អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន រំពឹងទទួលបានអាវុធបន្ថែមពីកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិណាតូ
20, Jan 2023 , 9:29 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៩ ខែមករា បានអះអាងថា រដ្ឋាភិបាលរបស់លោក បានរំពឹងពីកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិរបស់អង្គការណាតូ (NATO) ដែលត្រូវរៀបចំឡើងនៅថ្ងៃទី២០ ខែមករា។ បើតាមលោក ហ្សេលេនស្គី អ៊ុយក្រែនកំពុងរង់ចាំសេចក្តីសម្រេច​ ជុំវិញការផ្តល់ជំនួយរថក្រោះ។

 
ប្រមុខការពារជាតិណាតូ នៅថ្ងៃទី២០ ខែមករា ត្រូវរៀបចំកិច្ចប្រជុំមួយនៅមូលដ្ឋានទ័ពអាកាសអាម៉រិកនៅអាល្លឺម៉ង់ Ramstein ដើម្បីពិភាក្សាពីប្រធានបទសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាជំនួយផ្សេងៗ ជាពិសេសជំនួយរថក្រោះ Leopard 2 ដែលត្រូវបានប្រើប្រាស់ដោយកម្លាំងទ័ពនៅទូទាំងអឺរ៉ុប។ រថក្រោះ Leopard 2 ត្រូវបានផលិតដល់អាល្លឺម៉ង់ ដែលស្ទាក់ស្ទើរក្នុងការផ្តល់ទៅអ៊ុយក្រែន ដោយសារបារម្ភពីសកម្មភាពបង្ករឿងចំពោះរុស្ស៊ី។ 
 
មុនពេលកិច្ចប្រជុំចាប់ផ្តើម លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបានអំពាវនាវឱ្យមានសេចក្តីសម្រេចលើការផ្តល់អាវុធបន្ថែមមកអ៊ុយក្រែន ដើម្បីទប់នឹងការឈ្លានពានរបស់រុស្ស៊ី។ 
 
«ជាការពិត យើងកំពុងរង់ចាំសេចក្តីសម្រេចពីរដ្ឋធានីអឺរ៉ុបមួយ ទាក់ទិននឹងការផ្តល់រថក្រោះ»។ ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះនៅក្នុងវីដេអូមួយចេញថ្ងៃទី១៩ ខែមករា ដោយបន្តថា អ៊ុយក្រែន បានត្រៀមខ្លួនសម្រាប់កិច្ចប្រជុំនៅមូលដ្ឋានទ័ពអាកាស Ramstein ហើយអ៊ុយក្រែនរំពឹងពីសេចក្តីសម្រេចដ៏រឹងមាំ។ ក្នុងវីដេអូដដែលនេះ អ៊ុយក្រែនរំពឹងនឹងទទួលបានជំនួយដ៏ខ្លាំងក្លាពីអាម៉េរិក។ 
 
ស្របគ្នានេះ អាម៉េរិក នៅថ្ងៃទី១៩ ខែមករា បានប្រកាសផ្តល់ជំនួយយោធាទៅអ៊ុយក្រែនរហូតដល់២,៥ពាន់លានដុល្លារ ដោយរួមទាំងរថយន្តពាសដែក និងការគាំទ្រលើប្រព័ន្ធការពារអាកាសអ៊ុយក្រែនផង។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសអាម៉េរិក។ 
 
បន្ថែមពីនេះ ក្នុងជំនួយនេះ អាម៉េរិកក៏មានរួមបញ្ចូលរថយន្តប្រយុទ្ធ Bradley, រថយន្តសម្រាប់ដឹកជញ្ជូនទ័ព Stryker ផង៕ 
 

Tag:
 អ៊ុយក្រែន
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com