ជាតិ
«ជិះទូកទស្សនាសត្វស្លាបទឹក» ជាសេវាកម្មទេសចរណ៍ពេញនិយមនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ
× ភ្នំពេញ៖ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាទីជម្រក និងជាកន្លែងដែលពពួកសត្វស្លាបរាប់សិបក្បាល តែងមកស្វែងរកចំណី។ ជាមួយគ្នានេះ ទេសចរក៏អាចទស្សនាសត្វស្លាបទឹកជាច្រើនប្រភេទ តាមរយៈសេវាកម្មជួលទូកទេសចរណ៍ផងដែរ។ ទស្សនីយភាពបែបធម្មជាតិនេះ កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ពីបណ្តាអ្នកស្រឡាញ់ធម្មជាតិ និងចូលចិត្តពពួកសត្វស្លាប។
តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាទីការពារសត្វស្លាបទឹកមួយកន្លែង ស្ថិតក្នុងស្រុកកោះអណ្ដែត និងស្រុកបុរីជលសារ នៃខេត្តតាកែវ។ សត្វក្រៀល ទាព្រៃក្បាលឆ្នូតស រនាលពណ៌ រអាតទន្សាយ និងហ្វូងសត្វស្លាបជាច្រើនប្រភេទទៀត តែងមានវត្តមានកកកុញនៅតាមមែកឈើ ហើរលើវេហាដើម្បីរកខ្ចៅ ខ្យង និងមើមថ្លុងជាអាហារ។ បើតាមលោក ឈឿន សុជាតិ មន្រ្តីឧទ្យានុរក្ស និងជាអ្នកថតរូបសត្វស្លាបនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ សត្វស្លាបភាគច្រើនបង្ហាញខ្លួន និងអាចទៅទស្សនានៅរៀងរាល់ពាក់កណ្តាលខែធ្នូ រហូតដល់ខែកុម្ភៈ។
លោក ឈឿន សុជាតិ ជាមន្រ្តីឧទ្យានុរក្ស នាំទេសចរទៅទស្សនាសត្វស្លាបនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ រូបភាព៖ លោក ឈឿន សុជាតិ។
ភ្ញៀវទេសចរមកជាហូរហែ ភាគច្រើនជាភ្ញៀវជាតិ តែងជួលសេវាកម្មទូកសម្រាប់គយគន់មើលសត្វស្លាប ដោយមានមគ្គុទ្ទេសក៍ ចាំប្រាប់ពីលក្ខណៈរបស់សត្វស្លាបនីមួយៗ។ ចំពោះសេវាកម្មទូកទេសចរណ៍ ត្រូវចំណាយថវិកាចំនួន ១៥ម៉ឺនរៀលក្នុងមួយទូក។
«ឆ្នាំនេះ ទេសចរនៅបឹងព្រែកល្ពៅមានការកើនជាងឆ្នាំមុន។ ដោយសារ ខាងក្រសួង និងសមាគមដែលពាក់ព័ន្ធ រួមទាំងខ្ញុំផ្ទាល់បានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅដល់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវជាតិ» ។ នេះជាសម្តីរបស់លោក ឈឿន សុជាតិ មន្រ្តីឧទ្យានុរក្សនៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។
ទេសចរជិះទូកដើម្បីទស្សនាសត្វស្លាប។ រូបភាព៖ លោក ឈឿន សុជាតិ
មន្រ្តីឧទ្យានុរក្សវ័យ២៧ឆ្នាំរូបនេះ បន្តថា កាលពីឆ្នាំមុនៗគឺមានតែភ្ញៀវបរទេសប៉ុណ្ណោះដែលចាប់អារម្មណ៍ ទស្សនាសត្វស្លាបនេះ។ ជាពិសេស វត្តមានរបស់ភ្ញៀវទេសចរ គឺជាចំណែកមួយនៅក្នុងការអភិរក្ស ព្រោះពួកគាត់អាចជួយផ្សព្វផ្សាយពីការការពារសត្វស្លាប និងធនធានធម្មជាតិផងដែរ។ ទន្ទឹមនឹងនោះ លោក រំពឹងថាទៅថ្ងៃខាងមុខចំនួនទេសចរ នឹងរឹតតែកើនឡើងបន្ថែមទៀត ដើម្បីជាផ្នែកមួយក្នុងការគាំទ្រសេវាកម្មទេសចរណ៍នៅតំបន់នេះ។
គួរបញ្ជាក់ថា បច្ចុប្បន្ននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វក្រៀលប្រមាណ ៥០ក្បាល ព្រមទាំងប្រភេទសត្វស្លាបព្រៃរាប់ម៉ឺនក្បាល និងសត្វស្លាបជាង ៧០ប្រភេទកំពុងរស់នៅ ហើយតំបន់ដីសើមបឹងព្រែកល្ពៅ ខេត្តតាកែវមួយនេះ ជាប្រភពចំណី ជម្រកដ៏មានសុវត្ថិភាព សម្រាប់សត្វស្លាបទឹកពង និងបន្តពូជ៕
Tag:
ThmeyThmey
បឹងព្រែកល្ពៅ
សត្វស្លាបទឹក
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com