ជាតិ
សាំងធម្មតា និងម៉ាស៊ូត ឡើងថ្លៃ២០០រៀល ក្នុងមួយលីត្រ មន្រ្តី អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ចុះណែនាំដល់ម្ចាស់ស្ថានីយឱ្យអនុវត្តតម្លៃប្រេងឥន្ធនៈ តាមសេចក្ដីប្រកាស របស់ក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ ២០១៨។ រូបពី កបប
× ភ្នំពេញ៖ សាំងធម្មតា និងម៉ាស៊ូត បានឡើងថ្លៃ ២០០រៀល ក្នុងមួយលីត្រ ដែលគិតចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមករា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី ២១ ខែមករា។
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ចាប់ពីថ្ងៃទី២១ ដល់៣១ ខែមករា ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា នឹងត្រូវលក់ ៤ ៤០០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង ៤ ៦០០រៀល សម្រាប់ម៉ាស៊ូត។ តម្លៃនេះ បានហក់ឡើង ២០០រៀល ក្នុងមួយលីត្រ ធៀបនឹងរយៈពេល ១១ថ្ងៃមុន សាំងធម្មតា មានតម្លៃ ៤ ២០០រៀល ក្នុងមួយលីត្រ និង ម៉ាស៊ូត តម្លៃ ៤ ៤០០រៀល ក្នុងមួយលីត្រ។
ក្នុងសេចក្តីជូនដំណឹងដដែល ក្រសួងពាណិជ្ជកម្ម ក៏បានពន្យល់ដែរថា ក្រសួងមិនមែនជាអ្នកកំណត់តម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជានោះទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង ឬចុះតាមទីផ្សារប្រេងអន្តរជាតិ ហើយយកមកគណនាជូនសាធារណជនប៉ុណ្ណោះ។ ក្រសួងពាណិជ្ជកម្ម ក្រើនរំលឹកដល់គ្រប់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវប្រតិបត្តិតម្លៃតាមសេចក្ដីជូនដំណឹងជាចាំបាច់៕
Tag:
សាំងធម្មតា
ម៉ាស៊ូត
ក្រសួងពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com