ទ្វីបអឺរ៉ុបគឺជាទីកន្លែងដ៏ពិសេសមួយដែលប្រមូលផ្តុំទៅដោយកីឡាករបាល់ទាត់លំដាប់ពិភពលោកមានសមត្ថភាពជាច្រើនប្រកបអាជីព ប៉ុន្តែនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ កីឡាករដែលលេងនៅតំបន់អឺរ៉ុបមួយចំនួនក៏បានផ្លាស់ប្តូរ ទៅកាន់លីគផ្សេងពិសេសលីគនៅចិន Chinese Super League ដើម្បីចាប់ស្រវ៉ាប្រាក់ថ្លៃពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់រួមទាំងជាតារាបាល់ទាត់ប្រចាំលីគកំពូលផង។
កីឡាករដែលបានផ្លាស់ទៅប្រកបអាជីពនៅទឹកដីចិនទទួលបានប្រាក់ឈ្នួលខ្ពស់ទាំងនោះសុទ្ធសឹងតែជាកីឡាករមានឈ្មោះល្បីៗនៅតំបន់អឺរ៉ុប ហើយជាពិសេសខណៈដែលអាជីពរបស់ពួកគេហៀបនឹងបញ្ចប់។ ក៏ ប៉ុន្តែក៏មានកីឡាករមួយចំនួនបានផ្លាស់ចេញពីលីគកំពូលចិន ក្រោយពេលដែលប្រាក់ពលកម្មរបស់ពួកគេត្រូវបានកាត់បន្ថយនៅក្នុងឆ្នាំ ២០២១ ផងដែរ។
មនុស្សជាច្រើនបានចោទប្រកាន់កីឡាករដែលបានផ្លាស់ប្តូរួទៅកាន់លីគកំពូលចិន ថាជាកីឡាករដែលខ្វះមហិច្ឆតាដើម្បីប្រកួតប្រជែងនៅក្របខណ្ឌបាល់ទាត់កម្រិតកំពូលពិភពលោក ប៉ុន្តែដោយសារតែកត្តាប្រាក់បៀវត្សរ៍ដែលផ្តល់ទៅកីឡាករ ស្ទើរតែមិនអាចស្តីបន្ទោសទៅកាន់កីឡាករទាំងនោះបានដែលពួកគេសម្រេចចិត្តផ្លាស់ចេញពីក្លិបយក្សអឺរ៉ុបទៅកាន់ទឹកដីចិន។
នេះជាកីឡាករទាំង ១០ ដែលរកបានប្រាក់ចំណូលខ្ពស់បំផុតនៅលីគបាល់ទាត់កំពូលចិន៖
១. Ezequiel Lavezzi
Lavezzi បានចេញផ្លូវពីក្លិប Paris Saint Germain ផ្លាស់ទៅកាន់ក្លិប Hebei China Fortune ក្នុងឆ្នាំ ២០១៦។ មូលហេតុនៃការផ្ទេរដោយរូបគេទទួលបានប្រាក់ពលកម្មប្រមាណ ៧៩៨,០០០អឺរ៉ូ ក្នុងសប្តាហ៍ ហើយរូបគេបានចូលនិវត្តន៍ពីបាល់ទាត់ក្នុងឆ្នាំ ២០១៩។

២. Carlos Tevez
អតីតខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានផ្លាស់ទៅលេងនៅលីគកំពូលចិនក្នុងឆ្នាំ ២០១៦ ចូលរួមក្រុម Shanghai Shenhua ក្នុងឆ្នាំ ២០១៦។ Tevez ទទួលបានប្រាក់ក្នុងមួយសប្តាហ៍ប្រមាណ ៦៣៥,០០០អឺរ៉ូ ក្នុងមួយសប្តាហ៍ក្រោយផ្លាស់ពីក្លិប Boca Juniors ហើយនៅពេលដែលកើបលុយបានយ៉ាងច្រើនរួចហើយ Tevez បានវិលទៅកាន់ទឹកដីអាហ្សង់ទីនវិញ

៣. Oscar
កីឡាករសញ្ជាតិប្រេស៊ីលធ្លាប់ឈ្នះបានរង្វាន់ជាច្រើនជាមួយក្រុមតោខៀវ Chelsea ការផ្លាស់ទៅទឹកដីចិនបានកើតមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលនៃការដោះដូរនេះ។ Oscar ផ្លាស់ទៅចិនក្នុងឆ្នាំ ២០១៧ ចូលរួមក្រុម Shanghai SIPG ក្នុងឆ្នាំ ២០១៧ ទទួលបានប្រាក់ឈ្នួល ៥០០,០០០អឺរ៉ូមួយសប្តាហ៍ជាប្រាក់ឈ្នួលគុណនឹង ២ពីតំបន់អឺរ៉ុប។

៤. Cedric Bakambu
កីឡាករក្រុមជម្រើសជាតិកុងហ្គោ ធ្លាប់បានលេងនៅលីគកំពូល La Liga ដែលជាតារាបាល់ទាត់មួយរូបលេងនៅ Villarreal ហើយគេជួយក្រុមអេស្ប៉ាញមួយនេះលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League។ កីឡាកររូបនេះបានផ្លាស់ទៅចូលរួមក្រុម Beijing Guoan ហើយដែលគេក្លាយជាកីឡាករអាហ្រ្វិកដំបូងប្រចាំប្រវត្តិសាស្ត្រដែលបានផ្លាស់ទៅចិនក្នុងឆ្នាំ ២០១៨ ដោយរកបានប្រាក់ឈ្នួល ៣៤១,០០០អឺរ៉ូក្នុងមួយសប្តាហ៍។ រូបគេបានវិលទៅកាន់តំបន់អឺរ៉ុបវិញក្នុងឆ្នាំ ២០២២ ដោយបានចូលរួមលេងឱ្យក្រុម Olympique Marseille។

៥. Hulk
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីល រូបគេមិនដែលលេងនៅក្នុងលីគកំពូលអឺរ៉ុបទាំង ៥ឡើយ ហើយបន្ទាប់ពីរូបគេលេងនៅក្រុម FC Porto និង Zenit Saint-Peterburg រូបគេបានសម្រេចចិត្តទៅកើបលុយធំនៅប្រទេសចិនជាមួយក្លិប Shanghai SIPG។ Hulk រកបានប្រាក់ចំនួន ៣២០,០០០ក្នុងមួយសប្តាហ៍ ហើយកីឡាករវ័យ ៣៦ឆ្នាំ បានវិលត្រលប់ទៅកាន់ប្រេស៊ីលក្នុង ២០២១ បន្ទាប់ពីឈ្នះពានរង្វាន់ចំនួន ២នៅចិន។

៦. Graziano Pelle
កីឡាករសញ្ជាតិអ៊ីតាលីរូបនេះធ្លាប់លេងនៅក្រុម Southampton ហើយបង្ហាញខ្លួនបានយ៉ាងល្អ និងក្នុងឆ្នាំ ២០១៥-១៦ រូបគេធ្លាប់លេងក្រោមការដឹកនាំរបស់លោក Ronald Koeman។ កីឡាករ Sadio Mane និង Vergil van Dijk សុទ្ធសឹងតែជាមិត្តរួមក្រុមរបស់គេ។ Pelle បានផ្លាស់ទៅកាន់ក្លិប Shandong Luneng ក្នុងឆ្នាំ ២០១៦ រូបគេរកបានប្រាក់ក្នុងមួយសប្តាហ៍ ២៦៣,០០០អឺរ៉ូ។

៧. Stephan El-Shaarawy
កីឡាករសញ្ជាតិអ៊ីតាលីរូបគេជាកីឡាករដ៏ល្បីមួយរូបលេងនៅ AC Milan រូបគេក៏ធ្លាប់ជាកីឡាករម្នាក់ដ៏ល្បីលើពិភពលោក។ ប៉ុន្តែចាប់តាំងពីផ្លាស់ទៅ Roma រូបគេតែងជួបបញ្ហារបួសជារឿយៗ បន្ទាប់មកគេបានផ្លាស់ទៅក្រុមនៅលីគចិន Shanghai Shenhua ក្នុងឆ្នាំ ២០១៩ ដោយទទួលបានប្រាក់ឈ្នួល ២៤៧,០០០អឺរ៉ូក្នុងមួយសប្តាហ៍។

៨. Paulinho
កីឡាករសញ្ជាតិប្រេស៊ីលធ្លាប់ជាអតីតកីឡាករក្រុម Tottenham Hotspur និង Barcelona រូបគេបានផ្លាស់ទៅកាន់ក្លិប Guangzhou Evergrande ដោយទទួលបានប្រាក់ឈ្នួល ២៣០,០០០អឺរ៉ូក្នុងមួយសប្តាហ៍។ បច្ចុប្បន្នកីឡាករវ័យ ៣៣ឆ្នាំរូបនេះបានផ្លាស់ទៅលេងនៅប្រេស៊ីលលេងឱ្យក្រុម Corinthians។

៩. Eder Citadin Martins
អតីតកីឡាករក្រុមជម្រើសជាតិអ៊ីតាលីដែលធ្លាប់បានលេងក្នុងពានរង្វាន់ Euro 2016 កីឡាករក្រុម Inter រូបនេះបានផ្លាស់ទៅក្រុង Jiangsu Suning ក្នុងឆ្នាំ ២០១៨ ទទួលបានប្រាក់ពលកម្ម ២១៣,០០០អឺរ៉ូមួយសប្តាហ៍។

១០. Marouane Fellaini
កីឡាករសញ្ជាតិបែលហ្ស៊ិកធ្លាប់លេងឱ្យក្រុមបិសាចក្រហម Manchester United ហើយនៅក្នុងឆ្នាំ ២០១៩ រូបកេបានផ្លាស់ទៅកាន់លីគចិន ក្រោយចំណាយពេលជិត ៦ឆ្នាំជាមួយក្រុមយក្សអង់គ្លេស។ នៅចិនរូបគេទទួលបានប្រាក់ ២០៥,០០០អឺរ៉ូដែលវាប្រហាក់ប្រហែលដែលរូបគេទទួលបាននៅក្រុមបិសាចក្រហម តែយ៉ាងណាវ័យរបស់គេក្លាយជាបញ្ហាសម្រាប់ក្រុមអង់គ្លេសហើយរូបគេក៏ទៅលេងនៅចិនតែម្តង៕
