ជាតិ
អ្នកជំនាញប្រវត្តិសាស្រ្តខ្មែរ ពន្យល់ពីឥទ្ធិពលជនជាតិចិន មកលើខ្មែរ ផ្នែកជំនួញ និងវប្បធម៌ បណ្ឌិត វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
×
ដោយ៖ សុង សុធាវី
ភ្នំពេញ៖ បណ្ឌិត វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ផ្នែកប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបរាប់ថា ជនជាតិចិនចាប់ផ្តើមមានឥទ្ធិពល លើជនជាតិខ្មែរ ផ្នែកជំនួញ និងវប្បធម៌ នាឆ្នាំ១៨៦៣ ស្របពេលបារាំងចូលមកគ្រប់គ្រងកម្ពុជា ឱ្យរួចផុតពីការប៉ងលេបយកទឹកដីពីប្រទេសថៃ និង វៀតណាម។ នាជំនាន់នោះ ពាណិជ្ជករចិនភាគច្រើន បានរៀបការជាមួយកូនស្រីមន្រ្តី ឬ សែស្រឡាយខ្ពង់ខ្ពស់របស់ខ្មែរ ដែលជាឱកាសឱ្យជនជាតិចិន ចាក់ឫសវប្បធម៌ខ្លួននៅកម្ពុជា។
ដើម្បីកាន់តែលម្អិត សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង បណ្ឌិត វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖
កញ្ញា សុង សុធាវី៖ តាមរយៈការបកស្រាយរបស់លោកបណ្ឌិត យើងឃើញថា ចាប់តាំងពីឆ្នាំ១៨៦៣ ចិនមានឥទ្ធិពលគួរសមហើយ នៅកម្ពុជា ។ តើលោកមានទិន្នន័យទេថា ជនជាតិចិនជំនាន់នោះមានប៉ុន្មាននាក់ ? ហើយកត្តាអ្វីខ្លះ ដែលជំរុញឱ្យជនជាតិភាគតិចចិន ហាក់មានឥទ្ធិពលផ្នែកប្រពៃណីទំនៀមទម្លាប់លើជនជាតិខ្មែរ ដែលជាម្ចាស់ស្រុករហូតមកទល់បច្ចុប្បន្ន?
បណ្ឌិត វង់ សុធារ៉ា៖ បាទ មានកត្តាពីរ ដែលកត្តាទី១ វាបានចាក់ឬស យូរណាស់ហើយ! ក្នុងឆ្នាំ ១៦១០ - ១៦២០ ក្នុងរជ្ជកាលព្រះបាទស្រីសុរិយោពណ៌ និង ព្រះបាទជ័យជេដ្ឋាទី២ បានធ្វើវិសោធនកម្មច្បាប់មួយមានឈ្មោះថា «ច្បាប់ក្រមស្រុក» ច្បាប់ហ្នឹងល្អណាស់ តែទាស់ត្រង់ច្បាប់មួយ ដែលក្នុងមាត្រាមួយ បានណែនាំមិនឱ្យប្រជាជនខ្មែរធ្វើជំនួញទេ ឱ្យប្រកបតែរបរកសិកម្ម ដែលបន្សល់ទុកពីដូនតាបានហើយ។ ផ្ទុយទៅវិញទុកឱកាសឱ្យតែជនជាតិបទេសប៉ុណ្ណោះដែលអាចធ្វើជំនួញបាន ដោយសារការធ្វើដំណើរពីកន្លែងមួយ ទៅកន្លែងមួយ មិនទៀងទាត់។
ដូច្នេះ ប្រជាជនខ្មែរយើងគ្មានអ្នកណាហ៊ានធ្វើជំនួញទេ ទុកឱ្យបរទេសមួយចំនួនដូចជា ចិន ឥណ្ឌា ចាម ជ្វា ម៉ាឡេ។ល។ អ៊ីចឹង បានជានៅដើមទសវត្សរ៍ ១៦៤២ ហ្នឹង យើងឃើញថាមានស្តេចខ្មែរមួយអង្គព្រះនាមរាមាធិបតីអង្គចន្ទ ចង់ធ្វើរដ្ឋប្រហារ ដើម្បីឡើងសោយរាជ្យ តែមិនអាចពឹងជនជាតិខ្មែរគ្នាឯងឱ្យជួយបានឡើយ។ ដូច្នេះហើយទើបពឹងជនជាតិចាម ដែលកាន់សាសនាមូស្លីមឱ្យជួយ ដោយរៀបការភ្ជាប់ចំណងមេត្រីជាមួយកូនស្រីប្រធានសហគមន៍ ដើម្បីឱ្យពួកគេជួយដណ្តើមអំនាចឱ្យ។ ពេលនោះហើយដែលព្រះអង្គបានធ្វើរដ្ឋប្រហាផ្តួលរំលំ ឧបរាជឧទ័យរាជា និងបុត្រាស្តេចអង្គមុនព្រះនាម ព្រះអង្គនន់ បានដោយជោគជ័យនាឆ្នាំ ១៦៤២។ ជាមួយគ្នានេះក្នុងពិភពជំនួញគេមិនសូវឃើញជនជាតិខ្មែរវណ្ណៈកណ្តាលហ៊ានចូលរួមធ្វើជំនួញទេ ដែលមានតែ សែស្រឡាយ រាជរង្សប៉ុណ្ណោះទើបហ៊ានធ្វើជំនួញ។ ក្នុងសតវត្សរ៍ទី១៧ បើតាមសៀវភៅ លោកគ្រូ ម៉ក់ ភឿន បានឱ្យដឹងថា ក្នុងជំនាន់នោះអ្នកដែលពូកែធ្វើជំនួញជាងគេគឺ អគ្គមហេសីរបស់ព្រះបាទជ័យជេដ្ឋាទី២ ឈ្មោះអង្គចូវ ហ្នឹងឯង ធ្លាប់មានទំនាក់ទំនងជាមួយពួកអឺរ៉ុបផង និងជាមួយឈ្មួញមូស្លីម នៅតំបន់អាស៊ីអាគ្នេយ៍ផង។ រីឯកត្តាទី២ គឺកត្តាមិត្តភាពពាណិជ្ជកម្ម រវាងបារាំង និង ព្រះបាទនរោត្តម ក្នុងឆ្នាំ ១៨៦៣ បានចង្អុលបង្ហាញថា អនិកជនបរទេសទាំងអស់ហ្នឹង ត្រូវឋិតក្រោមការគ្រប់គ្រងរបស់បារាំង ដោយមិនឱ្យឋិតក្រោមការគ្រប់គ្រងរបស់រាជការខ្មែរទេ។ កន្លែងហ្នឹងហើយ ដែលជនជាតិចិនចង់ធ្វើអ្វីគ្រប់យ៉ាងបានដោយងាយ ហើយថែមទាំងអាចរក្សាប្រពៃណីទំនៀមទំលាប់គេរឹងមាំផងដែរ ដោយមិនឋិតក្រោមអំណាចបស់រាជការខ្មែរឡើយ។ ម្យ៉ាងទៀត រាជការខ្មែរពុំមានបំណងចង់ឱ្យបរទេសទាំងនោះក្លាយជាជនជាតិខ្មែរ ដូចគោលការណ៍ចិន ឬ វៀតណាមទេ ដោយសារការដឹកនាំរបស់ខ្មែរយើងប្រកាន់យកតាមបែបផែនរបស់ឥណ្ឌា តាំងពីដើមមក។ ចំពោះជនជាតិចិន និង យួន កាលណាគេបានគ្រប់គ្រងទឹកដីដល់ទីណាហើយ គេតែងតែធ្វើឱ្យជនជាតិដើមនោះក្លាយទៅជាជនជាតិដូចគេដែរ។ ស្របពេលដែលបារាំងទាមទារសិទ្ធគ្រប់គ្រងបរទេសទាំងនោះ ព្រះមហាក្សតខ្មែរក៏លោកមិនបានចាប់អារម្មណ៍ពីភាពសំខាន់ទាំងនេះដែរ។ ហ្នឹងហើយគឺជាវិបត្តិវប្បធម៌ អត្តសញ្ញាណជាហូរហែ បន្តបន្ទាប់មកក្នុងស្រុកខ្មែរយើង នាបច្ចុប្បន្ននេះឯង។
កញ្ញា សុង សុធាវី៖ លោក កាលនោះទំនៀមទំលាប់ប្រពៃណីចិនមានអ្វីខ្លះ តើអាចលើកជាឧទាហរណ៍លម្អិតបានទេ?
បណ្ឌិត វង់ សុធារ៉ា៖ បញ្ហាដែលនាំឱ្យប្រពៃណី ទំនៀមទំលាប់ចិនមានប្រៀបខ្លាំងនៅក្នុងស្រុកខ្មែរ ដោយសារតែជនជាតិចិនហ្នឹងចូលមករកស៊ីក្នុងស្រុកខ្មែរយើងរហូតក្លាយជាអ្នកមានស្តុកស្តម្ភ ហើយពួកគេបានភ្ជាប់សាច់ឈាមជាមួយពួកអភិជនខ្មែរ និង កូនមន្រ្តីខ្មែរមួយចំនួនផង។ ដូច្នេះហើយទើបធ្វើឱ្យខ្មែរកាត់ចិន ឬ ចិនកាត់ខ្មែរហ្នឹង ក្លាយជាវណ្ណៈដែលមានអំណាចបន្តិចម្តងៗ វាខុសគ្នាខ្លាំងរវាងចិននៅសម័យមុនអង្គ ដែលភាគច្រើនសុទ្ធតែជាកម្មករ។ មួយទៀត បើតាមភូមិសាស្រ្តនយោបាយខ្មែរយើងពឹងលើចំណេះដឹងក្នុងការដឹកនាំតាមបែបឥណ្ឌា តែមកដល់សតវត្សរ៍ទី ១៨ , ១៩ ,និង ២០នេះ ស្របពេលដែលពួកចិនក្លាយជាអ្នកមានហើយ និងមានអំណាចទៀត នាំឱ្យពលរដ្ឋខ្មែរ ដែលមានជីវភាពទាបជាង ព្យាយាមរៀនសូត្រ និងធ្វើតាមជាបន្តបន្ទាប់។ ហ្នឹងហើយគឺបង្ហាញពីភាពខ្សោយ ឬ បរាជ័យរបស់របៀបដឹកនាំតាមបែបឥណ្ឌា ដែលបានចាក់ឬសរាប់រយឆ្នាំហើយនៅលើទឹកដីខ្មែរ។ នៅឥណ្ឌូនេស៊ី ក្នុងបដិវត្តន៍ ស៊ូអាតូ គេឃើញមានការផ្លាស់ប្តូរឈ្មោះ ដែលមានសំនៀងជាភាសាចិនចេញ និងនៅប្រទេសថៃក៏មានការធ្វើបែបនេះដែរ ដែលជាគំនិតប្រកាន់នូវជាតិនិយមមួយឱ្យជនជាតិចិនក្លាយជាជនជាតិគេតាមរយៈវិធីទាំងនេះ។ ផ្ទុយពីខ្មែរយើង ដែលមិនសូវមានគំនិតជាតិនិយម មិនបង្ខំចិនឱ្យធ្វើខ្លួនទៅជាខ្មែរទេ តែនិយមប្រើឈ្មោះជាសំនៀងចិន ឬ ធ្វើតាមរបៀបចិនទៅវិញ។
កញ្ញា សុង សុធាវី៖ ចាស ដោយយើងឃើញថា មានការនិយមប្តូរសំនៀងឈ្មោះទៅជាភាសាចិនច្រើន និង អនុវត្តន៍ទំនៀមទម្លាប់ប្រពៃណីមួយចំនួននាបច្ចុប្បន្នក៏ទៅតាមបែបផែនចិនច្រើន តើក្នុងនាមលោកជាអ្នកប្រវត្តិសាស្រ្តមានជាការបារម្ភទេថាខ្មែរថ្ងៃក្រោយទៅខ្មែរអាចនឹងបាត់បង់អត្តសញ្ញាណជាតិខ្លួន?
បណ្ឌិត វង់ សុធារ៉ា៖ ជាធម្មតាវប្បធម៌មួយតែងតែមានការប្រែប្រួលគ្រប់ពេលវេលា! វប្បធម៌ណាដែលខ្លាំងគឺឈ្នះ! ហើយវប្បធម៌ណាដែលខ្សោយគឺចាញ់! និងវិនាសទៅបន្តិចម្តងៗ រុះរោយជ្រុះទៅជាធម្មតា។ មនុស្សម្នាក់ ឬ ១០នាក់ មិនអាចទប់ជាប់ទេ តែនេះជាការទទួលខុសត្រូវរបស់មនុស្សទាំងអស់ក្នុងសង្គម។ លើកលែងតែមានការអប់រំខ្ពស់ដូចនៅខាង អឺរ៉ុប ដែលទោះជាមានវប្បធម៌ផ្សេងទៀតជ្រែតចូលយ៉ាងណាក៏មិនអាចធ្វើបានដែរ។ យើងឃើញហើយថា ពួកគេមានមោទកភាពជាមួយវប្បធម៌ពួកគេណាស់! ចំណែកយើង តាំងពីដើមមកហាក់មិនសូវមានមូលធម៌មួយឱ្យរឹងមាំជារបស់ខ្មែរសុទ្ធសាធនោះទេ តែយើងធ្លាប់រុងរឿងពីសម័យអង្គរ ក៏ជាការបានមូលដ្ឋានគ្រឹះនៃការដឹកនាំតាមបែបផែនរបស់ឥណ្ឌាខ្លះដែរ។ យើងឃើញថា ខ្មែរយកវប្បធម៌ពីបរទេសមកច្នៃប្រឌិតឱ្យក្លាយជារបស់ខ្លួនឯងវិញ ហើយសព្វថ្ងៃនេះ ក៏យើងឃើញក្នុងទំរង់ហ្នឹងដែរ។ យ៉ាងណាក៏ដោយក៏វាមិនមែនទាញទៅខាងណាទាំងស្រុងដែរ នៅតែមានការលាយឡំគ្នា ពិសេសលក្ខណៈបែបផែនរបស់ខ្មែរយើងដែលជាម្ចាស់ស្រុក។ អ៊ីចឹង សម្រាប់អ្នកដែលមិនបានរៀនសូត្រឱ្យមានគ្រឹះរឹងមាំពីវប្បធម៌ខ្លួនឯងទេ ដែលងាយទទួលយកនូវការជះឥទ្ធិពលគ្រប់ទិស តាមតែកម្លាំងខ្យល់៕
Tag:
វិស័យវប្បធម៌
ប្រវត្តិសាស្រ្តខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com