កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អគ្គលេខាសហព័ន្ធការ៉ាតេ ជំរុញឱ្យក្លិបបញ្ជូនអត្តពលិកទៅប្រកួតក្រៅស្រុកឱ្យបានច្រើន ដើម្បីបង្កើនសមត្ថភាព
20, Jan 2023 , 5:29 pm        
រូបភាព
ពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីអាជ្ញាកណ្តាល-ចៅក្រមកីឡាការ៉ាតេកម្ពុជា ថ្នាក់ជាតិឆ្នាំ២០២២។
ពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីអាជ្ញាកណ្តាល-ចៅក្រមកីឡាការ៉ាតេកម្ពុជា ថ្នាក់ជាតិឆ្នាំ២០២២។
ដោយ:
លោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា ស្នើឱ្យស្នើឱ្យបណ្តាក្លិបនានាបញ្ជូនអត្តពលិការ៉ាតេដែលមានសមត្ថភាព ចេញប្រកួតនៅក្រៅប្រទេសឱ្យបានច្រើន ដើម្បីទទួលបានបទពិសោធថ្មី និងបង្កើនសមត្ថភាពបន្ថែម។



សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបិទបញ្ចប់វគ្គបណ្តុះបណ្តាលមន្រ្តីអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ឆ្នាំ២០២២ ក្រោយសិក្ខាកាមចំនួន ៣០នាក់ពីបណ្តាក្លិប-សមាគម ចំនួន១០ បានចូលសិក្សាលើការអនុវត្តន៍ដោយផ្ទាល់ និងទ្រឹស្តីនៅទីស្នាក់ការគណៈកម្មការកីឡាអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។
 
ជាមួយគ្នានោះដែរ លោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានស្នើសុំឱ្យកីឡាករតាមបណ្តាក្លិប-សមាគម នានា ដែលមានលទ្ធភាព គួរតែបញ្ជូនកីឡាករ-កីឡាការិនីចេញទៅចូលរួមការប្រកួតនៅក្រៅប្រទេសឱ្យបានច្រើន ដើម្បីឱ្យកីឡាករ-កីឡាការិនី កាន់តែមានបទពិសោធន៍ច្រើនក្នុងការប្រកួត និងកាន់តែចេះច្បាប់នៃការប្រកួតការ៉ាតេ ពិភពលោក។
 
ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ លោកអគ្គលេខាធិការរង ក៏បានវាយតម្លៃចំពោះសិក្ខាកាម ដោយមើលឃើញពីការកើនឡើងកម្រិតសមត្ថភាព និងអនុវត្តន៍ផ្ទាល់ប្រកបដោយវិជ្ជាជីវៈច្បាស់លាស់។ ប៉ុន្តែតយ៉ាងណា លោក វណ្ណថារ៉ូ ថាសិក្ខាកាមមួយចំនួនតូច ក៏នៅមានកម្រិតពេលអនុវត្តន៍ផ្ទាល់ផងដែរ។
 
លោក ណុប វណ្ណថារ៉ូ និយាយថា៖«សិក្ខាកាមដែលបានចូលសិក្សា គាត់ងាយយល់ ឆាប់ចេះ ឆាប់ចាំ យ៉ាងច្បាស់លាស់។ ពេលអនុវត្តន៍ជាក់ស្តែងនៅលើកម្រាល  សិក្ខាកាមទាំងអស់មានការវិនិច្ឆ័យបានយ៉ាងសុក្រិត ត្រឹមត្រូវ តាមក្បួនច្បាប់ ដែលបានរៀន។ សិក្ខាកាមមួយចំនួនតូច មិនដែលបានចូលរៀនវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម ហើយមិនធ្លាប់ឡើងអនុវត្តន៍ផ្ទាល់ក្នុងការកាត់ក្តីលើកម្រាល     ពេលឡើងអនុវត្តន៍មិនទាន់បានរលូននៅឡើយ ដោយសារ កាយវិការ របស់អាជ្ញាកណ្តាល-ចៅក្រមមានច្រើន ដែលធ្វើឱ្យគាត់មានការចងចាំមិនទាន់ច្បាស់លាស់»។
 
សហព័ន្ធកីឡាការ៉ាតេមាន អាជ្ញាកណ្តាល-ចៅក្រមការ៉ាតេពិភពលោក ចំនួន១នាក់ អាជ្ញាកណ្តាល-ចៅក្រមការ៉ាតេអាស៊ី ចំនួន៥នាក់ ដែលមានកម្រិត A ៤នាក់ និងកម្រិត B ១នាក់ ដែលកំពុងត្រៀមលក្ខណៈទៅប្រឡងយកអាជ្ញាកណ្តាល-ចៅក្រមការ៉ាតេពិភពលោក នាឆ្នាំ២០២៣ខាងមុខនេះ៕
 
 
 
 

Tag:
 កីឡាការ៉ាតេ
  ណុប វណ្ណថារ៉ូ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com