ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
CATA និងភាគីពាក់ព័ន្ធនៃវិស័យទេសចរណ៍ ខ្នះខ្នែងត្រៀមទទួលទេសចរចិន និងបរទេស
22, Jan 2023 , 9:00 am        
រូបភាព
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA.
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA.
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA បានប្រាប់សារព័ត៌មានថ្មីៗថា សមាជិកជាង៣០០នាក់ក្នុងសមាគម ដែលសុទ្ធតែជាធនធានក្នុងវិស័យទេសចរណ៍ បានត្រៀមខ្លួនរួចហើយ ក្នុងការទទួលស្វាគមន៍ទេសចរចិន។ ក្រៅពីនេះ ក៏មានការចូលរួមសហការពីសេវាកម្មដឹកជញ្ជូន ,ផ្នែកដឹកនាំភ្ញៀវ ,មគ្គទេសក៍ទេសចរណ៍ ,សេវាកម្មស្នាក់នៅ ,អ្នកផ្គត់ផ្គង់ម្ហូបអាហារ និងរមណីយដ្ឋានធម្មជាតិ ព្រមទាំងសហគមន៍ទេសចរណ៍មួយចំនួន។ល។

 
 
ដើម្បីកាន់តែពិស្តារ សូមលោកនាងកញ្ញា ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ជាមួយលោកស្រី ឆាយ ស៊ីវលីន ប្រធាន CATA ដូចតទៅ៖

 

 
កញ្ញា សុង សុធាវី៖ ទេសចរចិននឹងមកកាន់ប្រទេសកម្ពុជាឆាប់ៗនេះ ក្នុងនាមលោកស្រី ជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA តើត្រៀមខ្លួនយ៉ាងណាសម្រាប់កិច្ចការងារសំខាន់នេះ?
 
លោកស្រី ឆាយ ស៊ីវលីន៖ ភ្ញៀវទេសចរចិន ដែលគាត់បញ្ចប់គោលនយោបាយ ០ កូវីដ-19 នេះ បានធ្វើឱ្យប្រទេសកម្ពុជាយើង ក៏ដូចជាប្រទេសជាច្រើនបានត្រៀមខ្លួន ស្វាគមន៍ទៅកាន់ពួកគាត់ ព្រោះថាភ្ញៀវទេសចរចិនគឺជាទីផ្សារមួយដ៏ធំនៅក្នុងពិភពលោក ហើយក្នុងនោះនៅបណ្តាប្រទេសប៉ែកអឺរ៉ុបក៏ចង់បានទេសចរចិនដែរ ដោយសារតែពួកគាត់ភាគច្រើនចេញទៅទាំងក្រុមៗ ចំណែកឯកម្ពុជា ដោយគ្រាន់តែលឺការប្រកាសពីសម្តេចនាយករដ្ឋមន្រ្តី ឱ្យទទួលទេសចរចិន អ៊ីចឹង ខាងយើងមានភាពរីករាយណាស់ និងត្រៀមសហការជាមួយដៃគូទាំងក្នុងនិងក្រៅប្រទេស ដើម្បីឱ្យដំណើរការការងារនេះមានភាពល្អប្រសើរតាមការរំពឹងទុក។ និយាយរួម នៅកម្ពុជាគឺយើងត្រៀម ទោះបីជាមិនទាន់វិលមកវិញអស់ក៏ដោយ ប៉ុន្តែជាបណ្តើរៗ គឺកំពុងស្រវេស្រវាងើបមកវិញហើយ។ 
 

លោកស្រី ឆាយ ស៊ីវលីន  ក្នុងបទសម្ភាសជាមួយ អ្នកសារព៍ត៌មានថ្មីៗ

កញ្ញា សុង សុធាវី៖  ចំពោះការត្រៀមនេះ ក្រៅពី CATA ដែលមានសមាជិកជាង៣០០នាក់  តើភាគីណាទៀតដែលចូលរួមយ៉ាងសស្រាក់សស្រាំចំពោះកិច្ចការងារដ៏សំខាន់មួយនេះ?

លោកស្រី ឆាយ ស៊ីវលីន៖
ក្រៅពីសមាជិកយើង ​ដែលជាក្រុមការងាររៀបចំកញ្ចប់ទស្សនកិច្ចហ្នឹង គឺមានភាគីជាច្រើនទៀតដែររួមមាន សេវាកម្មដឹកជញ្ជូន ផ្នែកដឹកនាំភ្ញៀវ មគ្គទេសទេសចរណ៍ សេវាកម្មស្នាក់នៅ អ្នកផ្តល់សេវាកម្មម្ហូបអាហារ និង រមនីយដ្ឋានធម្មជាតិ កែច្នែ មជ្ឍមណ្ឌលទេសចរណ៍ ព្រមទាំងសហគមន៍ទេសចរណ៍មួយចំនួនទៀតផងដែរ។ល។ 
 
កញ្ញា សុង សុធាវី៖ មួយវិញទៀត នាងខ្ញុំឃើញថា វត្តមានលោកស្រី បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងវិស័យនេះ ទោះបីជាក្នុងស្ថានភាពកូវីដ-១៩ ។ល។ ដែលកើតមានចំពោះវិស័យទេសចរណ៍យើងកន្លងមក ដែលយើងដឹងហើយថា យើងធ្លាប់តែរងគ្រោះ និងស្ងាត់ជ្រងំ តែវិលមកទទួលទេសចរវិញទាំងចិន និងបរទេសផ្សេងទៀត តើការទទួលស្វាគមន៍នេះ អាចទទួលបានប្រសិទ្ធភាពភ្លាមទេ ឬ យ៉ាងណា?
 
លោកស្រី ឆាយ ស៊ីវលីន៖  ចាស!ពិតមែនហើយក្នុងវិបត្តិកូវីដ ទេសចរបរទេសស្ងាត់យូរដែរ ទើបធ្វើឱ្យបុគ្គលិកកម្មករយើងត្រូវបានកាត់ចោល ព្រោះម្ចាស់អាជីវកម្មគាត់ទ្រាំលែងបាន ស្ងាត់ពេក! ពួកគាត់ក៏អស់ធនធានទៅ អស់ទុនទៅ អ៊ីចឹងក៏សម្រេចចិត្តកាត់បុគ្គលិកចោល! បានធ្វើឱ្យបុគ្គលិកទាំងនោះចាកចេញទៅរកការងារអ្វីផ្សេងធ្វើ  ដែលមិនមែនជាជំនាញក្នុងវិស័យទេសចរណ៍ច្រើនឆ្នាំមកហើយ។ អ៊ីចឹង ពេលនេះ យើងត្រូវការពួកគាត់មកវិញ តែមកក៏បានខ្លះ និងមិនបានមកមួយចំនួនដែរ។ ការមកវិញមួយចំនួនរបស់ពួកគាត់ អាចនឹងមានការភ្លេចភ្លាំងខ្លះ អ៊ីចឹងយើងក៏មានការបណ្តុះបណ្តាលខ្លះពីក្រសួងទេសចរណ៍ ដែលគាត់តែងតែធ្វើតាមរយៈអនឡាញ និងផ្ទាល់ផងដែរ។ ក្នុងហ្នឹងសមាគមយើង ក៏ចូលរួមបណ្តុះបណ្តាលនៅខេត្តសៀមរាប បានខ្លះផងដែរ​។ អ៊ីចឹង វាជាការជួយឡើងវិញ នៃវិស័យទេសចរណ៍ផងដែរ។ យើងមានការសហការគ្នាគ្រប់ផ្នែកទាំងអស់ រួមមានការចូលរួមរៀនសូត្រ បំពេញបន្ថែម ពីបុគ្គលិកជំនាញរបស់យើង តែយើងក៏មិនបានរំពឹងថា ពួកគាត់នឹងមកវិញលឿនភ្លាមដល់ ៦លាននាក់ ដូចពេលមុនដែរ ប៉ុន្តែយើងរំពឹងថា សេវាទេសចរណ៍យើង អាចទទួលយកបាន៕ 
 

Tag:
 បទសម្ភាសសេដ្ឋកិច្ច
  វិស័យទេសចរណ៍
  ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com