ជាតិ
រកឃើញ​ពងអណ្ដើក​ហ្លួង ៥៤​គ្រាប់ នៅលើ​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​ក្នុង​ខេត្តកោះកុង​
21, Jan 2023 , 10:00 pm        
រូបភាព
ពងអណ្ដើកហ្លួង។ រូបភាពពីអង្គការ WCS
ពងអណ្ដើកហ្លួង។ រូបភាពពីអង្គការ WCS
​ភ្នំពេញ​៖ ក្រុម​អ្នក​អភិរក្ស​សត្វ​អណ្ដើក​នៃ​អង្គការ WCS និង​រដ្ឋបាល​ជលផល បាន​រកឃើញ​ពងអណ្ដើក​ហ្លួង​ចំនួន ៤​សម្បុក ស្មើនឹង​៥៤​គ្រាប់ នៅលើ​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត ក្បែរ​ស្រះ​បង្កាត់​ពូជ ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​ខេត្តកោះកុង​។ បើតាម WCS នេះ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​អណ្តើក​ហ្លួង​ចិញ្ចឹម​បាន​ពង នៅក្នុង​មជ្ឈមណ្ឌល​។​


 
​ពងអណ្ដើក​ហ្លួង​ទាំង​៤​សម្បុក ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី​១៦ មករា និង​ថ្ងៃទី​១៩ មករា​។ យោងតាម​រូប​ភា​B  ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​ក្រុមការងារ WCS ដាក់​ចាំ​ថត​នៅលើ​ឆ្នេរ​ខ្សាច់ មាន​អណ្តើ​កមេ​ជាច្រើន​ក្បាល ឡើង​ពី​ស្រះ​បង្កាត់​ពូជ មក​កាយ​ខ្សាច់​ទម្លាក់​ព​ង​នៅ​ចន្លោះ​ម៉ោង ៩​យប់ ដល់​ពាក់​ក​ណ្ត​ល​យប់​កាលពី​ថ្ងៃទី​១៦ និង​១៨ ខែមករា​។ 

រូបភាពពីអង្គការ WCS

តាមរយៈ​ការរកឃើញ​នេះ ក្រុមការងារ WCS រំពឹងថា នឹង​រកឃើញ​ពងអណ្តើក​ហ្លួង នៅក្នុង​មជ្ឈមណ្ឌល​នេះ​បន្ថែមទៀត ក្នុង​រដូវ​ពង​កូន​ឆ្នាំ​២០២៣ (​ពី​ខែមករា រហូតដល់​ខែ​មិនា​)​។ កាលពី​ឆ្នាំ​២០២២ ក្រុម​អ្នក​អភិរក្ស បាន​រកឃើញ​ពងអណ្តើក​ហ្លួង​នៅលើ​ឆ្នេរ​ខ្សាច់​ដដែល​នេះ ចំនួន​៩​សម្បុក មាន​ពង​សរុប​ចំនួន​៨១​គ្រាប់ និង​ញាស់​បាន​៣៣​កូន​។ បើតាម WCS ការ​បង្កាត់​ពូជ​អណ្តើក​ហ្លួង​នៅក្នុង​មជ្ឈមណ្ឌល​នេះ ជា​គោលដៅ​អភិរក្ស​របស់​អង្គការ និង​រដ្ឋបាល​ជលផល សំដៅ​ស្តារ​ចំនួន​ប្រភេទ​អណ្តើក​ហ្លួង​ឱ្យមាន​ច្រើន​ក្នុង​ធម្មជាតិ​ឡើងវិញ​។​
 
​បច្ចុប្បន្ននេះ មជ្ឈមណ្ឌល​អភិរក្ស​ស​ត្វ​ល្មូ​ន​ខេត្តកោះកុង មាន​អណ្តើក​ហ្លួង​ចំនួន ១៨៤​ក្បាល​។ ចាប់តាំងពី​ឆ្នាំ​២០១៥​មក ក្រុមការងារ WCS បាន​លែង​អណ្តើក​ហ្លួង​ជំទង់​ចំនួន ១៤៧​ក្បាល​ចូលក្នុង​ទីជម្រក​ធម្មជាតិ​វិញ​។ អណ្តើក​ជំទង់ និង​ស្ទើរ​ជំទង់​ក្នុង​មជ្ឈមណ្ឌល ត្រូវបាន​ចិញ្ចឹម​ថែទាំ​នៅក្នុង​ស្រះ​បង្កាត់​ពូជ​ចំនួន ៤ និង​កូនអណ្តើក​តូចៗ​ត្រូវ​បានដាក់​ចិញ្ចឹម​ក្នុង​ធុង​ប្លា​ស្ទិ​ក មុននឹង​ផ្ទេរ​ចូលក្នុង​ស្រះ​បង្កាត់​ពូជ​។​
 
​សូមបញ្ជាក់ថា អណ្តើក​ហ្លួង មានឈ្មោះ​ជា​ភាសា​អង់គ្លេស ថា Southern River Terrapin និង​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Batagur affinis​។ អណ្តើក​ប្រភេទ​នេះ ត្រូវបាន​កត់ត្រា​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUC ថា​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​។ នៅ​ឆ្នាំ​២០០៥ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​ព្រះរាជក្រឹត្យ​ចាត់​ចំណាត់ថ្នាក់​ប្រភេទ​នេះ​ជា សត្វ​ល្មូ​ន​ជាតិ​តំណាងឱ្យ​កម្ពុជា​៕
 

រូបភាពពីអង្គការ WCS

 

Tag:
 កសិកម្ម
  ត្រីប្រា
  វារីវប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com