ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ មេឃុំអណ្ដូងទឹក លើកពីតួអង្គសំខាន់ៗ នៅក្នុងការចូលរួមអភិវឌ្ឍន៍ឃុំ
×
ដោយ៖ វុធ អ៊ិត (យុវជនឃុំអណ្ដូងទឹក)
ស្រុកបទុមសាគរ, កោះកុង៖ដើម្បីអភិវឌ្ឍភូមិឃុំឱ្យមានភាពល្អប្រសើរ គឺត្រូវមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងក្នុងនិងក្រៅឃុំ មិនមែនពឹងផ្អែកតែលើក្រុមប្រឹក្សាឃុំនោះទេ។ ប្រជាពលរដ្ឋអង្គការក្រៅរដ្ឋាភិបាល និងអង្គការដៃគូផ្សេងៗទៀត ជាតួអង្គដ៏សំខាន់ ដើម្បីជួយឱ្យឃុំអភិវឌ្ឍទៅបានកាន់តែប្រើសើរឡើង។នេះបើតាមលោក ឃៀង យិង មេឃុំអណ្ដូងទឹក។
មេឃុំអណ្ដូងទឹក លោក ឃៀង យិងបានឱ្យដឹងថា កន្លងមកអង្គការក្រៅរដ្ឋាភិបាលបានបង្រៀននិងផ្ដល់ទន់ឱ្យប្រជាពលរដ្ឋនៅក្នុងឃុំអណ្ដូងទឹក ខាងផ្នែកកសិកម្ម។ ពលរដ្ឋទាំងនោះ
បានដាំដំណាំផ្នែកបំណិនជីវិត ទទួលបានផលច្រើនដោយមានអ្នកខ្លះបាននាំយកទៅលក់លើទីផ្សារទៀតផង។
លោក ឃៀង យិង បានរៀបរាប់ថា នៅឆ្នាំ២០២២ផ្នែកកសិកម្ម ឬបំណិនជីវិត អង្គការដៃគូបានបង្រៀនប្រជាពលរដ្ឋឱ្យដាំដំណាំគឺមានការលូតលាស់ច្រើន។
ប៉ុន្តែប្រជាពលរដ្ឋនៅតែមានផលលំបាកទាក់ទងជាមួយនឹងការធ្វើដំណើរតាមផ្លូវដោយសារនៅរដូវវស្សាមានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យផ្លូវខូចខាតច្រើន ដូច្នេះពួកគេពិបាកដឹកជញ្ជូន។
លោក ឃៀងយិង បានបញ្ជាក់ថា៖ «អ្វីដែលជាភាពលំបាករបស់ប្រជាពលរដ្ឋរាល់ចំណុចខ្វះខាត ខ្ញុំនឹងខិតខំកែលម្អរ ពង្រីកនិងពង្រឹងបន្ថែមទៀត។ ជាក់ស្ដែងផ្លូវ គឺសំខាន់ជាងគេ សម្រាប់ឱ្យពួកគាត់ដឹកជញ្ជូន និងធ្វើដំណើរ»។
បច្ចុប្បន្នក្នុងឃុំអណ្ដូងមានផ្លូវចំនួន ២ខែ្ស ដែលពុំទាន់បានជួសជុល គឺផ្លូវនៅភូមិអណ្ដូងទឹក និងភូមិជីមាល។ ផ្លូវ ២ខ្សែនេះ អាជ្ញាធរឃុំមានគម្រោងសាងសង់នៅឆ្នាំ២០២៣ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។ លោកមេឃុំអណ្ដូងទឹក លើកឡើងយ៉ាងដូច្នេះ។
បើតាមលោក យិង សមិទ្ធផលដែលបានធ្វើកន្លងមកនៅភូមិអណ្ដូងទឹក បានជួសជុលផ្លូវចំនួន ៧ខ្សែ ហើយនៅឆ្នាំ២០២១ បានចាក់បេតុង ២ខ្សែគឺខ្សែទី១ នៅភូមិជីត្រេះមានប្រវែង ៥០០ម៉ែត្រ ជាជំនួយរបស់រដ្ឋាភិបាលជប៉ុននិងខ្សែទី២ មានប្រវែងប្រមាណ ២០ ម៉ែត្រ ជាជំនួយរបស់មន្ទីរអភិវឌ្ឍន៍ជនបទ។
មេឃុំរូបនេះ បន្ថែមថា ឃុំបានដេញថ្លៃគម្រោងជាមួយក្រុមហ៊ុនរួចហើយគឺចំណាយថវិកាប្រមាណជាង ១០០លានរៀល សម្រាប់សាងសង់ផ្លូវបេតុង និងជាង ៤០លានរៀល សម្រាប់សាងសង់ផ្លូវក្រួសក្រហមប្រវែង៥០០ម៉ែត្រ៕
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
សាងសង់ផ្លូវ
បូទុមសាគរ
© រក្សាសិទ្ធិដោយ thmeythmey.com