ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ លោក ជឿន សុខុន ថាការអភិវឌ្ឍក្នុងឃុំជោគជ័យ ត្រូវការចូលរួមពីអាជ្ញាធរ និងពលរដ្ឋ
×
ដោយ៖ ខុំ ស៊ីម៉ៃ ( យុវជនឃុំព្រៃគុយ)
ស្រុកកំពង់ស្វាយ, ខេត្តកំពង់ធំ៖ ក្នុងឃុំព្រៃគុយ បានអភិវឌ្ឍន៍ហេដ្ឋារចនាសម័្ពន្ធជាបន្តបន្ទាប់ ទៅតាមផែនការរបស់ឃុំ។ លោក ជឿន សុខុន បានលើកឡើងថា ការទទួលបានសមិទ្ធផលជោគជ័យក្នុងឃុំនេះ គឺមានការចូលរួមពីអាជ្ញាធរ ជាពិសេសគឺមានការសហការពីប្រជាពលរដ្ឋ។
ក្នុងឆ្នាំ២០២២ ឃុំព្រៃគុយ បានធ្វើផ្លូវក្រួសក្រហម ចំនួន ៧ ០០០ ម៉ែត្រ។ លោក ជឿន សុខុន បានឱ្យដឹងថា ការជួសជុសផ្លូវ ជាគម្រោងអទិភាពមួយ ព្រោះផ្លូវក្នុងឃុំ មានការខូតខាតច្រើន ដោយសារបញ្ហាទឹកជំនន់។ លោកមេឃុំ ថា កន្លងមកការអភិវឌ្ឍផ្លូវ ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងឃុំ គឺប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានសហការយ៉ាងសកម្ម។
លោក ជឿន សុខុន អះអាងដូច្នេះ៖ «ដើម្បីឱ្យ ផែនការអភិវឌ្ឍន៍នៅក្នុងឃុំអាចសម្រេចទៅបានដោយជោគជ័យទាមទារឱ្យ មានការចូលរួមពីភាគីពាក់ព័ន្ធពីរខាងក្រុមប្រឹក្សាឃុំនិងខាងបច្ចេកទេសស្រុក និងខេត្តដោយការជួយវាស់វែងផ្លូវនិងមានឯកសារពាក់ព័ន្ធ ប្លង់គំរូ ខាងឃុំដើម្បីចេញជាសមិទ្ធផលដែលអាចទទួលយកបាន»។
ជាមួយគ្នានេះ លោកមេឃុំ បានបញ្ជាក់ថា ក្រៅពីការចូលរួមពីអាជ្ញាធរ ពលរដ្ឋនៅក្នុងឃុំ ក៏បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពអភិវឌ្ឍន៍ ដូចជាការជួយបរិច្ចាគថវិកាផ្ទាល់ខ្លួនជាដើម ។ « គាត់បានចូលរួមចំណែកដូចជាការចំណាយការលះបង់ដី និងដើមឈើដែលជាចំណីផ្លូវ ប៉ុន្តែខាងឃុំមិនដែលទៅរំលោភបំពានយកដីរបស់ប្រជាពលរដ្ឋទេ ដោយសារតែដីឬក៏ដើមឈើដែលគាត់ដាំនោះជាចំណីផ្លូវ។ ប្រជាពលរដ្ឋគាត់ក៏បានចូលរួមច្រើនគ្រួសារជាថវិកាក្នុងការអភិវឌ្ឍន៍ផ្លូវ ដោយមួយគ្រួសារចូលរួមមួយពាន់រៀលក្នុងមួយគម្រោងនេះ»។
មេឃុំរូបនេះ សង្ឃឹមថា ពលរដ្ឋទាំងអស់ នឹងនៅតែបន្តសហការ និងគាំទ្រគម្រោងនានាក្នុងឃុំ ដើម្បីឱ្យឃុំកាន់តែអភិវឌ្ឍន៍រីកចម្រើន។
អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។
© រក្សាសិទ្ធិដោយ thmeythmey.com