ប្រធានាធិបតីចិនលោក ស៊ី ជិនភីង ជាមេដឹកនាំដ៏មានអំណានាពេលបច្ចុប្បន្ន។ ស្របពេល ពង្រឹងអំណាចនយោបាយរបស់ខ្លួន លោកស៊ី ក៏មានគោលដៅចម្បងចង់ប្រែក្លាយចិនទៅជាប្រទេសដែលមានកម្រិតកីឡាបាល់ទាត់ដ៏ខ្លាំងក្លាមួយផងដែរ។ ការពង្រឹកកីឡាកថ្នាល ជាគោលនយោបាយចិន ដើម្បីសម្រេចមហិច្ឆតាក្លាយជាក្រុមបាល់ទាត់បុរសល្អបំផុតនៅអាស៊ីឆ្នាំ២០៣០ និងល្អបំផុតលើលោកឆ្នាំ២០៥០។ ទោះជាយ៉ាងណា ឧបសគ្គនៅតែមានសម្រាប់ចិនលើវិស័យកីឡាមួយនេះ។
រដ្ឋាភិបាលចិនបានបង្ហាញមហិច្ឆតារបស់ខ្លួន លើវិស័យកីឡាបាល់ទាត់ ដោយបានធ្វើកំណែទម្រង់ដ៏ធំមួយដើម្បីបង្កើនសមត្ថភាពនៃការប្រកួតកីឡាបាល់ទាត់ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកមួយនេះ។
គោលដៅសំខាន់ចំបងនៃគម្រោងរបស់ចិន ធ្វើយ៉ាងណាដើម្បីធានាថាក្រុមបាល់ទាត់ស្ត្រីចិន ក្លាយជាក្រុមខ្លាំងមួយនៅលើពិភពលោក ចំណែកក្រុមបុរសវិញ ត្រូវតែរីកចម្រើនក្លាយជាក្រុមដ៏អស្ចារ្យមួយក្នុងតំបន់ និងពិភពលោក ចន្លោះឆ្នាំ២០៣០ ទៅឆ្នាំ ២០៥០។

ប្រធានាធិបតិចិន ស៊ី ជីនភីងកំពុងទាត់បាល់។ រូបភាព Xinhua
ចំពោះគោលដៅរយៈពេលវែងមួយទៀត ប្រទេសចិន ចង់ធ្វើជាម្ចាស់ផ្ទះកីឡាបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០៣០។ ចិន មានប្រវត្តិចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោកតែម្ដងគត់នៅឆ្នាំ ២០០២ ហើយកាលនោះពួកគេធ្លាក់ត្រឹមវគ្គចែកពូល ដោយចាញ់ក្រុមទាំងបីក្នុងពូល និងរកគ្រាប់បាល់បានតែ ១ គ្រាប់ប៉ុណ្ណោះ។
តាមរយៈគម្រោងនេះ ចិនបានសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាបាល់ទាត់ជាច្រើន នៅកម្រិតថ្នាក់ជាតិ និងនៅតាមសាលារៀន រួមជាមួយនឹងការបង្កើនហេដ្ឋារចនាសម្ព័ន្ធកីឡាបាល់ទាត់នៅទូទាំងប្រទេសផងដែរ។
មកទល់ពេលនេះ អាគារបណ្តុះបណ្តាលកីឡាបាល់ទាត់ចិនមាន ២ម៉ឺនកន្លែងនៅក្នុងសាលាបឋមសិក្សា និងមធ្យមសិក្សា និងគ្រោងសាងសង់អាគារលើសនេះពីរដងនៅត្រឹមឆ្នាំ ២០២៥។ ជាក់ស្ដែង សាលារៀនតែ ៥០០០ប៉ុណ្ណោះនៅទូទាំងប្រទេសចិន ដែលបានផ្តល់មធ្យោបាយហ្វឹកហាត់កីឡាបាល់ទាត់ដល់សិស្សក្មេងៗ។ នេះបើយោងតាមការផ្សាយរបស់ទូរស្សន៍ចិន CCTV។
ដើម្បីរកមូលនិធិសម្រាប់ទ្រទ្រង់គម្រោងខាងលើនេះ ចិនបានអំពាវនាវឱ្យមានការបើកឆ្នោតកីឡាជាតិផងដែរ ដើម្បីយកប្រាក់ ទៅបង្កើនការវិនិយោគនៅក្នុងវិស័យកីឡាបាល់ទាត់ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន។

នេះមានន័យថា ចិនមិនត្រឹមតែចង់ពង្រឹងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចខ្លួនប៉ុណ្ណោះទេ ប៉ុន្តែមានផែនការធំៗ ក្នុងវិស័យបាល់ទាត់ខ្លាំងក្លាផងដែរ។ ចាប់តាំងពីឆ្នាំ ២០១៥ ប្រទេសនេះដំណើរការកម្មវិធីបាល់ទាត់ទូទាំងប្រទេស ស្របតាមការចង់បានរបស់លោក ស៊ី ជិនភីង។
យ៉ាងណាក៏ដោយ បើទោះចិនបង្កើនការប្រឹងប្រែង ដោយប្រើកញ្ចប់ប្រាក់ដ៏ច្រើនដើម្បីនាំយកគ្រូល្បីៗដូចជាលោក Marcello Lippi និង Fabio Cannavaro ជាដើម ប៉ុន្តែក្រុមជម្រើសជាតិឈុតធំចិននៅតែខកខានបង្ហាញខ្លួននៅ World Cup ឆ្នាំ២០២២ នៅកាតា។
បើទោះយ៉ាងនេះក្តី មហិច្ឆតាបាល់ទាត់ចិនមិនបញ្ចប់ត្រឹមនេះឡើយ។ តាមគោលដៅផ្លូវការរដ្ឋ នៅឆ្នាំ ២០៣០ ក្រុមកីឡាបាល់ទាត់បុរសចិន នឹងក្លាយជាក្រុមល្អបំផុតនៅអាស៊ី ហើយនៅឆ្នាំ ២០៥០ ជាក្រុមល្អបំផុតនៅក្នុងពិភពលោក។
មកទល់ពេលនេះ ចិនបានតែងតាំងលោក Li Xiaopeng ជាគ្រូបង្វឹកក្រុមជម្រើសជាតិវិញ។ លោក Xiaopeng វ័យ៤៧ឆ្នាំ ធ្លាប់ជាកីឡាករជម្រើសជាតិចិនចន្លោះឆ្នាំ២០០០ ដល់២០០៤ ដោយបង្ហាញខ្លួន៣៩ប្រកួត។
លោក Lars Isecke អតីតកីឡាករ និងគ្រូបង្វឹកក្រុមយុវជនអាល្លឺម៉ង់ ដែលទទួលបានការតែងតាំងជាប្រធានផ្នែកអប់រំគ្រូបង្វឹកកម្រិតខ្ពស់នៅសហព័ន្ធកីឡាបាល់ទាត់ចិន (CFA) បាននិយាយថា ក្រុមថ្នាល និងយុវជនចិនប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់។
«ខ្ញុំបានឃើញពួកគាត់ហាត់បាល់ទាត់ដូចមនុស្សយន្តអ៊ីចឹង។ គួរឱ្យភ្ញាក់ផ្អើល ដែលកីឡាករក្មេងៗប្រឹងប្រែងហ្វឹកហាត់បែបនេះ»។ នេះជាការបញ្ជាក់របស់លោក Isecke វ័យ៥១ឆ្នាំ ដែលធ្លាប់ជាគ្រូរបស់ក្រុម U-19 ចិនអំឡុងឆ្នាំ២០១៧៕