អន្តរជាតិ
លោកហ្សេលេនស្គី៖ ករណីធ្លាក់ឧទ្ធម្ភាគចក្ររបស់រដ្ឋមន្រ្តីមហាផ្ទៃ ជាលទ្ធផលនៃសង្រ្គាម
19, Jan 2023 , 5:39 pm        
រូបភាព
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព AFP
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព AFP
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី១៨ ខែមករា បានលើកឡើងថា ករណីធ្លាក់ឧទ្ធម្ភាគចក្រនៅជាយក្រុងកៀវ ដែលបានធ្វើឱ្យរដ្ឋមន្រ្តីមហាផ្ទៃអ៊ុយក្រែនស្លាប់បាត់បង់ជីវិត ជាលទ្ធផលនៃសង្រ្គាម។ អ៊ុយក្រែន បានបើកការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ។



 
រដ្ឋមន្រ្តីមហាផ្ទៃអ៊ុយក្រែន Denys Monastyrsky និងមនុស្សជាង១០នាក់ផ្សេងទៀត ដោយក្នុងនោះមានអនុរដ្ឋមន្រ្តី និងលេខាធិការរបស់លោកផង បានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅជាយក្រុងកៀវភាគខាងកើត ក្នុងថ្ងៃទី១៨ ខែមករា។ ក្រោយហេតុការណ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបន្ទោសថា ដោយសារតែលទ្ធផលនៃសង្រ្គាម ដែលបង្កដោយរុស្ស៊ី។​
 
«គ្រប់ការស្លាប់ទាំងអស់ ជាលទ្ធផលនៃសង្រ្គាម។ វាគ្មានគ្រោះថ្នាក់ក្នុងអំឡុងពេលសង្រ្គាមឡើយ ហើយទាំងនេះ ជាលទ្ធផលនៃសង្រ្គាម»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងការថ្លែងតាមប្រព័ន្ធវីដេអូ ដែលត្រូវបានចាក់ផ្សាយក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅថ្ងៃទី១៨ ខែមករា។ 
 
ក្នុងវីដេអូដដែលនោះ ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវជាថ្មីឱ្យមានការពង្លឿនការសម្រេចចិត្តជុំវិញការបញ្ជូនអាវុធ និងការប្រតិបត្តិកម្មពីសហគមន៍អន្តរជាតិចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនផង។​
 
ទន្ទឹមនេះ លោក ហ្សេលេនស្គី ថែមទាំងបានលើកឡើងផងដែរថា រុស្ស៊ី ត្រូវការប្រើពេលវេលាត្រឹមមួយថ្ងៃប៉ុណ្ណោះ ដើម្បីចាប់ផ្តើមសង្រ្គាម ខណៈពិភពលោក ត្រូវការរយៈពេលជាច្រើនថ្ងៃ ដើម្បីដាក់ទណ្ឌកម្ម។ បើតាមប្រធានាធិបតី អ៊ុយក្រែនត្រូវការជំនួយយោធា​ និងការគាំទ្រហិរញ្ញវត្ថុ ដើម្បីវាយប្រហារតប។
 
មួយថ្ងៃបន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្រ អាជ្ញាធរអ៊ុយក្រែន បានបើកការស៊ើបអង្កេតស្ថានភាពជុំវិញឧបទ្ទវហេតុមួយនេះ៕
 
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com