អន្តរជាតិ
ការទូតប៉េងប៉ុង ផ្តើមទំនាក់ទំនងចិន-អាម៉េរិក
22, Jan 2023 , 10:00 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ចាប់ដៃជាមួយសមភាគីចិន លោកស៊ី ជិនភីង នៅកោះបាលី ឥណ្ឌូណេស៊ី។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ចាប់ដៃជាមួយសមភាគីចិន លោកស៊ី ជិនភីង នៅកោះបាលី ឥណ្ឌូណេស៊ី។ រូបភាព៖ AFP
មុនឆ្នាំ១៩៧១ ទំនាក់ទំនងអាម៉េរិក និងចិន មិនសូវល្អឡើយ ដោយសារតែប្រទេសទាំងពីរស្ថិតនៅប្លុកផ្សេងគ្នា ពោលគឺមួយប្លុកកុម្មុយនីស្ត និងមួយទៀតប្លុកសេរី។ ប៉ុន្តែទំនាក់ទំនងប្រទេសទាំងពីរ ហាក់ចាប់ផ្តើមល្អប្រសើរនៅក្រោយឆ្នាំ១៩៦៩ ដែលចិន និងសហភាពសូវៀតបានបែកបាក់គ្នា។ តាមរយៈការទូតប៉េងប៉ុងនៅក្នុងឆ្នាំ១៩៧១ ទំនាក់ទំនងចិន និងអាម៉េរិក បានកែប្រែយ៉ាងខ្លាំង រហូតដល់អាម៉េរិកផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដែលជាមិត្តរបស់ខ្លួនថែមទៀត។

 
 
ក្រោយចិន និងសហភាពសូវៀតបាក់បែកនៅក្នុងឆ្នាំ១៩៦៩ ដោយសារតែបញ្ហាទំនាក់ទំនងទ្វេភាគី មនោគមវិជ្ជា និងសន្តិសុខ ក្រុមកីឡាប៉េងប៉ុងចិន នៅក្នុងខែមេសា ឆ្នាំ១៩៧១ បានអញ្ជើញក្រុមកីឡាប៉េងប៉ុងអាម៉េរិក ទៅលេងនៅចិន។ នេះជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៤៩មក ដែលអ្នកសារព័ត៌មានអមជាមួយកីឡាករអាម៉េរិក ធ្វើដំណើរទៅចិន។ តាមរយៈការទូតប៉េងប៉ុងនេះ វាជាការបើកផ្លូវនៃការចាប់ផ្តើមទំនាក់ទំនងអាម៉េរិក និងចិនទៅរកភាពល្អប្រសើរ ហើយក៏មានភាពរកាំរកូសដែរ។ 
 
នៅខែកក្កដា ឆ្នាំ១៩៧១ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Henry Kissinger បានធ្វើដំណើរទស្សនកិច្ចទៅចិនយ៉ាងស្ងាត់ៗ មុនពេលអង្គការសហប្រជាជាតិ បានដកកៅអីពីតៃវ៉ាន់ និងផ្តល់ឱ្យចិនជំនួសវិញ។ រដ្ឋាភិបាលរបស់លោក Chiang Kai-shek ដែលបានភៀសខ្លួនទៅតៃវ៉ាន់ ក្រោយចាញ់សង្រ្គាមស៊ីវិលនៅក្នុងឆ្នាំ១៩៤៩ បានគ្រប់គ្រងកៅអីនៅអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ១៩៤៥មក។ 
 
ប៉ុន្មានខែបន្ទាប់ ពេលគឺនៅខែកុម្ភៈ ឆ្នាំ១៩៧២ ប្រធានាធិបតីអាម៉េរិក លោក Richard Nixon បានធ្វើទស្សនកិច្ចរយៈពេល៨ថ្ងៃ នៅចិន និងបានជួបជាមួយលោកប្រធានម៉ៅ សេទុងថែមទៀត។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងក្នុងនាមជាប្រធានាធិបតីអាម៉េរិកនៅចិន លោក Nixon ក៏បានចុះកិច្ចព្រមព្រៀងក្រុងសៀងហៃជាមួយលោកនាយករដ្ឋមន្រ្តី Zhou Enlai ដើម្បីកែប្រែទំនាក់ទំនង និងអាចជជែកពីបញ្ហាកោះតៃវ៉ាន់ផង។ 


លោក Richard Nixon ប្រធានាធិបតីអាម៉េរិក ចាប់ដៃជាមួយលោក ម៉ៅ សេទុង ក្នុងក្រុងប៉េកាំង នៅឆ្នាំ១៩៧២។ រូបភាព AP
  
ដោយសារតែទំនាក់ទំនងកាន់តែជិតស្និទ្ធ អាម៉េរិក នៅក្នុងឆ្នាំ១៩៧៩ បានសម្រេចផ្តាច់ទំនាក់ទំនងការទូតផ្លូវការជាមួយរដ្ឋាភិបាលតៃវ៉ាន់។ យ៉ាងណាមិញ អាម៉េរិក មិនបានបោះបង់តៃវ៉ាន់ចោលទាំងស្រុងឡើយ ហើយថែមទាំងទុកផ្លូវមួយសម្រាប់លក់អាវុធឱ្យដែនកោះនោះថែមទៀត។ នៅក្នុងខែមេសា ឆ្នាំ១៩៧៩ សភាអាម៉េរិក បានអនុម័តច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដោយអនុញ្ញាតឱ្យអាម៉េរិកអាចធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងវប្បធម៌បានជាមួយតៃវ៉ាន់។ ច្បាប់នេះ ក៏បានអនុញ្ញាតឱ្យអាម៉េរិកផ្តល់អាវុធបែបកាពារដល់តៃវ៉ាន់ផង។ ហេតុនេះហើយ ទើបក្រុងវ៉ាស៊ីនតោនតែងលក់អាវុធ និងគ្រឿងបរិក្ខារយោធាជាច្រើនឱ្យក្រុងតៃប៉ិ។ 
 
ដោយសារទំនាក់ទំនងទ្វេភាគីកាន់តែល្អូកល្អិន អាម៉េរិក ក្រោមរដ្ឋបាលរបស់លោក Ronald Reagan បានអនុញ្ញាតឱ្យចិនទិញសម្ភារយោធាពីខ្លួនថែមទៀត ក្នុងដំណើរទស្សនកិច្ចរបស់លោក Reagan ទៅចិននៅក្នុងឆ្នាំ១៩៨៤។ 
 
ទំនាក់ទំនងដ៏ល្អនេះ គឺមានត្រឹមមួយរយៈពេលប៉ុណ្ណោះ មុនពេលមានការបង្រ្កាបនៅទីលានធាន​អាន​មិន​នៅក្នុងឆ្នាំ១៩៨៩។ បន្ទាប់ពីមានហេតុការណ៍ដ៏អាក្រក់បែបនេះកើតឡើង អាម៉េរិក បានផ្អាកការលក់អាវុធខ្លួនឱ្យចិន ហើយថែមទាំងព្យួរកិច្ចប្រជុំថ្នាក់ខ្ពស់រវាងអាម៉េរិក និងចិនថែមទៀត។ ចំណាត់ការបែបនេះ គឺបង្ហាញពីការខឹងសម្បាររបស់អាម៉េរិកលើចិន ដែលបង្រ្កាបលើអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។
 
ទំនាក់ទំនងប្រទេសទាំងពីរនៅតែមិនល្អប្រសើរឡើងឡើយ ដោយនៅក្នុងឆ្នាំ១៩៩៩ អង្គការណាតូ បានទម្លាក់គ្រាប់បែកចំស្ថានទូតចិនក្នុងក្រុង Belgrade ថែមទៀត។ កាលនោះ កងកម្លាំងណាតូ បានប្រឆាំងកម្លាំងស៊ែប៊ី ដែលគ្រប់គ្រងកូសូវ៉ូនៅក្នុងខែឧសភា ឆ្នាំ១៩៩៩។ ក្រោយពីបញ្ហានេះ អាម៉េរិក និងសម្ព័ន្ធមិត្ត បានសុំទោសចិន។ ប៉ុន្តែប្រជាជនចិនជាច្រើន បានបាតុកម្មនៅទូទាំងប្រទេស និងបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអាម៉េរិកជាច្រើន។ 
 
ក្រោយមក ប្រធានាធិបតីអាម៉េរិក លោកBill Clinton នៅក្នុងខែតុលា ឆ្នាំ២០០០ បានចុះហត្ថលេខាលើច្បាប់ទំនាក់ទំនងចិន ដែលអនុញ្ញាតឱ្យចិនធ្វើពាណិជ្ជកម្មធម្មតាជាមួយខ្លួនឡើងវិញ។ ច្បាប់មួយនេះ ក៏បានត្រួតត្រាយផ្លូវឱ្យចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នៅក្នុងឆ្នាំ២០០១ផង។ 
 
ក្នុងឆ្នាំ២០០៧ ចិន បានប្រកាសបង្កើនការចំណាយលើយោធាចំនួន១៨ភាគរយ ដោយមានទំហំច្រើនជាង៤៥ពាន់លានដុល្លារ។ នេះជាការបង្កើនការចំណាយដ៏ច្រើនមួយ ខណៈចាប់ពីឆ្នាំ១៩៩០ ដល់២០០៥ ចិនបង្កើនការចំណាយលើយោធាត្រឹម១៥ភាគរយប៉ុណ្ណោះ។ ក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី អនុប្រធានាធិបតីអាម៉េរិក លោក Dick Cheney បានយល់ថា ការបង្កើនការចំណាយលើយោធារបស់ចិន ហាក់មិនត្រូវគ្នានឹងការដាក់គោលដៅការកើនឡើងអំណាចដោយសន្តិភាពឡើយ។ កាលនោះ ចិនបានការពារថា ការបង្កើនការចំណាយរបស់ខ្លួន ជាការផ្តល់ការហ្វឹកហាត់ និងប្រាក់ខែដ៏ល្អសម្រាប់យោធាខ្លួន។​
 
រហូតដល់ឆ្នាំ២០០៨ ចិនបានក្លាយជាម្ចាស់បំណុលដ៏ធំជាងគេបំផុតរបស់អាម៉េរិក ដោយនាំមុខជប៉ុន។ កាលនោះ ចិនបានក្តាប់បំណុលអាម៉េរិកប្រមាណ ៦០០ពាន់លានដុល្លារ។ ជាថ្មីម្តងទៀត នៅក្នុងឆ្នាំ២០០៩ ចិន បានក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរ ដោយនាំមុខជប៉ុនទៀត។ នៅក្នុងត្រីមាសទី២ ឆ្នាំ២០០៩ សេដ្ឋកិច្ចចិនមានទំហំ ១,៣៣ទ្រីលានដុល្លារ ខណៈជប៉ុនចំនួន១,២៨ទ្រីលានដុល្លារ។ តាមរយៈរបាយការណ៍ ផលិតក្នុងស្រុកសរុបចិន នៅក្នុងឆ្នាំ២០១០ មានទំហំ៥,៨៨ទ្រីលានដុល្លារ ខណៈជប៉ុនមានចំនួន ៥,៤៧ទ្រីលាន។ 
 
៥ឆ្នាំក្រោយ ថ្នាក់ដឹកនាំកំពូលបក្សកុម្មុយនីស្តចិន បានផ្លាស់ប្តូរជាច្រើនរូប ដោយលោកស៊ី ជិនភីង បានក្លាយជាអគ្គលេខាធិការបក្សនៅក្នុងឆ្នាំ២០១២ មុននឹងក្លាយជាប្រធានាធិបតីចិន នៅក្នុងឆ្នាំ២០១៣។ តាមការចុះផ្សាយរបស់ CFR សមាជិកក្បាលម៉ាស៊ីនបក្សកុម្មុយនីស្តចិន ៧០ភាគរយ ត្រូវបានផ្លាស់ប្តូរ។ នៅក្នុងឆ្នាំ២០១៣ បន្ទាប់ពីលោកស៊ី ជិនភីង បានក្លាយជាប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា បានអញ្ជើញលោកស៊ី ទៅទស្សនកិច្ចនៅរដ្ឋកាលីហ្វ័រញ្ញា ដើម្បីបន្ធូរបន្ថយភាពតាងតឹងរវាងប្រទេសទាំងពីរ។ ក្នុងជំនួបនោះ មេដឹកនាំប្រទេសទាំងពីរ បានងក់ក្បាលសហប្រតិបត្តិលើបញ្ហាទ្វេភាគី តំបន់ និងសកល រួមទាំងបញ្ហាបម្រែបម្រួលអាកាសធាតុ និងកូរ៉េខាងជើងផង។ 
 
នៅក្នុងឆ្នាំ២០១៤ លោកអូបាម៉ា ក្នុងនាមជាប្រធានាធិបតីអាម៉េរិក បានធ្វើទស្សនកិច្ចនៅចិនវិញម្តង ដើម្បីចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។ កាលនោះ ប្រមុខរដ្ឋទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីកាត់បន្ថយឧស្ម័នកាបូនិក។
 

លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាម៉េរិក ជាមួយសមភាគីចិន លោកស៊ី ជិនភីង នៅក្នុងក្រុងប៉េកាំង នៅឆ្នាំ២០១៤។ រូបភាព AFP
 
ទំនាក់ទំនងអាម៉េរិក-ចិន នៅក្នុងរដ្ឋបាលលោកដូណាល់ ត្រាំ ហក់មិនមានភាពល្អប្រសើរឡើយដោយអាម៉េរិកបានដំឡើងពន្ធជាច្រើនលើទំនិញនាំចូលរបស់ចិន ដែលមានទំហំយ៉ាងហោចណាស់ ៥០ពាន់លានដុល្លារ។ កាលនោះ អាម៉េរិក បានចោទចិនថា បានលួចបច្ចេកវិទ្យា និងកម្មសិទ្ធិបញ្ហារបស់អាម៉េរិក។ 
 
បន្ថែមពីនេះ អាម៉េរិក បានដំឡើងពន្ធលើទំនិញផ្សេងទៀតដូចជា សំលៀកបំពាក់ ស្បែកជើងគ្រឿងអេឡិចត្រូនិច ហើយថែមទាំងរឹតត្បិតបច្ចេកវិទ្យាចិន នៅអាម៉េរិកថែមទៀត។ ជាការឆ្លើយតប ចិនបានដំឡើងពន្ធលើទំនិញអាម៉េរិកច្រើនជាង ៥០០មុខ។ បន្ថែមពីនេះ លោកត្រាំ ថែមទាំងបានចុះហត្ថលេខាលើច្បាប់ស្តីពីសិទ្ធិមនុស្សនៅហុងកុង និងប្រជាធិបតេយ្យ ដើម្បីគាំទ្របាតុករនៅហុងកុង ក្នុងឆ្នាំ២០១៩ ថែមទៀត។ 
 
បន្ថែមពីបញ្ហាពាណិជ្ជកម្ម និងនយោបាយ ចិន និងអាម៉េរិក ក៏បានប៉ះទង្គិចពាក្យសម្តីគ្នាជុំវិញជំងឺកូវីដ-១៩ ដោយលោកត្រាំបានហៅជំងឺកូវីដ-១៩ ថាជាវីរុសចិន។ លើសពីនេះ អាម៉េរិក បានជំរុញឱ្យមានការស៊ើបអង្កេតលើប្រភពដើមនៃជំងឺកូវីដ-១៩ នៅចិនផងដែរ។ យ៉ាងណាមិញ ចិន បានចោទវិញថា យោធាអាម៉េរិកជាអ្នកនាំវីរុសបង្កជាជំងឺកូវីដ-១៩ មកចូលប្រទេសខ្លួន។ 
 
ដោយភាពតានតឹងកាន់តែហក់ឡើង អាម៉េរិកបានបញ្ជាឱ្យចិនបិទស្ថានកុងស៊ុលខ្លួននៅក្នុង ក្រុងHouston រដ្ឋ Texas ក្រោមហេតុផលចារកិច្ច និងលួចកម្មសិទ្ធិបញ្ហា។ ចំណែកចិន បានសងសឹក និងបញ្ជាអាម៉េរិកឱ្យបិទស្ថានកុងស៊ុលនៅក្រុង Chengdu វិញ។ ក្រោយរដ្ឋបាលអាម៉េរិកបញ្ចប់អាណត្តិ ចិនបានដាក់ទណ្ឌកម្មលើមន្រ្តីក្នុងរដ្ឋបាលលោកត្រាំជាច្រើនរូប ក្នុងនោះមានលោក ម៉ៃ ប៉ុមប៉េអូ អតីតរដ្ឋមន្រ្តីការបរទេសអាម៉េរិកផង។
 
រហូតមកដល់រដ្ឋបាលលោកចូ បៃឌិន ទំនាក់ទំនងទ្វេភាគីរវាងក្រុងវ៉ាស៊ីនតោន-ក្រុងប៉េកាំង ហាក់មិនល្អប្រសើរឡើយ។ អាម៉េរិក តែងរិះគន់ចិនលើបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង ប្រជាធិបតេយ្យនៅហុងកុង សមុទ្រចិនខាងត្បូង និងការគំរាមសកម្មភាពយោធាលើតៃវ៉ាន់ជាដើម។ ចំណែកចិនវិញ បានរិះគន់អាម៉េរិកផងដែរ​ ជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រីណាន់ស៊ី ផេនឡូស៊ី ប្រធានសភាតំណាងនៅតៃវ៉ាន់។ ក្រោយដំណើរទស្សនកិច្ចនោះ ចិនបានប្រកាសដាក់ទណ្ឌកម្មលើប្រធានសភាតំណាងអាម៉េរិក។ 
 
មិនតែប៉ុណ្ណោះ អាម៉េរិកក្រោយរដ្ឋបាលរបស់លោកបៃឌិន នៅក្នុងខែកុម្ភៈ​ ឆ្នាំ២០២២ បានធ្វើពហិការការទូតនៅកីឡាអូឡាំពិករដូវរងាក្នុងក្រុងប៉េកាំងថែមទៀត។ ការធ្វើពហិការនេះ ធ្វើឡើងក្រោមហេតុផលរដ្ឋាភិបាលចិន បានរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង៕ 

Tag:
 ចិន
  អាម៉េរិក
  សហភាពសូវៀត
© រក្សាសិទ្ធិដោយ thmeythmey.com