ជាតិ
CARDI ចំណាយ​ពេល៩ឆ្នាំ បង្កាត់ពូជស្រូវ «ចំប៉ីស៧០» ដែលអាចមានតម្លៃខ្ពស់​លើទីផ្សារជាតិ-អន្ដរជាតិ
21, Jan 2023 , 7:00 pm        
រូបភាព
អង្ករចំប៉ីស៧០។ រូបភាពពីក្រសួង_កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
អង្ករចំប៉ីស៧០។ រូបភាពពីក្រសួង_កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បាន​ចំណាយ​ពេល ៩ឆ្នាំ ក្នុង​ការ​ធ្វើ​ពិសោធន៍ និង​បង្កាត់​ពូជ​ស្រូវ «ចំប៉ីស៧០»។ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ដែល​អាចផ្ដល់ផលជាមធ្យម ៤,៣តោន ក្នុង១ហិកតា និង​អាចមានតម្លៃខ្ពស់លើទីផ្សារជាតិ-អន្ដរជាតិ។


 
«ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ត្រូវ​បាន​វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បញ្ចេញ និង​ផ្សព្វផ្សាយ​ជូន​កសិករ​ប្រើប្រាស់​នៅ​ចុង​ឆ្នាំ ​២០២២។ បើតាមក្រសួងកសិកម្ម ពូជស្រូវនេះ ចាប់ផ្ដើម​បង្កាត់​នៅ​ឆ្នាំ២០១៣ តាមរយៈ​ការ​បង្កាត់​រវាង​ពូជ​​ស្រូវ​ផ្កា​រំដួល ​​ជាប្រភេទពូជស្រូវស្រាល​​ប្រកាន់រដូវ ជាមួយនឹងស្រឡាយស្រូវ CNI9024 ជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវ មានដងដើមល្អមកពីប្រទេសចិន។


រូបភាពពីក្រសួង_កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ពូជ​ស្រូវ «ចំប៉ីស៧០» ត្រូវ​បាន​ប្រសិទ្ធនាមដោយ​សម្ដេច ហ៊ុន សែន កាលពី​ចុងឆ្នាំ​២០២២។ ពូជ​ស្រូវ «ចំប៉ីស៧០»នេះ អាចច្រូតកាត់បានក្នុងរយៈពេលពី ៩៣ ទៅ៩៧ថ្ងៃ ក្រោយព្រោះ ឬសាប។ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បញ្ជាក់ថា ដោយសារតែមានអាយុកាលខ្លី កសិករអាចដាំដុះពូជស្រូវនេះ​នៅដើមរដូវវស្សា, ក្នុងរដូវវស្សា, ចុងរដូវវស្សា និងលក្ខខណ្ឌប្រាំងស្រោចស្រព។
 
ពូជនេះ មាន​កម្ពស់​ដើមជា​មធ្យម​ពី ១១៣-១១៩ សង់ទីម៉ែត្រ និង​ចំនួន​ដើម​បែក​ផ្ដល់​ផល​ពី ៥-១០​ដើម​ក្នុងមួយ​គុម្ព។ ពូជស្រូវ «ចំប៉ីស៧០» អាចផ្ដល់ផលជាមធ្យម ៤,៣តោន ក្នុង១ហិកតា។ ចំណែក​ឯ​ គ្រាប់អង្ករវិញ គឺ​សថ្លា វែងស្រឡូន ដែលមានប្រវែង ៧,៧មីល្លីម៉ែត្រ និងបន្ទា ២,០៦មីល្លីម៉ែត្រ ព្រមទាំងមានក្លិនក្រអូបប្រហើរ ដែលអាចមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្ដរជាតិផងដែរ​។ នេះបើតាម​ក្រសួង​កសិកម្ម។ 
 

អង្ករចំប៉ីស ៧០។ រូបភាពពីក្រសួង_កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ដោយ​ឡែក​ ​ការ​ដាំដុះវិញ សម្រាប់​ស្រូវ​សន្ទូង​ បរិមាណ​គ្រាប់​ពូជ​ដែល​​ចាំ​បាច់​គឺពី ៣០ទៅ​៤០គីឡូក្រាម​ ក្នុង​១​ហិកតា ប៉ុន្តែ​ក្នុង​ករណី​គ្រាប់​ពូជ​សុទ្ធ​ និង​មាន​សុខភាព​ល្អ​ បរិមាណ​គ្រាប់ពូជ​ ​ត្រូវ​ការ​ក្នុង​១ហិកតា ពី​១៥ទៅ២០គីឡូក្រាម​ប៉ុណ្ណោះ។ ដើម្បី​ឱ្យ​សំណាប​ដុះ​លូត​លាស់​ធំ​ធាត់ល្អ កសិករ​ត្រូវ​សាប​​គ្រាប់ពូជ​១គីឡូក្រាម​លើ​ថ្នាល​សំណាប​ ១០ម៉ែត្រការេ។ ចំពោះ ទីសំណាប​ត្រូវ​ធ្វើ​នៅ​ជិត​ប្រភព​ទឹក​ និង​នៅឆ្ងាយ​ពី​ម្លប់ព្រៃ និង​កន្លែង​មាន​ភ្លើង​អគ្គិសនី​ ដើម្បី​ចៀស​ពី​ការ​បំផ្លាញ់​របស់​សត្វល្អិត។ កសិករ​គួរ​ស្ទូង​សំណាប​ដែល​មាន​អាយុ​១៨ទៅ២២ថ្ងៃ ដោយ​ក្នុង​មួយ​គុម្ពត្រូវ​មាន ២ទៅ​៣ដើម។ 
 

ដំណាំស្រូវចំប៉ឺស៧០។ រូបភាពពីក្រសួង_កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សម្រាប់​ស្រូវ​ពង្រោះ​ បរិមាណ​គ្រាប់ពូជ​ដែល​ចាំ​បាច់​គឺ​១០០គីឡូក្រាម​ ក្នុង​១ហិកតាលើ​ដី​មាន​ជីជាតិល្អ និង​១៥០គីឡូក្រាម លើដី​មិនសូវ​មាន​ជីជាតិល្អ​។ ជាមួយ​គ្នានេះ កសិករ​គួរ​រៀបចំ​ដី​ឱ្យ​បាន​ល្អ និង​រាប​ស្មើ​មុន​ស្ទូង ឬ​ព្រោះ។ រី​ឯ ការ​ភ្ជួរ​រាស់​ គួរ​ធ្វើ​ឱ្យ​បាន ២ទៅ​៣ សារ​ជា​ការ​ល្អ។ ក្នុង​ករណី​ស្រែ​អាច​បញ្ចេញ​បញ្ចូលទឹក​បាន​ បន្ទាប់​ពី​ស្ទូង​ ឬ​ព្រោះបាន ២០ថ្ងៃ អាច​បញ្ចេញ​ទឹក​ឱ្យ​អស់​ពី​ក្នុង​ស្រែ​រយៈពេល​២-៤ថ្ងៃ  រួច​បញ្ចូល​ទឹក​ថ្មីវិញ។ ការ​ធ្វើបែបនេះ ដើម្បី​ធ្វើ​ឱ្យ​ស្រូវ​បែក​គុម្ព​បាន​ច្រើន និង​មាន​ដើម​ដង​រឹងមាំ៕​

Tag:
 កសិកម្ម
  ពូជស្រូវ​
© រក្សាសិទ្ធិដោយ thmeythmey.com