អន្តរជាតិ
អាម៉េរិក និងហ្វីលីពីន កំពុងចរចារៀបចំជំនួបរដ្ឋមន្រ្តីការបរទេស និងការពារជាតិឡើងវិញ លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន ជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅអាម៉េរិក ក្នុងឆ្នាំ២០២២។ រូបភាព AFP
× ហ្វីលីពីន និងអាម៉េរិក កំពុងចរចាលើការរៀបចំជំនួបពីរបូកពីររវាងរដ្ឋមន្រ្តីការបរទេស និងការពារជាតិនៅដើមខែមីនាខាងមុខ។ នេះបើតាមការបញ្ជាក់របស់អគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅអាម៉េរិក លោក Jose Manuel Romualdez ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Nikkei Asia ដែលចុះផ្សាយនៅថ្ងៃទី២០ ខែមករា។
មុនការឡើងកាន់អំណាចរបស់លោក រ៉ូឌ្រីហ្គូ ឌូទើតេ ជាប្រធានាធិបតីនៅក្នុងឆ្នាំ២០១៦ ហ្វីលីពីន និងអាម៉េរិក បានរៀបចំជំនួបរដ្ឋមន្រ្តីការបរទេស និងការពារជាតិ ២បូក២ ដើម្បីជជែកពីបញ្ហាប្រឈមផ្សេងៗ។ ប៉ុន្តែកិច្ចពិភាក្សាបែបនេះ ត្រូវលុបចោលក្នុងអាណត្តិរបស់លោកឌូទើតេ។ យ៉ាងណាមិញ ក្រោយការឡើងកាន់អំណាចរបស់លោក Ferdinand Marcos Jr ទំនាក់ទំនងអាម៉េរិក និងហ្វីលីពីន ហាក់ល្អប្រសើរឡើងវិញ។
ដោយទំនាក់ទំនងទ្វេភាគី មានការកែលម្អ អាម៉េរិក និងហ្វីលីពីន គ្រោងរៀបចំជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេស និងការពារជាតិ ២បូក២ ជាថ្មី។ តាមការបញ្ជាក់របស់អគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅអាម៉េរិក លោក Jose Manuel Romualdez ភាគីទាំងពីរកំពុងស្វះស្វែងរកកិច្ចប្រជុំ២បូក២ នៅក្នុងខែមីនាខាងមុខ។
«ជាងពេលណាទាំងអស់ យើងចង់ធានាថា វាមានប្រសិទ្ធភាពចំពោះសន្ធិសញ្ញាការពារទៅវិញទៅមក»។ លោក Romualdez បានបញ្ជាក់បែបនេះ។
កិច្ចប្រជុំ២បូក២ថ្នាក់រដ្ឋមន្រ្តីការបរទេស និងការពារជាតិ ជាកិច្ចពិភាក្សាដ៏សំខាន់មួយសម្រាប់អាម៉េរិក និងហ្វីលីពីន ដើម្បីពិភាក្សាពីបញ្ហាប្រឈមផ្សេងៗ ដែលកំពុងកើតមានឡើង។ ប្រសិនបើកិច្ចប្រជុំបែបនេះ អាចកើតមាន ភាគីអាម៉េរិក និងហ្វីលីពីន អាចនឹងជជែកពីសកម្មភាពយោធាចិននៅក្នុងសមុទ្រចិនខាងត្បូង ការគាំទ្រផ្នែកយោធា ក៏ដូចជា កិច្ចសហប្រតិបត្តិផ្សេងៗ។
សូមបញ្ជាក់ថា ក្រោយការឡើងកាន់តំណែងរបស់លោក Marcos Jr មេដឹកនាំអាម៉េរិកជាច្រើនរូបបានធ្វើទស្សនកិច្ចនៅហ្វីលីពីន ក្នុងនោះមានទាំងអនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស ផង៕
Tag:
អាម៉េរិក
ហ្វីលីពីន
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com