ជាតិ
អាជ្ញាធរខេត្តព្រះសីហនុ ទទូចសុំឱ្យទេសចរទុកដាក់សំរាមឱ្យបានត្រឹមត្រូវ រូបភាពពី ហ្វេសប៊ុក ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ៕
×
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានអំពាវនាវដោយទទូច ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅកម្សាន្តនៅតាមតំបន់ឆ្នេរនិងរមណីយដ្ឋាននានា ចូលរួមទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានល្អ។ ការអំពាវនាវដូច្នេះ ព្រោះអាជ្ញាធរសង្កេតឃើញថា ភ្ញៀវទេសចរមួយចំនួន នៅតែបោះចោលសំរាម និងកាកសំណល់ផ្សេងៗដូចជាសំបកកំប៉ុងភេសជ្ជៈ, កំប៉ុងត្រីខ,កញ្ចប់នំ-ស្ករគ្រាប់ និងប្លាស្ទិកជាដើម នៅតំបន់ទេសចរណ៍ដែលខ្លួនបានទៅកម្សាន្ត។
លោក ឡុង ឌីម៉ង់ លើកឡើងបែបនេះ៖ «អ្វីដែលខ្ញុំតាមដានពីបញ្ហាសំរាម ខ្ញុំឃើញថាទេសចរមួយចំនួនតូច នៅតែបន្តសកម្មភាពចោលសំរាមតាមសាធារណៈ និងមិនខ្វល់ពីកាកសំណល់ដែលខ្លួនបានចោល ដែលបង្កឱ្យតំបន់ឆ្នេរធ្លាក់សម្រស់។ សំរាមច្រើន និងនៅតែមាន គឺកើតចេញពីពលរដ្ឋ ដែលទៅកម្សាន្តហើយបន្សល់ទុកសំរាមនៅទីនោះ»។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។
សម្រាប់អភិបាលរងខេត្តព្រះសីហនុដដែល ការចោលសំរាមនៅតាមទីសាធារណៈមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពឆ្នេរ និងទីក្រុងនោះទេ ប៉ុន្តែសំរាមទាំងនោះក៏ជះឥទ្ធិពលអាក្រក់ដល់សុខភាពសាធារណៈ បំពុលដល់បរិស្ថាន និងជីវចម្រុះដែលរស់នៅក្នុងសមុទ្រដែរ។
លោក ឡុង ឌីម៉ង់ រំពឹងថា ការចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវរបស់ភ្ញៀវទេសចរ នឹងរួមចំណែកដល់កំណើនទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុ ទាំងនៅក្នុងអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំចិន-វៀតណាមនេះ និងឱកាសឈប់សម្រាកផ្សេងៗទៀត ខណៈខេត្តនេះមានសក្តានុពលទេសចរណ៍សម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្អាត ក៏ដូចជាការពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ៕
Tag:
ThmeyThmey25
សំរាម
ខេត្តព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com