កីឡាអន្តរជាតិ
អន្តរជាតិ
លោក Conte ថា Spurs ស្ទើរបទពិសោធន៍ ប៉ុន្តែខ្លួននឹងជួយផ្តល់ពិសោធន៍ដល់ក្រុម 
×![]()
ក្រុម Tottenham Hotspur ប្រកួតចាញ់ម្ចាស់ការពារតំណែងជើងឯក Manchester City ក្នុងលទ្ធផល ៤-២ បើទោះនាំ២គ្រាប់មុនក្តី ក្នុងជំនួប Premier League នៅថ្ងៃទី១៩ ខែមករា។ ក្រោយកូនក្រុមប្រកួតចាញ់លោក Antonio Conte ដែលជាអ្នកចាត់ការទូទៅនិយាយថាកូនក្រុមលោកនៅខ្វះបទពិសោធន៍ក្នុងការប្រកួតទល់ក្រុមធំៗ ប៉ុន្តែអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះថាចង់នៅបន្តដឹកនាំ និងជួយក្លិបមួយនេះទៅមុខទៀត។
ក្រុមម្ចាស់ផ្ទះ Man City បានវាយបកយកឈ្នះលើក្រុមភ្ញៀវ Spurs ដែលបាននាំមុខពួកគេមុនដល់ទៅ ២គ្រាប់ក្នុងជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី១៩។ ជ័យជម្នះនេះបានជួយ Man City កើនឱកាសប្រដេញពិន្ទុជាមួយក្រុមកំពូលតារាង Arsenal ឡើងវិញ។
នាសន្និសីទកាសែតក្រោយតែពីបញ្ចប់ការប្រកួតលោក Antonio Conte បានបង្ហាញក្តីសោកស្តាយដែលកូនក្រុមខកខានបាន ៣ពិន្ទុក្រៅទឹកដីដ៏ពិសេសមួយនេះរហូតភ្លាត់ស្នៀតចាញ់ទៅវិញ។ លោក Conte ថាកូនក្រុមខ្វះបទពិសោធន៍ក្នុងការប្រកួតដើម្បីយកឈ្នះ។
«អ្នកនឹងមិនដែលចាញ់ការប្រកួតបែបនេះនោះទេ ខណៈស្ថិតក្នុងការប្រកួតជាមួយនឹងបទពិសោធន៍ដ៏ច្រើននោះ។ អ្នកមិនអាចទិញបទពិសោធន៍បាននោះទេត្រឹមរយៈពេលខ្លី កីឡាករអាចចាត់ទុកថានេះជាបទពិសោធន៍ ប៉ុន្តែយើងត្រូវការទិញបទពិសោធន៍ថ្មីផ្សេងទៀតជាដំណាក់កាលៗ ពីមួយឆ្នាំទៅមួយឆ្នាំ។ យើងធ្វើឱ្យរបូតគ្រាប់បាល់ច្រើនណាស់ វាមិនមែនជារឿងល្អទេដែលត្រឹម ១វគ្គរបូតបាល់ដល់ទៅ ៤គ្រាប់។ នេះជាលើកដំបូងដែលក្រុមខ្ញុំដឹកនាំរបូតគ្រាប់បាល់ច្រើនយ៉ាងនេះ យើងត្រូវការបង្ហាញ និងពង្រឹងបន្ថែម យើងគួរតែទទួលបានលទ្ធផលល្អជាងនេះ។»។ នេះបើតាមការលើកឡើងរបស់លោក Conte។
កាលពីរដូវកាលមុនលោក Conte បានជួយមាន់ខ្នាយមាស Spurs ដែលបានស្ថិតក្រោមសម្ពាធនៃការដឹកនាំរបស់លោក Nuno Esprito Santo ឱ្យមកឈរនៅតំណែងក្រុមកំពូលទាំង ៤ វិញដែលរហូតក្រុមអាចលេងក្នុងពានរង្វាន់ UEFA Champions League ប៉ុន្តែនៅក្នុងការដឹកនាំរដូវកាលពេញរបស់លោកបែរជាជួបបញ្ហារអាក់រអួលទៅវិញ។ Spurs ចាញ់ការប្រកួត ៦លើកក្នុងចំណោម ១០ប្រកួតចុងក្រោយនៃក្របខណ្ឌ Premier League។
សូមជម្រាបថាការប្រកួតបន្ទាប់របស់ Spurs នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Fulham ដើម្បីបន្តជួបប្រកួតក្នុងជំនួប Premier League បន្តទៀត ហើយដែលអាចក្លាយជាការប្រកួតដ៏តានតឹងសម្រាប់ Spurs ព្រោះថា Fulham ជាក្រុមស្ថិតនៅចំណាត់ថ្នាក់ក្រោមពួកគេហើយមានពិន្ទុពីក្រោមពួកគេត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ។ Spurs ឈរលេខ៥ មាន ៣៣ពិន្ទុ និង Fulham ឈរលេខ៦ មាន ៣១ពិន្ទុ៕
Tag:
Antonio Conte
Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com