ជាតិ
យុវជនសកម្ម សេវាល្អ
នាយកបឋមសិក្សាកំពង់កែស ដាក់វិធានការទប់ស្កាត់បារីអេឡិចត្រូនិកចូលក្នុងសាលា
20, Jan 2023 , 2:29 pm        
រូបភាព
ដោយ៖ ម៉ើត អៃនី (យុវជនឃុំត្រពាំងសង្កែ) 

​កំពត៖ លោក ម៉ាត់ រ៉លី នាយកសាលាបឋមសិក្សាកំពង់កែស ព្រួយបារម្ភចំពោះការហូរចូលបារីអេឡិចត្រូនិកចូលក្នុងសាលា។ ដើម្បីទប់ស្កាត់បញ្ហានេះ លោកនាយកសាលា បានដាក់វិធានយ៉ាងតឹងរ៉ឹងដល់សិស្ស។



លោកនាយក ម៉ាត់ រ៉លី បានលើកឡើងថា សព្វថ្ងៃសាលាកំពង់កែស គ្មានសិស្សប្រើប្រាស់បារីអេឡិចត្រូនិកឡើយ ព្រោះពួកគេនៅកម្រិតបឋមសិក្សា។ តែយ៉ាងណានាយកសាលារូបនេះ នៅតែ មានវិធានការទប់ស្កាត់ជាប្រចាំ កុំឱ្យបញ្ហានេះកើតមានក្នុងសាលា។  
 
បើតាម លោកម៉ាត់ រ៉លី សាលាបានដាក់ផែនការទប់ស្កាត់ការប្រើប្រាស់បារីរបស់សិស្ស ដោយប្រជុំពិភាក្សាជាមួយនឹងលោកគ្រូអ្នកគ្រូឱ្យតាមដានឃ្លាំមើលសិស្ស។ លើសពីនេះ ពេលម៉ោងសម្រាក ខាងសាលាមិនអនុញ្ញាតឱ្យសិស្សចេញក្រៅបរិវេណសាលាឡើយ។  
 
«ដើម្បីជៀសវាង ពីការប្រព្រឹត្ត អ្វីមិនល្អ ជាពិសេសការប្រើប្រាស់បារីអេឡិចត្រូនិកជាដើម ខ្ញុំបាន ប្រជុំប្រចាំខែ ដោយលោកគ្រូអ្នកគ្រូតាមដានសិស្សណាដែលមានភាពមិនប្រក្រតីក្នុងថ្នាក់ និងលោកគ្រូអ្នកគ្រូ ត្រូវដាក់កិច្ចការផ្ទះលំហាត់ឱ្យសិស្សធ្វើជាប្រចាំ ដើម្បីកុំឱ្យសិស្សមានពេលទំនេរច្រើនពេក»។ នេះជាការអះអាង របស់ លោកម៉ាត់ រ៉លី។ 
លោក ម៉ាត់ រ៉លី បានបន្ថែមថា ក្រៅពីអប់រំដល់សិស្ស លោកក៏បានជួបប្រជុំជាមួយនឹងអាណាព្យាបាល និងក្នុងករណីមានសិស្សមិនប្រក្រតី ខាងសាលានឹងផ្ដល់ដំណឹងដល់អាណាព្យាបាលភ្លាម។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 បារីអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com