជ្ឈមណ្ឌលភាសា អេ អា​យ​ អាយ បានកើនរហូតដល់​ជិត១ម៉ឺននាក់ នៅដើមឆ្នាំ២០២៣។ សិ​ស្សានុសិស្សសិ​ក្សានៅម​ជ្ឈ​ម​ណ្ឌ​លភា​សា​ អេ អាយ អាយ មិនត្រឹមទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធថ្មីប៉ុណ្ណោះទេ ថែមទាំ​ង​ទទួលបានបំណិនជីវិត ការអប់រំតាមរយៈសកម្មភាពសប្បាយៗ​នៅក្នុងថ្នាក់ និងកម្មវិធីសិក្សាផ្សេងៗជាច្រើន ប្រកបទៅដោយគុណភាព ប្រសិទ្ធភាព ព្រមទាំងឈានមុខគេនៅកម្ពុជា​។ ជាពិសេស ​ម​ជ្ឈ​មណ្ឌលភាសា អេ អាយ​ អាយ យកចិត្តទុកដាក់ទៅលើការបង្រៀនដោយផ្សារភ្ជាប់ជាមួយនឹង​ការអ​នុ​វត្តជាក់ស្ដែង ព្រមទាំងការប្រកួតប្រជែងចំណេះដឹង​តាមរយៈកម្មវិធីដូ​ច​ជា​សកម្មភាព​​ប្រកួតប្រកបពា​ក្យ​ភា​សាអង់គ្លេស ម៉េងលី ជេ.គួច ​ការប្រកួតបញ្ចេញសំឡេង ម៉េងលី ជេ.គួច ការប្រកួតល្បឿនសរសេរពាក្យ ម៉េ​ងលី ជេ. គួច ការប្រកួតតស៊ូមតិ និងនិយាយជាសាធារណៈ ម៉េ​ងលី ជេ. គួច ការប្រកួតកីឡា ព្រមទាំ​ង​មាន​ដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេសជាច្រើនទៀត។
 
ឆ្លៀតក្នុងឱកាសដ៏វិសេសនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ព្រមទាំង គណៈគ្រប់គ្រងនៃម​ជ្ឈ​មណ្ឌ​ល​ភាសា អេ អាយ អាយ ទាំងអស់ បានថ្លែងអរគុណដល់អ្នកអាណាព្យាបាលសិស្ស សិស្សា​នុ​សិ​ស្ស​គ្រ​ប់សាខា និងមហាជនគ្រប់ទិសទី ដែលជឿទុកចិត្ត និងគាំទ្រ ដល់គ្រឹះ​ស្ថា​ន​សិក្សាមួយនេះដើ​ម្បីចូ​ល
​រួ​មបណ្ដុះបណ្ដាលនូវធនធានមនុស្សនៅកម្ពុជា។
 
គួររម្លឹកជូនថា មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ ​នឹងបន្តពង្រីកសក្ដានុពលរបស់ខ្លួននៅទូទាំងខណ្ឌក្នុងរាជធានីភ្នំពេញ និង២៥ខេត្តក្រុង​ទូទាំងប្រទេសកម្ពុជា។ នេះបើតាមអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន៕​
  


អត្ថបទពាណិជ្ជកម្ម
 
 

Tag:
 AIS
© រក្សាសិទ្ធិដោយ thmeythmey.com