ជាតិ
បណ្ឌិត វង់ សុធារ៉ា៖ ចិនមកដល់ហ្វូណានដំបូងមុនស.វទី៣ និងចែកជាបីដំណាក់កាលសំខាន់ៗ
21, Jan 2023 , 7:30 pm        
រូបភាព
បណ្ឌិត វង់  សុធារ៉ា  ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ. រូបភាពពី លោក វង់ សុធារ៉ា
បណ្ឌិត វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ. រូបភាពពី លោក វង់ សុធារ៉ា
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ តាមរយៈបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ថា ជនជាតិចិនដែលជាអ្នកជំនួញ និងកម្មករចិនរាប់រយនាក់ បានឈានជើងចូលមករស់នៅ និងរកស៊ី ក៏ដូចជារៀបការជាមួយស្រ្តីខ្មែរ តាំងពីមុនសតវត្សរ៍ទី៣មកម្ល៉េះ។ ជាមួយគ្នានេះ បើតាមប្រវត្តិសាស្រ្តខ្មែរ  គេអាចចែកចេញជាបីដំណាក់កាលសំខាន់ នៃវត្តមានជនជាតិចិនមកកាន់ប្រទេសកម្ពុជា រួមមាន សម័យហ្វូណន សម័យអង្គរ និងក្រោយអង្គរ ។ ពិសេសពេលដែលរាជ្យវង្សស្តេចអង្គមិញ ដួលរលំ នាស.វទី១៨។ ពូជពង្សនៃជនជាតិចិនទាំងនោះរួមមាន ចិនទាជីវ, កន្តាំង, ហុកគៀន, ខិ, ហៃណាន ឬ ហៃណាម  ជាដើម ដែលពួកគេទាំងនោះភាគច្រើនជាអ្នកជំនួញមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

 
 
ដើម្បីកាន់តែលម្អិត សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង បណ្ឌិត វង្ស សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖

 
 


កញ្ញា សុង សុធាវី៖
តើជនជាតិចិនមកប្រទេសកម្ពុជាដំបូងនៅឆ្នាំណាដែរ ហើយក្នុងគោលបំណងអ្វីខ្លះ?
 
បណ្ឌិត វង់  សុធារ៉ា៖ តាមប្រភពឯកសារប្រវត្តិសាស្រ្ត ជាពិសេសឯកសារចិន ក្នុងស.វទី៣ នៃគ.ស មានជនជាតិចិនបានមករកស៊ីនៅលើទឹកដីខ្មែរដែលកាលនោះមានឈ្មោះថា ហ្វូណាន ហ្នឹងមកម្ល៉េះ ហើយជនជាតិចិនទាំងនោះមួយចំនួនជាអ្នកធ្វើជំនួញ និងភាគច្រើនគឺជាកម្មករចិន ដែលមកតាមសំពៅជាច្រើរយនាក់។ ពួកចិនទាំងនោះមិនបានវិលទៅស្រុកវិញទេ តែបានសម្ងំរស់នៅលើទឹកដីខ្មែរតាំងពីសម័យនោះរហូតដល់សម័យអង្គរ និងក្រោយអង្គរក៏នៅតែឃើញមានដែរ។ អំឡុងស.វ ទី ១៥ ឬ ១៦ ខ្ញុំចាំមិនច្បាស់! ពេលនោះមានមន្រ្តីការទូតចិនម្នាក់មកកាន់ប្រទេសកម្ពុជា តែមន្រ្តីទូតនោះក៏គាត់គេចមិនចង់វិលត្រឡប់ទៅប្រទេសចិនវិញដែរ។ រហូតដល់ពេលក្រោយមកមានមន្រ្តីការទូតខ្មែរទៅពន្យល់ប្រាប់ស្តេចអង្គមីង ថា ស្តេចខ្មែរបានទទួលយកទាំងមន្រ្តីការទូតចិន និងជនជាតិចិនទាំងអស់ឱ្យរស់នៅប្រទេសកម្ពុជារួចហើយ។ 
 
ជាមួយគ្នានេះ បើយើងទៅមើលប្រវត្តិសាស្រ្តដែលសរសេរដោយលោក ជីវ តាក្វាន់ ឃើញថា ជនជាតិចិនមកប្រទេសកម្ពុជានាសម័យអង្គរមានច្រើនមែនទែន ដែលភាគច្រើនពុំមែនជាអ្នកមានធំដំប៉ុន្មានទេ តែជាកម្មករមកតាមរយៈសំពៅច្រើនជាង។ កត្តាដែលពួកគាត់ចង់រស់នៅលើទឹកដីកម្ពុជា ដោយសារតែកម្ពុជាជំនាន់នោះសំបូរភោគទ្រព្យធម្មជាតិ និងអាកាសធាតុល្អ ដែលខុសពីស្រុកគាត់ត្រជាក់ហើយត្រូវការអាវរងារពី បីជាន់។ ជាពិសេសពួកគាត់បានចាប់អារម្មណ៍ និងស្វែងរកនារីខ្មែរដែលចេះការងារលក់ដូរ ដើម្បីរៀបការ និងកសាងគ្រួសារជាមួយគ្នាតាំងពីនោះមក។ មកដល់សម័យក្រោយអង្គរ ក៏ឃើញមានអ្នកជំនួញជនជាតិចិនច្រើនដូចគ្នា ហើយរហូតដល់ជនជាតិនេះអាចមានលទ្ធភាពជួយជ្រោមជ្រែងជាទ្រព្យសម្បត្តិជូនស្តេចខ្មែរ និងរាជការខ្មែរនាជំនាន់នោះផងដែរ។ មកដល់ ស.វ ទី ១៨ និង ១៩ គឺមានចិនមកកម្ពុជាច្រើនខ្លាំង ដែលភាគច្រើនមកតាមសំពៅហើយបោះទីតាំងនៅខេត្តកំពត ហើយបង្ហាញឱ្យឃើញពីផលិតផលអត្តសញ្ញាញមួយគឺ ម្រេច ដែលជាគ្រឿងទេសដ៏ពេញនិយមជាងគេ ជាងគ្រឿងទេសនៅកោះឥណ្ឌូនេស៊ី និងកោះហៃណានដែលជាកោះកំណើតរបស់ពួកគេផងដែរ។ ក្រោយរស់នៅកំពតពាណិជ្ជករចិនទាំងនោះបានជួលដីធំៗ ដើម្បីដាំម្រេច ហើយកម្មករច្រើនរយ ពាន់នាក់នោះមិនបានត្រឡប់ទៅវិញទេ ពោលគឺពួកគាត់យកលុយដែលសន្សំទៅទិញដី និងស្វែងរកនារី ដើម្បីរៀបការហើយរួមរស់ជាមួយគ្នាតាមបែបផែនផ្សេងៗគ្នា។  ពួកគាត់រស់នៅតែតំបន់ទីប្រជុំជន ដូចជា វាលទំនាបតំបន់ទន្លេមេគង្គ និងនៅខេត្តបាត់ដំបង។ 
 
កញ្ញា សុង សុធាវី៖ លោក បណ្ឌិត យើងឃើញថា តាំងពីស.វ ទី៣ ឬ មុននេះទៅទៀតដែលជនជាតិចិនមកកាន់ប្រទេសកម្ពុជា តាំងពីពេលនោះ មកដល់បច្ចុប្បន្ន តើយើងអាចចែកចេញជាប៉ុន្មានដំណាក់កាលសំខាន់? 
 
បណ្ឌិត វង់  សុធារ៉ា៖  យើងអាចចែកចេញជាបីដំណាក់កាលសំខាន់ ទី១ ក្នុងសម័យកាលហ្វូណាន រហូតដល់ចេនឡា គ្រាន់តែមិនច្រើន ។ សម័យអង្គរមានជនជាតិចិនច្រើនគួរសម។ ក្រោយអង្គរ នាស.វ ទី១៧ បន្ទាប់ការដួលរលំនៃរាជវង្សមីងនៅប្រទេសចិន ពេលនោះគឺមានជនជាតិចិនច្រើនខ្លាំងមែនទែន។ ក្រោយការដួលរលំនៃរាជវង្សមិញមានមេទ័ពចិនម្នាក់ ឈ្មោះ ម៉ាក់ គីវ និង មានកូនឈ្មោះ ម៉ាក់ធៀនទី ដែលជាគ្រួសារធំ បានមកសុំព្រះរាជាខ្មែរជ្រកកោន ហើយរស់នៅរកស៊ីមានបានក្នុងខេត្តពាម ភាគខាងត្បូងប្រទេសកម្ពុជាសព្វថ្ងៃ។ ក្រោយមកស្តេចខ្មែរត្រូវទទួលស្គាល់គាត់ថាជាចៅហ្វាយពាម។ ក្រោយមកចុង ស.វ ទី១៨ មានព្រះរាជាព្រះនាមអង្គ តន់ បានយកគ្រួសារជនជាតិចិននោះ ជាឪពុកធម៌ រហូតធ្វើសង្រ្គាមម្តងជាពីរដងទទួលបានជ័យជំនះ។ ជាមួយគ្នានេះ គ្រួសារចិនហ្នឹងបានភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និង ស្តេចយួននៅព្រៃនគរ នាស.វ ទី ១៨តែម្តង។ ចំណែកឯនៅ ស.វ ទី ២០ ចិនបានមកកម្ពុជាច្រើនខ្លាំង ព្រោះលែងឋិតនៅក្រោមអំណាចរាជការខ្មែរទៀត ដោយសារមានកិច្ចព្រមព្រាងជាមួយអាណាព្យាបាលបាំរាំង ដែលសុំសិទ្ធត្រួតត្រាលើជនបរទេសទាំងអស់ដែលមករកស៊ីនៅស្រុកខ្មែរ។ ពេលនោះហើយដែលជនជាតិចិនកាន់តែមាន ទាំងទ្រព្យសម្បត្តិ និងអំណាច ព្រមទាំងបង្កើតជាសមាគមចិនជាច្រើននៅក្នុងប្រទេសកម្ពុជាដូចបច្ចុប្បន្ននេះ៕   

Tag:
 ប្រវត្តិសាស្រ្តខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com