ជាតិ
ជំរឿន៖ «សត្វត្រយងចង្កំកស» ប្រភេទរងគ្រោះជិតផុតពូជ មានចំនួន៧៩២ក្បាលនៅកម្ពុជា
21, Jan 2023 , 9:00 pm        
រូបភាព
លទ្ធផលជំរឿនសត្វត្រយងចង្កំកសកើនឡើងក្នុងឆ្នាំ២០២២
លទ្ធផលជំរឿនសត្វត្រយងចង្កំកសកើនឡើងក្នុងឆ្នាំ២០២២
ដោយ:
ភ្នំពេញ៖ សត្វត្រយងចង្កំកស មានចំនួន ៧៩២ក្បាលនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២ តាមរយៈការជំរឿនលើកទី៤។ ចំនួននេះ បង្ហាញថា វាមានវត្តមាននៅកម្ពុជា ច្រើនជាងគេក្នុងពិភពលោក។

 

សត្វត្រយងចង្កំកស មានឈ្មោះជាភាសាអង់គ្លេសថា Pseudibis davisoni។ សត្វនេះ ត្រូវបានគេប្រទះឃើញនៅទូទាំងទ្វីបអាស៊ី។  ប៉ុន្តែសព្វថ្ងៃនេះ គេប្រទះឃើញ ប្រភេទសត្វសត្វត្រយងចង្កំកស មានវត្តមាននៅតំបន់ព្រៃរល្បោះភាគខាងជើង និងខាងកើតនៃប្រទេសកម្ពុជា និងចំនួនរបាយផ្សេងទៀតត្រូវបានគេរកឃើញនៅលើកោះ Borneo នៃឧបទ្វីបអាស៊ីខាងត្បូងប៉ុណ្ណោះ។ សត្វប្រភេទនេះ ត្រូវបានគេចាត់ចូលជាប្រភេទរងគ្រោះជិតផុតពូជក្នុងបញ្ជីក្រហម IUCN Red List។ 


រូបភាពយកចេញពីNatureLife Cambodia Organization

ការធ្វើជំរឿន ត្រូវបានធ្វើឡើងចាប់ពីខែកក្កដា ដល់ខែតុលា។ គេរាប់ចំនួនរបស់វា ពេលសត្វនេះហើរចូលទ្រនំនៅពេលល្ងាច និងពេលសត្វហើរចាកចេញសម្បុកវិញព្រឹកបន្ទាប់។ វត្តមានសត្វនេះនៅកម្ពុជា បានកើនឡើង បើធៀបទៅទិន្នន័យខ្ពស់បំផុតក្នុងឆ្នាំ២០១៣ ដែលមានចំនួន ៩៧៣ក្បាល និងការកត់ត្រាទាបបំផុតត្រឹមចំនួន៥៣១ក្បាល ក្នុងឆ្នាំ២០១៨ ដែលមានការថយចុះប្រមាណ ៤៧ភាគរយ។ 
 
សត្វត្រយងចង្កំកស មានវត្តមានច្រើនបំផុតនៅដែនជម្រកសត្វព្រៃសៀមប៉ាង ចំនួន ៣៧៧ក្បាល។ នៅតំបន់ព្រៃលិចទឹកទន្លេមេគង្គ សត្វត្រយងចង្កំកស មានចំនួន ៣២៦ក្បាល។ ចំណែកឯ ការរាប់ចំនួនផ្សេងទៀត ត្រូវបានធ្វើឡើងនៅតំបន់កោះស្រឡាយ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព លំផាត់ ស្រែពក និងភ្នំព្រេច។ 
 
ការធ្វើជំរឿនប្រចាំឆ្នាំ ត្រូវបានសម្របសម្រួលដោយក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា CIWG ដែលបានបង្កើតឡើងដោយ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ACCB អង្គការជីវិតធម្មជាតិនៅកម្ពុជាNLC ក្រុមហ៊ុន រ៉ាយហ្ស៊ីងហ្វីនិក RP អង្គការសមាគមអភិរក្សសត្វព្រៃ WCS និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិWWF។


រូបភាពយកចេញពីNatureLife Cambodia Organization

ទន្ទឹមគ្នានេះ ចំនួនកើនឡើងសម្រាប់សត្វប្រភេទនេះ នៅតែមានបញ្ហាប្រឈមដូចជា ការបរបាញ់ ការដាក់អន្ទាក់ និងបញ្ហាបាត់បង់ទីជម្រក ដែលធ្វើឱ្យអង្គការ និងស្ថាប័នពាក់ព័ន្ធនៅតែព្រួយបារម្ភពីស្ថិរភាពនៃចំនួនរបស់វានៅក្នុងជម្រកធម្មជាតិ។  

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា៖ «រាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដែលលទ្ធផលពេលនេះបានបង្ហាញពីការកើនឡើងនូវប្រភេទសត្វព្រៃមួយចំនួនក្នុងនោះមានសត្វត្រយងចង្កំកសផងដែរ។ ជាមួយគ្នានេះ ពលរដ្ឋ ឬជនឆ្លៀតឱកាសគួរបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងការហូបសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ ដើម្បីឱ្យសត្វទាំងនោះនៅបន្តកើនឡើងតទៅទៀត»។ 
 
លោក សេង ទៀក នាយកអង្គការ WWF បានពន្យល់ថា សត្វត្រយងចង្កំកសចំនួន ៣២៦ ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ១៧កន្លែង ត្រូវបានកត់ត្រាថានៅដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ នាខេត្តក្រចេះ ដែលចំនួននេះបានកើនឡើង ២៩ភាគរយ ក្នុងឆ្នាំ២០២២ ធៀបនឹងចំនួន ២៥២ ក្បាល ដែលបានកត់ត្រាក្នុងឆ្នាំ២០២១។ 
 
លោក សេង ទៀក ថ្លែងតាមទូរសព្ទដូច្នេះ៖ «អង្គការWWF ពិតជារីករាយសម្រាប់លទ្ធផលនេះ។ អង្គការWWF ប្តេជ្ញាបន្តកិច្ចសហការរួមគ្នាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីការពារ និងអភិរក្សសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុតរួមជាមួយសត្វព្រៃផ្សែងទៀត។ ជាមួយគ្នានេះ អង្គការWWF ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការក្នុងផែនការសកម្មភាពអភិរក្សរួម ដើម្បីធ្វើយ៉ាងណាអាចអោយសត្វស្លាបដ៏កម្រនេះរស់រាន្តកាន់តែប្រសើរនាថ្ងៃអនាគត»។ 
 
ជាមួយគ្នានេះ លោក ប៊ូ វរសក្ស នាយកអង្គការធម្មជាតិនៅកម្ពុជា លើកឡើងដូច្នេះ៖ «ប្រទេសកម្ពុជាគាំទ្រដល់ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសច្រើនជាងគេនៅលើពិភពលោក លទ្ឋផលជំរឿងក្នុងឆ្នាំ ២០២២នេះ បានបង្ហាញពីអនាគតដ៏ជោគជ័យ។ នេះអាចជាសញ្ញាល្អ ដើម្បីបន្តរៀបចំនិងអនុវត្តផែនការសកម្មភាពអភិរក្សសត្វត្រយងចង្កំកសកម្ពុជាកុំឱ្យផុតពូជ»។ 
លោក Jonathan Charles Eames OBE, ប្រធានក្រុមហ៊ុន Rising Phoenix Co. Ltd ប្រាប់ ThmeyThmey25 ថា កន្លងមកក្រុមហ៊ុនបានចូលរួមប្រឹងប្រែង លើកការងារពាក់ព័ន្ធការការពារ និងអភិរក្សសត្វ។ 
 
« ក្រុមការងាររបស់យើង បានខិតខំប្រឹងប្រែង និងលះបង់ពេលវេលា ក្នុងការការពារធនធានដ៏សំខាន់នេះ ដោយធ្វើការស្វែងរក និងតាមដានទ្រនំសត្វត្រយងចង្កំកស ដែលបានរកឃើញសម្បុកប្រមាណ៤៥ ក្នុងមួយឆ្នាំ» លោក Jonathan ប្រាប់ ThmeyThmey25៕ 

Tag:
 សត្វស្លាប
  ត្រយងចង្កំកស
  ជំរឿន
© រក្សាសិទ្ធិដោយ thmeythmey.com