ជាតិ
សិស្សនិទ្ទេស A ៣៤នាក់ ទទួលបានម៉ូតូម្នាក់ ១គ្រឿង ពីរដ្ឋបាលខេត្តកណ្ដាល សិស្សនិទ្ទេស A ទទួល_រង្វាន់ម៉ូតូពី_អភិបាលខេត្តកណ្ដាល។ រូបភាពពីរដ្ឋបាលខេត្តកណ្ដាល
× ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល បានប្រគល់រង្វាន់ជូនសិស្សនិទ្ទេស A ចំនួន៣៤នាក់ ដោយម្នាក់ៗទទួលបានម៉ូតូចំនួន១ គ្រឿង ខណៈសិស្សនិទ្ទេស B, C និង D ទទួលបានថវិកា។ បើតាមរដ្ឋបាលខេត្តកណ្ដាល ឆ្នាំសិក្សា២០២១-២០២២ មានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ៧៥.៩៥ ភាគរយ។
កាលពីថ្ងៃទី២០ មករា រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីសំណេះសំណាល និងផ្ដល់រង្វាន់ម៉ូតូ រួមទាំងថវិកាដល់ជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីនិទ្ទេស A ដល់ D ចំនួន ៨៣៨នាក់។ ហ្វេសប៊ុករដ្ឋបាលខេត្តកណ្ដាល បញ្ជាក់ថា សិស្សនិទ្ទេស A ចំនួន ៣៤នាក់ ទទួលបានម៉ូតូម្នាក់ ១គ្រឿង រីឯសិស្សនិទ្ទេស B ចំនួន១១៨នាក់ ទទួលបានថវិកាម្នាក់ ៤០ម៉ឺនរៀល។
ដោយឡែក សិស្សនិទ្ទេស C ចំនួន ២៨៦នាក់ ទទួលបានថវិកាលើកទឹកចិត្តម្នាក់ ៣០ម៉ឺនរៀល និងសិស្សនិទ្ទេស D ចំនួន ៤០០នាក់ ទទួលបានថវិកាម្នាក់ ២០ម៉ឺនរៀល។ ក្រៅពីផ្ដល់រង្វាន់ជូនសិស្សប្រឡងជាប់ លោកគ្រូអ្នកគ្រូ បង្រៀនថ្នាក់ទី១២ ចំនួន ១៤១នាក់ ក៏បានទទួលបានថវិកាម្នាក់ ១០ម៉ឺនរៀលផងដែរ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។ រូបភាពពីរដ្ឋបាលខេត្តកណ្ដាល
ក្នុងពិធីសំណេះសំណាល និងផ្ដល់រង្វាន់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ដូច្នេះ៖«ត្រូវបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា ដើម្បីកសាងខ្លួនក្លាយជាធនធានមនុស្ស ប្រកបដោយសក្ដានុពល គុណធម៌ និងភាពថ្លៃថ្នូរ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព និងសមធម៌។ ដោយទទួលបានការទទួលស្គាល់ពីកម្រិតស្តង់ដារការងារជាតិ និងអន្តរជាតិ ក្នុងការឈានជើងចូលទៅបម្រើការក្នុងទីផ្សារពលកម្ម ក្នុងយុគសម័យឌីជីថល ឬហៅថា បដិវត្តឧស្សាហកម្ម ៤.០»។
អភិបាលខេត្តរូបនេះ ក៏ជំរុញដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រូ-អ្នកគ្រូ ត្រូវបន្តខិតខំកំណែទម្រង់វិស័យអប់រំឱ្យកាន់តែខ្លាំងបន្ថែមទៀត។ លោក គង់ សោភ័ណ្ឌ សង្កេតឃើញថា តាមរយៈកំណែទម្រង់លើវិស័យអប់រំក្នុងខេត្តកណ្ដាល បានធ្វើឱ្យធនធានមនុស្សក្នុងខេត្ត មានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
ទិដ្ឋភាពពិធីសំណេះសំណាល និងផ្ដល់រង្វាន់ដល់_សិស្ស_ប្រឡងជាប់បាក់ឌុបពីនិទ្ទេស A-D។ រូបភាពពីរដ្ឋបាលខេត្តកណ្ដាល
សូមបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ លទ្ធផលសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តកណ្ដាល មានការកើនឡើង ដោយចាប់ផ្តើមពី ២៧.៥៧ភាគរយ ក្នុងឆ្នាំ២០១៤ កើនដល់ ៧៥.៩៥ភាគរយ នៅក្នុងឆ្នាំសិក្សា ២០២១-២០២២។ នេះបើតាមហ្វេសប៊ុកផេករដ្ឋបាលខេត្តកណ្ដាល៕
Tag:
អប់រំ
បាក់ឌុប
និទ្ទេសA
© រក្សាសិទ្ធិដោយ thmeythmey.com