ជាតិ
លោក និក ម៉ាក៖ អន្ទាក់តាមព្រៃ ធ្វើឱ្យជីវិតសត្វព្រៃជួបហានិភ័យខ្ពស់
21, Jan 2023 , 6:00 pm        
រូបភាព
លោក និក ម៉ាក៖ អន្ទាក់ធ្វើឱ្យជីវិតសត្វព្រៃជួបហានិភ័យខ្ពស់
លោក និក ម៉ាក៖ អន្ទាក់ធ្វើឱ្យជីវិតសត្វព្រៃជួបហានិភ័យខ្ពស់
ដោយ:
ភ្នំពេញ៖ អន្ទាក់បានធ្វើឱ្យអ្នកអភិរក្ស  អ្នកការពារសត្វព្រៃគ្រប់ទីកន្លែង បារម្ភពីសុវត្ថិភាព សម្រាប់សត្វព្រៃគ្រប់ប្រភេទ ដែលកំពុងរស់នៅក្នុងជម្រកធម្មជាតិ។ ជាមួយគ្នានេះ លោកនិក ម៉ាក បានបង្ហាញពីកង្វល់ខណៈសត្វជាប់អន្ទាក់ចំនួនត្រូវពិការ និងបាត់បង់ជីវិតជាបន្តបន្ទាប់។

 
អន្ទាក់អាចជាអាវុធសាមញ្ញ ថោក ប៉ុន្ដែអាចយកជីវិតសត្វព្រៃទាំងតូចធំ បានគ្រប់ប្រភេទដោយមិនរើសមុខ។ សត្វដែលជាប់អន្ទាក់ហើយ  មានជម្រើសតែ២ប៉ុណ្ណោះ គឺទី១ ត្រូវទ្រាំចាំស្លាប់ដោយសារចំណងអន្ទាក់ និងទី២ត្រូវរើបម្រាសចេញទោះត្រូវឈឺចាប់ ឬពិការក្តី។ ភាគច្រើននៃសត្វរើខ្លួនរួចផុតពីអន្ទាក់ គឺត្រូវពិការកាយសម្បទា។ បើមានសំណាងអាចសះស្បើយ ប៉ុន្ដែបើអកុសលសត្វនោះ ត្រូវរស់ដោយពិការ មានរបួស និងដំបៅជាប់ខ្លួនរហូតដល់ស្លាប់ខ្លួន។ 


លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រាប់សារព័ត៌មានThmeyThmey25ថា នៅប្រទេសកម្ពុជា ជនឆ្លៀតឱកាសប្រមាញ់សត្វ មិនមែនលួចដាក់អន្ទាក់ត្រឹមមួយ ឬពីរទេ ពួកគេអាចដាក់រាប់រយរាប់ពាន់ ពង្រាយតាមព្រៃ ដើម្បីចាប់សត្វព្រៃ។ មួយឆ្នាំៗ មានសត្វច្រើន បានរងគ្រោះដោយសារជាប់អន្ទាក់ មានខ្លះត្រូវងាប់ ខ្លះត្រូវពិការ និងត្រូវរស់នៅបន្តដោយគ្មានការព្យាបាលនោះទេ។ 
 
«អន្ទាក់ច្រើនណាស់នៅតាមព្រៃ ព្រានដាក់រាប់រយដើម្បីចាប់សត្វ។ យើងមិនដឹងថា ពួកគេគិតអ្វីទេ? អន្ទាក់អាក្រក់ណាស់ វាអាចសម្លាប់សត្វនៅក្នុងព្រៃមិនថា ទំហំប៉ុនណានោះឡើយ។ បើនៅក្នុងព្រៃគ្មានអន្ទាក់ សត្វព្រៃអាចមានសុវត្ថិភាព និងរីករាយ ក្នុងការរស់នៅតាមជម្រករបស់ពួកវា»។ នេះជាការលើកឡើងរបស់លោក និក។ 
 

រូបភាពទន្សោងឈ្មោល ជាប់អន្ទាក់នៅសហគមន៍ការពារព្រៃឈើប្រាំបីមុម។ រូបភាពដោយ សួនសត្វភ្នំតាម៉ៅ។

ជាមួយគ្នានោះ នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃបានបន្ថែមថា បច្ចុប្បន្នលោក រួមជាមួយក្រុមការងារ និងអ្នកអភិរក្សគ្រប់រូបពិតមិនអាចកំណត់បានថា តើមានសត្វប៉ុន្មានក្បាលអាចដើរជាន់ និងជាប់អន្ទាក់ក្នុងមួយថ្ងៃ?  តើពួកវាអាចត្រូវពិការ ឬស្លាប់ពេលណា ក៏គ្មានអ្នកណាស្មានបាន។ 
 
«យើងមើលលទ្ធផល សត្វជាប់អន្ទាក់ថ្មីៗនេះ សត្វកែះញីដែលមានកូនផ្ទៃបានស្លាប់ បន្ទាប់ពីពេទ្យអស់លទ្ធភាពជួយ។  កូនខ្ទីងមួយក្បាលងាប់ បន្ទាប់ពីសង្គ្រោះបានពីរ បីថ្ងៃ នៅភ្នំតាម៉ៅ។


កូនខ្ទីងសង្គ្រោះនៅខ្នងផ្សារសប្តាហ៍មុនបានស្លាប់ហើយបន្ទាប់ពីពេទ្យជួយសង្គ្រោះអស់លទ្ធភាពទ្រី ស៊ីថេង។

ជាចុងក្រោយនេះ សត្វទន្សោង ដែលត្រូវបានជួយសង្គ្រោះពីប្រាំបីមុម ហើយពេលនេះ កំពុងទទួលការព្យាបាលពីពេទ្យជំនាញ»។ នេះជាលើកឡើងរបស់ លោកនិក ដោយបានបន្ថែមថា ទាំងនេះជាព័ត៌មានទទួលបាន បន្ទាប់ពីក្រុមការងារបានសង្គ្រោះពួកវា ប៉ុន្ដែតើមានសត្វចំនួនប៉ុន្មានក្បាលនៅក្នុងព្រៃ ដែលក្រុមការងារមិនបានសង្គ្រោះ និងគ្មានព័ត៌មាន។
 

សត្វកែះដែលបានស្លាប់បន្ទាប់ពីមិនអាចសង្គ្រោះបាន បន្ទាប់ពីជាប់អន្ទាក់នៅខេត្តបាត់ដំបង។ រូបភាពដោយក្រសួងបរិស្ថាន។

សម្រាប់លោក និកគិតថា កម្ពុជាគួររឹតបន្តឹងច្បាប់ ឬព្យាយាមអនុវត្តបន្ថែម ដើម្បីកាត់បន្ថយបទល្មើសការដាក់អន្ទាក់ រួមជាមួយការទប់ស្កាត់ការជួញដូរ ការបរិភោគសាច់សត្វព្រៃ ទើបហានិភ័យសម្រាប់ជីវិតសត្វព្រៃទាំងនោះ ត្រូវបានកាត់បន្ថយជាងពេលបច្ចុប្បន្ន៕ 

Tag:
 អន្ទាក់
  សត្វព្រៃ
  ហានិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com