កីឡាជាតិ
ជាតិ
លោក ស សុខា ជំរុញឱ្យមន្ត្រីដែលបញ្ចប់វគ្គគ្រប់គ្រងបាល់ទះតាមប្រព័ន្ធបច្ចេកវិទ្យា បន្ត​​ពង្រឹង​សមត្ថភាព
21, Jan 2023 , 2:30 pm        
រូបភាព
ពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពីការគ្រប់គ្រងបាល់ទះតាមប្រព័ន្ធបច្ចេកវិទ្យា Volleyball Information System(VIS) និងE-Scoresheet។ រូបពី VFC
ពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពីការគ្រប់គ្រងបាល់ទះតាមប្រព័ន្ធបច្ចេកវិទ្យា Volleyball Information System(VIS) និងE-Scoresheet។ រូបពី VFC
ដោយ:
លោក ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា វាយតម្លៃខ្ពស់ចំពោះសិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងបាល់ទះតាមប្រព័ន្ធបច្ចេកវិទ្យា Volleyball Information System(VIS) និង E-Scoresheet ទាំងការកាត់សេចក្តី និងបច្ចេកទេសលើទីលានប្រកួត​ ក្រោយដំណើរការរៀបចំរយៈពេល ៥ថ្ងៃពីថ្ងៃទី១៦-២០ ខែមករា។ លោក ស សុខា បានជំរុញឱ្យសិក្ខាកាមទាំងអស់ បន្តសិក្សាស្វែងយល់បន្ថែម ​បង្កើនចំណេះដឹង និងច្បាប់ថ្មីៗ ដើម្បីបង្កើន​គុណភាពនៃការរៀបចំការប្រកួតរបស់ខ្លួន។

 
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា  វគ្គបណ្ដុះបណ្ដាលនេះ រៀប​ចំ​ឡើង ដើម្បីពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេសរបស់សហព័ន្ធ ក្នុងការគ្រប់គ្រងតាមបែបបច្ចេកវិទ្យាកំឡុងពេលប្រកួត ពិសេសត្រៀមលក្ខណៈសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា នាពេលឆាប់ៗខាងមុខ ។
 
បើតាមលោក សិរីពិសិដ្ឋ វគ្គសិក្សានេះបានប្រព្រឹត្តទៅដោយរលូន ដោយសិក្ខាកាមបានអនុវត្តតាមកម្មវិធីសិក្សាយ៉ាងហ្មត់ចត់ ​គោរពវិន័យ​ និងបានត្រិះរិះពិចារណា បញ្ចេញយោបល់ទៅវិញទៅមក ដែលបញ្ជាក់ពីការតាំងចិត្តខ្ពស់ ក្នុងការក្រេបយក​ចំណេះដឹងដើម្បីរួមចំណែក​លើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជា។
 
ឆ្លៀតឱកាសនោះ លោក ស សុខា បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិក្សាកាម ក្នុងន័យ​រួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទះជាតិ។  ​លោក ស សុខា បានជំរុញឲ្យសិក្ខាកាមទាំងអស់ បន្ដ​សិក្សាស្វែងយល់បន្ថែម ដើម្បីបង្កើនចំណេះដឹង និងច្បាប់ថ្មីៗ។ «សិក្ខាកាម ដែលជាមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងលេខាតុប្រកួត ខិតខំប្រឹងប្រែងស្រាវជ្រាវ និងរៀនសូត្របន្ថែម នូវបទបញ្ជាថ្មីៗ ។ សូមសង្កត់ធ្ងន់ថា រៀងរាល់ឆ្នាំ បទបញ្ជាតែងមានការ Update ថ្មីបន្ដិចបន្ដួច។ អ៊ីចឹងសូមឲ្យបន្ដសិក្សាស្រាវជ្រាវ ពិសេសតាមដានការប្រកួតអន្ដរជាតិបន្ដបន្ទាប់ ក្នុងនោះគណៈកម្មការរៀបចំការប្រកួត ក៏ត្រូវពង្រឹងគុណភាពនៃការរៀបចំការប្រកួតរបស់ខ្លួនផងដែរ»។ លោក ស សុខា បន្ថែមដូច្នេះ។
 
គួរបញ្ជាក់ថា ពិធីបិទវគ្គបណ្តុះបណ្តាល ស្ដីពីការគ្រប់គ្រងបាល់ទះតាមប្រព័ន្ធបច្ចេកវិទ្យា Volleyball Information System(VIS) និង E-Scoresheet មានសិក្ខាកាមចូលរួម ២៥នាក់ ក្នុងនោះមានស្រី្ត ៨នាក់ មកពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធមួយចំនួន ដែលបង្រៀនដោយគ្រូឧទ្ទេស លោក Pavarit Daitinram មកពីសហព័ន្ធកីឡាបាល់ទះអាស៊ី៕

Tag:
 កីឡាបាល់ទះ
 ស សុខា
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com