ជាតិ
មគ្គុទ្ទេសក៍ កំពុងរង់ចាំទេសចរចិនត្រឡប់មកវិញ
21, Jan 2023 , 12:00 pm        
រូបភាព
ភ្ញៀវទេសចរដើរកម្សាន្តប្រាសាទអង្គរវត្តកំឡុងខែ វិច្ឆិកា ឆ្នាំ២០២២
ភ្ញៀវទេសចរដើរកម្សាន្តប្រាសាទអង្គរវត្តកំឡុងខែ វិច្ឆិកា ឆ្នាំ២០២២
សៀមរាប៖ ជាង៣ឆ្នាំមកហើយ ដែលវត្តមានទេសចរជនជាតិចិន ធ្លាប់ដើរជាក្រុមៗ និងអ៊ូអរតាមប្រាសាទ មិនទាន់វិលត្រឡប់មកវិញ។ ក្រុមមគ្គុទ្ទេសក៍ មានក្ដីរំពឹងថា នៅឆ្នាំ២០២៣នេះ ស្ថានភាពបែបនោះ អាចនឹងវិលត្រឡប់មកវិញ។

 
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា លោក ទៀ គីឡេង មានសុទិដ្ឋនិយមថា ការប្រកាសបើកប្រទេស និងឱ្យប្រជាជនចេញក្រៅប្រទេសវិញរបស់រដ្ឋាភិបាលចិន គឺជាសញ្ញាល្អ សម្រាប់វិស័យទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាប។ ​យ៉ាងណា គិតមកដល់ចុងខែ មករា តួលេខទេសចរចិនមកខេត្តសៀមរាប មិនមានច្រើនទេ។
 
លោក ទៀ គីឡេង លើកឡើងថា៖« កន្លងមកមគ្គុទ្ទេសក៍ទេសចរណ៍យើង ទទួលភ្ញៀវ​​ពី​ទីភ្នាក់ងារទេសចរណ៍​​​ដែលបានរៀបចំឱ្យ តែបច្ចុប្បន្នទីភ្នាក់ងារធំៗមិនទាន់មានបើកនៅឡើយ មួយទៀត មិនទាន់មានជើងហោះហើរត្រង់ពីចិនមកសៀមរាប ដូច្នេះចូលឆ្នាំចិននេះ ពួកយើងមិនសូវមាន[ទេសចរចិន] ទេ មានតិចតួចបំផុត»។
 
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍រូបនេះ ប្រាប់ថា ព័ត៌មានដែលលោកទទួលបានក្រៅផ្លូវការ ទេសចរចិន អាចនឹងមានសកម្មភាពឡើងវិញក្រោយចូលឆ្នាំចិន ឬនៅក្រោយចូលឆ្នាំខ្មែរខាងមុខ។ ទោះមិនមានសង្ឃឹមច្រើន តែលោក ទៀ គីឡេង ជឿថា សន្ទុះនៃការដើររបស់ទេសចរចិន អាចនឹងមាន ឡើងវិញ នៅអំឡុងចូលឆ្នាំខ្មែរខាងមុខ ខណៈដែលខេត្តសៀមរាបប្រកាសរៀបចំព្រឹត្តិការណ៍ធំៗ ដូចជាអង្គរសង្រ្កាន្តជាដើម។
 
ចំណែកលោក កៅ ហ្វីលីព ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាបវិញ ហាក់មានក្ដីរំពឹងខ្ពស់ ថាទេសចរចិនអាចហក់ឡើងខ្លាំង។ ទន្ទឹងនឹងការត្រៀមទទួលទេសចរចិននេះ លោក ហ្វីលីព ក៏ចង់ឱ្យមានការផ្លាស់ប្ដូរបែបបទ មួយចំនួនសម្រាប់ការទទួលទេសចរចិនផងដែរ។
 
លោក ហ្វីលីព៖« ក្រសួងទេសចរបានដាក់គោលការណ៍ និងបានពិភាក្សាលើចំណុចមួយ ដែលខ្ញុំគិតថា ការត្រឡប់របស់ទេសចរចិនមកប្រទេសកម្ពុជាក្រោយកូវីដ គឺជាទេសចរដែលមានគុណភាពជាងមុន ជាទេសចរដែលចំណាយច្រើនជាងមុន ព្រោះកន្លងមកយើងធ្លាប់មានទេសចរ ដែលហៅថា Zero Tour Fee បានន័យថា ជាទេសចរដែលមក ដោយសឹងយើងប្រើពាក្យថា យើងទិញទេសចរចិនមកដើរ​ទស្សនកិច្ច…ប៉ុន្តែកញ្ចប់នេះត្រូវបានក្រសួងទេសចរណ៍ស្នើឱ្យលែងមាន ដែលនេះជាវិធានការដ៏ល្អ សម្រាប់ជួយលើកកម្ពស់គោលដៅទេសចរណ៍នៅខេត្តសៀមរាប»។
 
ក្រៅពីនេះ ប្រធានក្លឹបទេសចរលោក ហ្វីលីព ក៏មិនគាំទ្រចំពោះមតិខ្លះដែលបារម្ភចំពោះការបាត់បង់ ទេសចរអឺរ៉ុប នៅពេលដែលទេសចរចិនសម្រុកហូរមកច្រើនពេក ដូចករណីមុនកូវីដ១៩ ដែលពេលនោះ ទេសចរចិនមកសៀមរាបមានចំនួនពី៤០ទៅ៥០ភាគរយ នៃទេសចរបរទេសសរុប។ លោកលើកឡើង​យ៉ាងដូច្នេះថា៖« ខ្ញុំគិតថា ការនិយាយដូច្នេះ វាជាអារម្មណ៍តែប៉ុណ្ណោះ ព្រោះបើយើងពិនិត្យទិន្នន័យ​លំហូរទេសចរមុនកូវីដ ចិនច្រើន ធម្មតាពេលឃើញចិនមកច្រើន នោះវានឹងបាត់ទេសចរជាតិសាសន៍​ឯទៀតដែលមានតិច»។ 
 
វិបត្តិកូវីដ១៩ ប៉ះពាល់សេដ្ឋកិច្ចជាសកល និងបង្ខំឱ្យអ្នកធ្វើការក្នុងវិស័យទេសចរណ៍មួយភាគធំ បោះបង់ចោលការងារពួកគេ ទៅចាប់របរខុសពីជំនាញ។ លោក ទៀ គីឡេង រំឭកថា ពេលគ្មានភ្ញៀវ គ្មានការងារធ្វើ មគ្គុទ្ទេសក៍ភាសាចិនភាគច្រើន ងាកទៅធ្វើការលើវិស័យកសិកម្ម ជាអ្នកបកប្រែ​នៅតាមក្រុមហ៊ុនឯកជន តាមរាជធានីខេត្តមួយចំនួន ដោយមិនច្បាស់ថា ត្រឡប់មកខេត្តសៀមរាបវិញ​ឬយ៉ាងណានៅឡើយ៕

Tag:
 ទេសចរចិន
© រក្សាសិទ្ធិដោយ thmeythmey.com