កីឡាជាតិ
ជាតិ
ក្លិបបាល់ទាត់បន្ទាយមានជ័យ សុំដកខ្លួនពីការប្រកួតលីគ២ រដូវកាល២០២៣
21, Jan 2023 , 10:30 pm        
រូបភាព
ក្លិបបាល់ទាត់បន្ទាយមានជ័យ ប្រកួតជាមួយ ISI ដង្កោសែនជ័យ រូបពី Cambodian League 2
ក្លិបបាល់ទាត់បន្ទាយមានជ័យ ប្រកួតជាមួយ ISI ដង្កោសែនជ័យ រូបពី Cambodian League 2
ការប្រកួតជើងឯកលីគ២ រដូវកាល២០២៣ នឹងចាប់ផ្ដើមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។ មុនចាប់ផ្តើមរដូវកាលថ្មីនេះ ក្លិបបន្ទាយមានជ័យ បានប្រកាសដកខ្លួនពីការប្រកួតលីគ២ ក្រោមហេតុផលហិរញ្ញវត្ថុ។ មកទល់ពេលនេះ ក្រុមហ៊ុន Cambodian Premier League (CPL) ក៏មិនទាន់បញ្ជាក់នៅឡើយ អំពីចំនួនក្លិបដែលត្រូវចូលរួមប្រកួតក្នុងរដូវកាលនេះ ព្រោះក្លិបទាំងនោះ មានពេលជាង៨ខែទៀតក្នុងការរៀបចំខ្លួន និងបំពេញតាមលក្ខខណ្ឌរបស់ CPL។



យោងតាមការផ្សាយរបស់ក្លិបបាល់ទាត់បន្ទាយមានជ័យ នារសៀលថ្ងៃទី២០ ខែមករា ក្លិប នឹងមិនចូលរួមប្រកួតជើងឯកលីគ២ទេ ប៉ុន្ដែនឹងនៅបន្ដចូលរួមប្រកួតក្នុ ងក្របខណ្ឌពានសម្ដេច ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣។ ចំពោះលិខិតស្នើសុំដកខ្លួននេះ  មន្ដ្រី CPL សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា៖«ការដកខ្លួន ឬបញ្ហារបស់ក្លិប ក្រុមហ៊ុនលីគ មិនអាចឃាត់ ឬហាមមិនឲ្យក្លិបដកខ្លួនទេ ព្រោះជាសិទ្ធិរបស់ក្លិបនីមួយៗ។ យ៉ាងណាមិញ បញ្ហានេះ ត្រូវតែមានការឯកភាពពីសហព័ន្ធបាល់ទាត់កម្ពុជា។»។


ក្លិបបាល់ទាត់បន្ទាយមានជ័យ ប្រកួតជាមួយ ISI ដង្កោរសែនជ័យ រូបពី Cambodian League 2

លិខិតសុំដកខ្លួន បានបញ្ជាក់ថាក្លិបជួបហិរញ្ញវត្ថុ។ នេះហាក់ដូចលឿនពេកក្នុងការដកខ្លួន ព្រោះក្លិបនៅមានពេលជាង ៨ខែ ក្នុងការរៀបចំខ្លួនដើម្បីប្រកួតរដូវកាលថ្មី។ លោក អ៊ុំ រ៉ុមឡារិទ្ធ អគ្គលេខាធិការក្លិបបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា រូបលោក ពិតជាងចង់ឲ្យក្រុមតំណាងខេត្តមួយនេះ ចូលរួមប្រកួតណាស់ ប៉ុន្ដែត្រូវជួបបញ្ហាបែបនេះទៅវិញ។

ចំពោះការវិលត្រឡប់ ឬអាចចូលរួមវិញឬយ៉ាងណា សារព័ត៌មានថ្មីៗ បានព្យាយាមទំនាក់ទំនងទៅលោក ឈូ ប៊ុនរឿង ប្រធានក្លិបបន្ទាយមានជ័យដែរ ប៉ុន្ដែមិនទទួលបានការឆ្លើយតបឡើយ។
 
គួរបញ្ជាក់ថា ការប្រកួតក្នុងរដូវកាល២០២២ ក្លិបនេះធ្វើមិនបានល្អទេ ព្រោះបានត្រឹមចំណាត់ថ្នាក់បាតតារាង ក្នុងចំណោម ១២ក្លិបចូលរួម ដោយក្នុង២២ប្រកួត ឈ្នះ១ ចាញ់១៨ និងស្មើ៣៕

Tag:
 បាល់ទាត់
  លីគ២
© រក្សាសិទ្ធិដោយ thmeythmey.com