សេដ្ឋកិច្ច
អន្តរជាតិ
សហគ្រាសធុនតូច និងមធ្យមអាស៊ានមានការព្រួយបារម្ភអំពីលំហូរសាច់ប្រាក់
21, Jan 2023 , 9:30 pm        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
ចំនួន៥៣ភាគរយនៃសហគ្រាសធុនតូច និងមធ្យម (SMEs) មកពីសិង្ហបុរី ម៉ាឡេស៊ី ថៃ និងឥណ្ឌូណេស៊ី បានអះអាងថា លំហូរសាច់ប្រាក់បច្ចុប្បន្នរបស់ពួកគេអាចរក្សាប្រតិបត្តិការបានត្រឹមតែ ៦ខែទៀតប៉ុណ្ណោះ។ នេះជាលទ្ធផលនៃការស្ទង់មតិរបស់នាយកប្រតិបត្តិសហគ្រាសធុនតូច និងមធ្យមចំនួន ១៦០នាក់ ដែលធ្វើឡើងដោយវេទិកាគ្រប់គ្រងហិរញ្ញវត្ថុ SMEs របស់ YouTrip ដែលជាក្រុមហ៊ុន fintech ឈានមុខគេនៅអាស៊ីអាគ្នេយ៍។

 
យោងតាមគេហទំព័រ YouTrip ដើម្បីទប់ទល់នឹងហានិភ័យនៃកង្វះលំហូរសាច់ប្រាក់ សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ានអះអាងថា ពួកគេចាំបាច់ត្រូវកាត់បន្ថយចំណាយប្រតិបត្តិការ រួមទាំងការជ្រើសរើសបុគ្គលិកពីចម្ងាយ ដើម្បីបង្កើនប្រសិទ្ធភាពតម្លៃពលកម្ម របៀបកាត់បន្ថយថ្លៃដើមប្រាក់ខែ។ 
 
ជាមួយគ្នានេះ អាជីវកម្មនានាក៏ត្រូវបង្កើនទីផ្សារឌីជីថល រួមទាំងការប្រើប្រាស់កម្មវិធីស្វែងរក និងប្រព័ន្ធផ្សព្វផ្សាយសង្គមនានាដែលជាឧបករណ៍សំខាន់ដើម្បីបង្កើនកេរ្តិ៍ឈ្មោះម៉ាកផលិត និងជំរុញការលក់ SMEs ផងដែរ។
 
ទន្ទឹមនឹងការបើកព្រំដែនឡើងវិញ និងការបន្ធូរបន្ថយបទប្បញ្ញត្តិទាក់ទងនឹងទេសចរណ៍ ម្ចាស់អាជីវកម្មជាច្រើនចង់ចូលរួមក្នុងសន្និសីទពាណិជ្ជកម្មនានាដោយផ្ទាល់ ដើម្បីពង្រឹងទំនាក់ទំនងអាជីវកម្មជាមួយដៃគូថ្មីៗ ក៏ដូចជាការស្រាវជ្រាវទីផ្សារថ្មីដែលអាចពង្រីកនូវអាជីវកម្មរបស់ខ្លួនបាន។
 
បន្ថែមពីនេះ ការរំខាននៃខ្សែច្រវាក់ផ្គត់ផ្គង់សកលដោយសារតែការរាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យមានការបង្កើតភាពជាដៃគូក្នុងវិស័យថ្មី និងពង្រឹងភាពធន់នៃអាជីវកម្ម ជាពិសេសក្នុងវិស័យទំនិញប្រើប្រាស់បានក្លាយជាមានភាពចាំបាច់ជាងមុន។
 
ចំនួនជាង ៧០ភាគរយនៃអាជីវកម្មដែលចូលរួមក្នុងការស្ទង់មតិបានលើកឡើងថា ការទូទាត់ជាសកល (Global Payment ) ជាកត្តាសំខាន់ដើម្បីធានាបាននូវការបន្តអាជីវកម្មក្នុងអំឡុងពេលជំងឺរាតត្បាត។ អាជីវកម្មទាំងនេះក៏មានបំណងបន្តប្រើប្រាស់ ឬប្រើប្រាស់ញឹកញាប់ជាងមុន វិធីសាស្ត្រទូទាត់សកល បង្កើនអតិថិជនឆ្លងដែន និងសហការជាមួយដៃគូកាន់តែច្រើន៕

Tag:
 អាស៊ាន SMEs
© រក្សាសិទ្ធិដោយ thmeythmey.com