អន្តរជាតិ
ពាណិជ្ជកម្ម តៃវ៉ាន់ សិទ្ធិមនុស្ស ជាដុំថ្មក្នុងទំនាក់ទំនងអឺរ៉ុប-ចិន
× ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ទំនាក់ទំនងរវាងសហភាពអឺរ៉ុប (EU) និងចិនធ្លាក់ចុះគួរឱ្យកត់សម្គាល់លើបញ្ហាជាច្រើនដោយភាគីទាំងពីរប្រើវិធានការប្រឆាំងគ្នាទៅវិញទៅមក។ ការដាក់ទណ្ឌកម្មរបស់ EU លើបញ្ហាសិទ្ធិមនុស្ស ការបង្ខិតបង្ខំសេដ្ឋកិច្ច និងវិធានការពាណិជ្ជកម្ម និងជំហររបស់ចិនក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជាដើម សុទ្ធសឹងជាបញ្ហាក្នុងទំនាក់ទំនង។ យ៉ាងណាមិញ ទាំង EU និងចិន ក៏ប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមនានា។
ទំនាក់ទំនងពាណិជ្ជកម្ម
ទំនាក់ទំនងពាណិជ្ជកម្ម ជាដុំថ្មមួយនៅលើផ្លូវនៃទំនាក់ទំនងចិន-អឺរ៉ុប។ កន្លងមក
តុលាការចិនបានចេញដីការរារាំងក្រុមហ៊ុនអឺរ៉ុបពីការស្វែងរកសំណងប៉ាតង់ស្ដង់ដារនៅតុលាការ EU និងតុលាការផ្សេងទៀតក្រៅពីតុលាការចិន។ បន្ថែមពីនេះវត្តមានស្ថាន ទូតកោះតៃវ៉ាន់នៅលីទុយអានីបានធ្វើឱ្យចិនហាមឃាត់ការនាំចូលរបស់លីទុយអានីថែមទៀត។ ដោយដោះស្រាយបញ្ហាមិនចេញតាមជំនួបទ្វេភាគី គណៈកម្មការអឺរ៉ុបបានស្នើសុំបង្កើតក្រុមប្រឹក្សាវិនិច្ឆ័យនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីដោះស្រាយករណីទាំងពីរនេះ។
ស្ថានភាពសិទ្ធិមនុស្សនៅចិន
EU តែងតែលើកឡើងពីបញ្ហាស្ថានភាពសិទ្ធមនុស្សនៅចិនមិនថានៅតំបន់ស៊ីនជាំង ទីបេ ហុងកុង ម៉ុងហ្គោលីខាងក្នុង ឬការបំពានលើសិទ្ធិមេធាវី និងក្រុមការពារសិទ្ធិមនុស្សជាដើម។ កាលពីឆ្នាំ ២០២១ EU បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤ រូប និងស្ថាប័នចិនមួយសម្រាប់ការរំលោភបំពានសិទ្ធិជនភាគតិចនៅតំបន់ស៊ីនជាំង។
ជម្លោះរុស្ស៊ី និងអ៊ុយក្រែន
ទោះបីជាចិនមិនមែនជាភាគីជម្លោះក្ដី ជំហររបស់ចិនត្រូវបានមិនពេញចិត្តពីសំណាក់លោកខាងលិច និងបណ្ដាប្រទេសសមាជិក EU មួយចំនួនផងដែរ។ EU មើលឃើញថា ការណ៍ដែល ចិនមិនប្រកាន់ជំហរប្រឆាំងរុស្ស៊ី ហើយផ្ទុយទៅវិញបែរជាបន្ទោសលោកខាងលិចចំពោះ ជម្លោះនេះគឺមិនត្រឹមត្រូវនោះឡើយ។ អឺរ៉ុបចង់ឱ្យចិនមានចំណាត់ការជាដុំកំភួនដើម្បីជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ពិសេសប្រើទំនាក់ទំនងជាមួរុស្ស៊ី។
កោះតៃវ៉ាន់
ការពង្រីកទំនាក់ទំនង EU និងកោះតៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យចិនដីគោក ខឹងសម្បារជាខ្លាំង។
កាលពីខែតុលា ឆ្នាំ២០២២ សមាជិកសភាអឺរ៉ុបចំនួន៨នាក់បានធ្វើ ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដើម្បីពិភាក្សាពីការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកវិទ្យា។ ចិនរឹតតែខឹងសម្បារជាខ្លាំងចំពោះសកម្មភាពមួយនេះ។
មិនត្រឹមតែប៉ុណ្ណោះខណៈដែលចិនបង្កើនវត្តមានយោធាក្បែរកោះតៃវ៉ាន់
EUបានថ្កោលទោសការឈ្លានពានយោធារបស់ចិន ហើយបញ្ជាក់ថា សកម្មភាពបង្កហេតុរបស់ទីក្រុងប៉េកាំងត្រូវតែមានផលវិបាកដល់ទំនាក់ទំនងជាមួយប្លុកមួយនេះ។
ថ្មីៗនេះ
អគ្គរដ្ឋទូចចិនថ្មីប្រចាំ EU លោក Fu Chong សង្កត់ធ្ងន់ថា កោះតៃវ៉ាន់ជាបញ្ហាចម្បងមួយដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីល្អក់កករបន្ថែមទៀត។ លោកបានបញ្ជាក់ពីជំហររបស់ចិនក្នុងការប្រកាន់ខ្ជាប់អំពីគោលនយោបាយចិនតែមួយ ហើយចិនក៏នឹងមិនទទួលយកការចោទណាមួយដែលមានមូលដ្ឋាននយោបាយឡើយ។
ទោះជាយ៉ាងណាក្ដី លោក Fu សង្ឃឹមថា អាណត្តិការងាររបស់លោកអាចនឹងស្ដារទំនាក់ទំនងជាថ្មី និងធ្វើឱ្យមានការរីកចម្រើន និងប្រសើរឡើងវិញចំពោះស្ថានភាពនយោបាយការទូត កិច្ចសហប្រ តិបត្តិការជាដុំកំភួនជាមួយ EU ។ លោកបញ្ជាក់ថា ចិនត្រូវការការសហការរបស់ EU ក្នុងការសម្រេចបានបំណងទាំងនោះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com