ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ សិស្សជាង១០០នាក់ នៅវិទ្យាល័យអណ្ដូងទឹក ទទួល​អាហារូបករណ៍សម្រួលដល់​ការសិក្សា
22, Jan 2023 , 11:00 am        
រូបភាព
ដោយ៖ វុធ អ៊ីត (យុវជនអណ្ដូងទឹក)
 
ស្រុកបទុមសាគរ, កោះកុង៖ សិស្សជាង ១០០នាក់ ដែលរួមមានសិស្សពូកែ និងសិស្សមានជីវភាពខ្វះខាត ដែលកំពុងសិក្សានៅអនុវិទ្យាល័យ និងវិទ្យាល័យអណ្តូងទឹក ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាល​។ លោក អឿ សុទ្ធី នាយកវិទ្យាល័យអណ្ដូងទឹក បានបញ្ជាក់ថា អាហារូបករណ៍នេះ ​បានចូលរួម​លើកទឹចិត្តឱ្យខិតខំរៀនសូត្រ និងសម្រួលដល់ជីវភាពគ្រួសារមួយកម្រិត។

 
នាយកសាលារូបនេះ បានរៀបរាប់ថា បច្ចុប្បន្នសិស្សដែលទទួលបានអាហារូបករណ៍ ចំនួន ១១៩នាក់ ក្នុងនោះស្រី ៦៤នាក់ ក្នុងនោះបានផ្ដល់ឱ្យសិស្សពូកែ ៣០នាក់ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ។ បើតាមលោក សុទ្ធី សម្រាប់សិស្សក្រីក្រចាប់ពីថ្នាក់ទី៧ ដល់ទី៩ ក្នុងមួយឆ្នាំទទួលបានថវិកា ២៤ម៉ឺនរៀល និងថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ទទួលបាន ៣៦ម៉ឺនរៀលក្នុងមួយឆ្នាំ បើក ៣ដង។
 
ដើម្បីទទួលបានអាហារូបករណ៍នេះ តម្រូវឱ្យសិស្សបំពេញតាមលក្ខខណ្ឌជាច្រើន ពោលគឺបំពេញព័ត៌មានផ្ទាល់ខ្លួន ដើម្បីឱ្យគណៈកម្មការពិនិត្យ និងវាយតម្លៃបូកពិន្ទុ ដើម្បីផ្ដល់អាហាររូបករណ៍ឱ្យពួកគេ។ សម្រាប់សិស្សដែលឡើងទៅសិក្សាពីសាលាបឋម នាយកសាលា បានបញ្ជូនព័ត៌មានពួកគេឱ្យទៅអនុវិទ្យាល័យ និងពេលខ្លះលោកគ្រូអ្នកគ្រូ អាចនឹងចុះទៅពិនិត្យផ្ទះរបស់ពួកគេ។ នេះបើតាមលោក អឿ សុទ្ធី។  



បើតាមនាយកវិទ្យាល័យរូបនេះ អាហារូបករណ៍ ដែលផ្ដល់ឱ្យសិស្សានុសិស្ស ​គឺស្ថិតក្រោមគម្រោងរបស់ ADB, ធនាគាពិភលោក ​តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។ លោក អឿ សុទ្ធី បន្តថា អាហារូករណ៍មានអត្ថប្រយោជន៍ច្រើន សម្រាប់សិស្សនុសិស្ស ដើម្បីឱ្យពួកគេខំប្រឹងរៀន និងដោះស្រាយជីវភាពរបស់ពួកគេ ខណៈអាហារូបករន៍នេះ តម្រូវឱ្យសិស្សមករៀនជាប់លាប់ កុំឈប់ច្រើន និងឱ្យរៀនពូកែ។ ប្រសិនបើសិស្សដែលបានអាហរូបករណ៍ឈប់ច្រើន និងប្រឡងធ្លាក់ឆមាស ឬធ្វើខុសក្នុងលក្ខខណ្ឌណាមួយ នឹងត្រូវដកយកអាហារូបករណ៍វិញ។ 
 
យុវតី យេន យួន ជាសិស្សរៀននៅអនុវិទ្យាល័យអណ្ដូងទឹក ថ្នាក់ទី៧ បានទទួលអាហារូបករណ៍ ៥ឆ្នាំ ចាប់ពីថ្នាក់ទី៣ រហូតដល់បច្ចុប្បន្ន។ រូបគេ សប្បាយចិត្តដែលទទួលបានអាហារូបករណ៍ ព្រោះបានជួយសម្រួលដល់ការចាត់ចែងទិញសៀវភៅសិក្សា ប៊ិច សម្លៀកបំពាក់ និងសម្ភារៈសិក្សាផ្សេងៗទៀត។  
យុវតី យេន យួន មានស្រុកកំណើតនៅភូមិជីត្រិះ ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង បានបញ្ជាក់ថា​ ៖«ប្រសិនបើគ្មានអាហារូបករណ៍ ខ្ញុំក៏អាចបន្តការសិក្សាបានទៀត តែមានការលំបាកបន្តិច ហើយឪពុកម្ដាយខ្ញុំពិបាក ក្នុងការផ្ដល់ប្រាក់ឱ្យខ្ញុំរៀន តែខ្ញុំបានអាហារូបករណ៍ជួយសម្រាលបន្ទុកពួកគាត់បានមួយផ្នែក»។ 
សិស្សថ្នាក់ទី៧រូបនេះ បានតាំងចិត្តខិតខំរៀនសូត្រ ត្រង់ត្រាប់ស្ដាប់គ្រូបង្រៀន និងមករៀនគោរពពេលវេលា។ រូបគេបានបន្ថែមថា ក្រៅពីម៉ោងសិក្សាគឺចូលបណ្ណាល័យ ដើម្បីស្រាវជ្រាវ និងអានសៀវភៅបន្ថែម។ យេន យួន តាំងចិត្តយ៉ាងដូច្នេះ៖ «ខ្ញុំនឹងខិតខំរៀនឱ្យចប់ថ្នាក់ទី១២ បើទោះបីគ្រួសារខ្ញុំមានការលំបាក»៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារ​សហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 អប់រំ
  អាហារូបករណ៍
  ស្រុកបទុមសាគរ
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com