ជាតិ
អង្គការសហប្រជាជាតិ ជំរុញឱ្យកម្ពុជាផ្តល់ភាពស្របច្បាប់ដល់គ្រួសារស្រឡាញ់ភេទដូចគ្នា
21, Jan 2023 , 5:00 pm        
រូបភាព
រូបភាពពី UNDP Cambodia
រូបភាពពី UNDP Cambodia
ភ្នំពេញ៖ អង្គការសហប្រជាជាតិ បានជំរុញឱ្យកម្ពុជាទទួលស្គាល់ «គ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា»ស្របច្បាប់ ដើម្បីវឌ្ឍនភាពឆ្ពោះទៅសមាហរណកម្មពេញលេញ នៃអ្នកស្រឡាញ់ភេទដូចគ្នា ទៅគ្រប់វិស័យទាំងអស់ក្នុងសង្គម។ ជាពិសេស គឺធានាដល់ការការពារពួកគេពីអំពើហិង្សា និងការរើសអើង។

 
 
លោក វិកទ័រ ម៉ាឌ្រីហ្គាល់ បូឡូ (Victor Madrigal-Borloz) អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការពារប្រឆាំងអំពើហិង្សា និងការរើសអើងដោយផ្អែកលើនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃទី២០មករាថា កម្ពុជាបានទទួលស្គាល់ពីដើមដំបូងថា ភាពចម្រុះនៃនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ គឺជាចរិតលក្ខណៈមួយរបស់មនុស្សជាតិ។ ពលរដ្ឋកម្ពុជា និងសមាជិក នៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា គឺជាសមាជិកដ៏មានតម្លៃនៅក្នុងសង្គម ដែលពួកគេមានសិទ្ធិរស់នៅប្រកបដោយសេរីភាព និងសមភាព។
 
លោក វិកទ័រ ម៉ាឌ្រីហ្គាល់ បូឡូ បានធ្វើដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃ នៅភ្នំពេញ ខេត្តសៀមរាប និងបាត់ដំបង ដោយបានជួបជាមួយតំណាងរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត អង្គការសង្គមស៊ីវិល និងអ្នកស្រឡាញ់ភេទដូចគ្នាជាង ១០០នាក់ ដែលបានចែករំលែកបទពិសោធន៍ជីវិតពួកគេរៀងៗខ្លួន។ 
 
អំឡុងពេលទស្សនកិច្ច លោក វិកទ័រ ម៉ាឌ្រីហ្គាល់ បូឡូ មិនបានទទួលព័ត៌មានណាមួយ ពាក់ព័ន្ធនឹងអំពើហិង្សា លើរាងកាយទ្រង់ទ្រាយធំ ឬជាលក្ខណៈប្រព័ន្ធ លើក្រុមអ្នកស្រឡាញ់ភេទដូចគ្នានោះទេ។ ម្យ៉ាងទៀត លោកកត់សម្គាល់ថា កម្ពុជាពុំទាន់មានច្បាប់ ដាក់ទោសលើនិន្នាការផ្លូវភេទ ឬអត្តសញ្ញាណយេនឌ័រនោះទេ។ លោកសប្បាយចិត្ត ព្រោះទាំងនេះ ការលើកទឹកចិត្តមួយ ដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅប្រទេសកម្ពុជា។ 
 
លោក វិកទ័រ ម៉ាឌ្រីហ្គាល់ បូឡូ ថ្លែងដូច្នេះ៖ «នៅមុន និងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ខ្ញុំ ខ្ញុំមិនបានទទួលព័ត៌មានណាមួយអំពីអំពើហិង្សាលើរាងកាយទ្រង់ទ្រាយធំ ឬជាលក្ខណៈប្រព័ន្ធទៅលើក្រុមប្រជាពលរដ្ឋដែលខ្ញុំបានជួបនិយាយជាមួយ ឬមនុស្សដែលពួកគេបានស្គាល់នោះឡើយ។ ខ្ញុំក៏កត់សម្គាល់ឃើញផងដែរថា ប្រទេសកម្ពុជាមិនមានច្បាប់ដែលដាក់ទោសលើនិន្នាការផ្លូវភេទ ឬអត្តសញ្ញាណយេនឌ័រនោះទេ។ នេះពិតជាបានផ្តល់ឱ្យខ្ញុំនូវចំណុចចាប់ផ្តើម ដែលជាការលើកទឹកចិត្តមួយ»។
 
អំពើហិង្សា និងការរើសអើងប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា មានប្រភពចេញពីរង្វង់គ្រួសារ ហើយបន្ទាប់មក រីករាលដាលដល់ជីវិតនៅក្នុងសាលារៀន ការងារ និងនៅពេលទទួលសេវាសុខភាព។ កង្វះខាតទិន្នន័យ ធ្វើឱ្យមានការលំបាកក្នុងការវិភាគបញ្ហាប្រឈម ដែលអ្នកស្រឡាញ់ភេទដូចគ្នាជួបប្រទះ និងការដាក់ចេញ និងអនុវត្តវិធានការដើម្បីដោះស្រាយបញ្ហាទាំងនេះ ។
ទន្ទឹមនេះ លោក ម៉ាឌ្រីហ្គាល់ បូឡូ បានណែនាំថា កម្ពុជា គួរតែមានការអង្កេតស្ទង់មតិ និងការប្រមូលទិន្នន័យ។ មិនតែប៉ុណ្ណោះ លោកស្នើឱ្យមានការចូលរួមពេញលេញ របស់សហគមន៍ពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ក្នុងការៀបចំបង្កើតការអនុវត្ត និងវាយតម្លៃគោលនយោបាលសាធារណៈ ដែលនេះគឺជាផ្នែកមួយមិនអាចខ្វះបាន។ 
 
អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិរូបនេះ បង្ហាញថានៅក្នុងបរិបទកម្ពុជា សហគមន៍មូលដ្ឋាន បានកំណត់ការទទួលស្គាល់ផ្លូវច្បាប់ ចំពោះគ្រួសាររបស់អ្នកស្រឡាញ់ភេទដូចគ្នា ជាគន្លឹះបរិយាប័ន្នសង្គម។ កត្តានេះ មានទំនាក់ទំនងជាក់លាក់ ចំពោះគុណតម្លៃ ដែលដក់ជាប់យ៉ាងជ្រៅ ដែលពង្រឹងចំណងមេត្រីគ្រួសារ និងការគោរព និងសាមគ្គីភាពអន្តរជំនាន់ ជាផ្នែកមួយនៃការទទួលស្គាល់តម្លៃខ្លួនឯង និងទំនួលខុសត្រូវក្នុងសង្គម។
 
លោក ម៉ាឌ្រីហ្គាល់ បូឡូ លើកទឹកចិត្តដល់រដ្ឋាភិបាល ជំរុញវឌ្ឍនភាពឆាប់រហ័ស ដោយផ្អែកលើមូលដ្ឋានច្បាស់លាស់ ដែលឆ្លុះបញ្ចាំងពីតថភាពនៃជីវិត និងសេចក្ដីត្រូវការរបស់គ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា ស្របតាមការប្ដេជ្ញាចិត្ត ដែលធ្វើឡើងតាំងពីឆ្នាំ ២០១៩ គឺ ការទទួលស្គាល់គ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា តាមរយៈការទទួលស្គាល់តាមផ្លូវច្បាប់ នៃអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ការទទួលស្គាល់តាមផ្លូវច្បាប់ នៃអត្តសញ្ញាណយេនឌ័រ និងការអនុម័តច្បាប់គ្រប់ជ្រុងជ្រោយ ប្រឆាំងការរើសអើង៕ 

Tag:
 គ្រួសារស្រឡាញ់ភេទដូចគ្នា
  LGBT
  អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com