អន្តរជាតិ
Microsoft នឹង​កាត់បន្ថយ​ការងារ​មួយ​ម៉ឺន​នៅ​ពេល​ក្រុមហ៊ុន​បង្កើន​ការបញ្ឈប់​ការងារ​បុគ្គលិក
21, Jan 2023 , 8:00 pm        
រូបភាព
ស្លាកសញ្ញា Microsoft និង Nokia នៅតំបន់ Peltola នៃទីក្រុង Oulu ក្នុងប្រទេសហ្វាំងឡង់
ស្លាកសញ្ញា Microsoft និង Nokia នៅតំបន់ Peltola នៃទីក្រុង Oulu ក្នុងប្រទេសហ្វាំងឡង់
ដោយ: VOA
ក្រុមហ៊ុន Microsoft បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ខ្លួននឹងកាត់បន្ថយការងារ​១០.​០០០មិនហួស​ពី​ដំណាច់​ត្រីមាស​ទីបី​នៃ​ឆ្នាំ​សារពើពន្ធ​២០២៣ ដែលជា​សញ្ញាថ្មី​បំផុតថា​ ការបញ្ឈប់​ការងារបុគ្គលិកកំពុងមាន​ច្រើន​ក្នុងវិស័យ​បច្ចេកវិទ្យា​សហរដ្ឋ​អាមេរិក​នៅពេល​ដែល​ពួក​ក្រុម​ហ៊ុន​ត្រៀមខ្លួន​ទប់ទល់​នឹង​ការជាប់គាំង​ដំណើរការ​សេដ្ឋកិច្ច​។



ក្រុមហ៊ុន​ Microsoft បាន​និយាយ​ថា ការបញ្ឈប់ការងារ​បុគ្គលិក​និង​សោហ៊ុយ​ទាក់ទិន​នឹង​ការងារ​នៅផ្នែក​ hardware ​និង​ការផ្លាស់ប្តូរ​ឯទៀតៗ​នឹង​នាំ​ឱ្យមាន​ការបង្កើន​ចំណាយ​១,២​ពាន់លានដុល្លារក្នុង​ត្រីមាស​ទីពីរ​នៃឆ្នាំសារពើ​ពន្ធ​២០២៣ ​ដែល​ជាផលប៉ះពាល់​អវិជ្ជមានចំនួន​១២សេនលើ​ប្រាក់កម្រៃ​ភាគហ៊ុននីមួយៗ។
 
នៅ​ក្នុង​លិខិតមួយផ្ញើ​ទៅ​ឱ្យ​ក្រុមបុគ្គលិក​ដែលទីភ្នាក់ងារ​សារព័ត៌មាន Reuters ​បានទទួលលោក​ Satya Nadella ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​ Microsoft បាន​និយាយថា ពួកអតិថិជនចង់«​កែទម្រង់​ចំណាយ​របស់ពួក​គេ​ឱ្យ​នៅ​តិច‍»និង«​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការ​ចាយវាយ​ នៅ​ពេលផ្នែក​ខ្លះ​នៃ​ពិភពលោក​មានដំណើរ​សេដ្ឋកិច្ច​មិន​ទៅមុខ​ហើយផ្នែក​ឯទៀតៗ​រំពឹង​ថាដំណើរ​សេដ្ឋកិច្ច​នឹង​មិន​លូតលាស់‍»។
 
ព័ត៌មានអំពីការ​បញ្ឈប់ក្រុមបុគ្គលិក​លែង​ឱ្យ​ធ្វើការ​នេះ​ ដែល​ត្រូវបាន​រាយការណ៍ដោយ​បណ្តាញ​ព័ត៌មាន​កាលពី​ថ្ងៃអង្គារ ​មាន​ឡើង​ក្រោយ​ការបន្ថយ​បុគ្គលិក​ខ្លះកាលពី​ឆ្នាំ​ទៅ។
 
ក្រុម​ហ៊ុន Microsoft បាន​និយាយ​កាលពី​ខែ​កក្កដា​ឆ្នាំទៅ​ថា​ មុខនាទី​មួយចំនួនតូច​ត្រូវ​បាន​លុបចោល ​ចំណែកឯ​សារព័ត៌មាន​ Axios បានរាយការណ៍​កាលពី​ខែ​តុលា​ថា ​ក្រុមហ៊ុននេះ​បានបញ្ឈប់​បុគ្គលិក​តិច​ជាង​១.០០០​នាក់​នៅ​ក្នុង​ផ្នែក​មួយ​ចំនួន។
 
ក្រុម​ហ៊ុន​នេះ​ដែល​ដឹកនាំ​ដោយ​លោក Satya Nadella ក៏​មាន​ការចុះថយ​ក្នុងទី​ផ្សារ computer ដែរ​នៅ​ក្រោយ​ការរាតត្បាត​ជំងឺកូវីដ១៩ ​បណ្តាល​ឱ្យ​មាន​សេចក្តី​ត្រូវការ Windows ​និង​ software តិច​ជាង​មុន៕

© រក្សាសិទ្ធិដោយ thmeythmey.com