អន្តរជាតិ
ក្រុមហ៊ុនគ្រប់គ្រងបែបគ្រួសារ ឬ Chaebol មានឥទ្ធិពលបែបណានៅកូរ៉េខាងត្បូង?
23, Jan 2023 , 8:30 am        
រូបភាព
នៅពីក្រោយការអភិវឌ្ឍសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់កូរ៉េខាងត្បូង មួយផ្នែកធំត្រូវបានជ្រោមជ្រែងដោយសាជីវកម្មធំៗ បន្ថែមលើការខំប្រឹងរបស់រដ្ឋាភិបាលផ្ទាល់។ សាជីវកម្មទាំងនោះ ស្ថិតក្រោមគ្រប់គ្រងដោយសមាជិកគ្រួសារតជំនាន់ ឬហៅថា Chaebol ដែលមានឥទ្ធិពលលើសលុប តែក៏សម្បូរដោយរឿងអាស្រូវដែរ។ តើ Chaebol ជាក្រុមហ៊ុនបែបណា? ហេតុអ្វីបានជា Chaebol មានឥទ្ធិពលលើការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េខាងត្បូងខ្លាំងបែបនេះ?


 
ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ក្រោយលោក Park Chung-hee ឡើងកាន់អំណា​ចជាប្រធានាធិបតីកូរ៉េខាងត្បូងដោយការធ្វើរដ្ឋប្រហារយោធា ពាក្យ Chaebol ត្រូវបានលេចឡើង។ វាជាអ្នកកែប្រែសេដ្ឋកិច្ចកូរ៉េខាងត្បូងឱ្យរីកចម្រើនឡើងរហូតដល់បច្ចុប្បន្ន។ Chaebol ត្រូវបានបង្កើតពីពាក្យកូរ៉េពីរ។ «Chae» មានន័យថា ទ្រព្យសម្បត្តិ ហើយ «Bol» មានន័យថា ក្រុមញាតិសន្ដាន។

សរុបមក Chaebol មានន័យថាជាក្រុមគ្រួសារអ្នកមានទ្រព្យ។ ក្នុងសង្គមជាក់ស្ដែង Chaebol ត្រូវបានស្គាល់ថាជាក្រុមហ៊ុនធំៗរបស់ត្រកូលអ្នកមានណាមួយ ដែលគ្រប់គ្រងតាមលក្ខណៈគ្រួសារ។ 
 
ក្រុមហ៊ុនបែប Chaebol ជាទូទៅត្រូវបានដឹកនាំ និងគ្រប់គ្រងដោយមេគ្រួសារមួយ ហើយកូន បងប្អូន សាច់ញាតិម្ចាស់ក្រុមហ៊ុន ក៏មានចំណែកគ្រប់គ្រងក្នុងក្រុមហ៊ុននោះដែរ។ រចនាសម្ពន្ធដឹកនាំក្រុមហ៊ុន Chaebol ត្រូវបន្តពីមួយជំនាន់ទៅមួយជំនាន់ ពោលគឺពីឪពុកទៅកូន ឬទៅសាច់ញាតិតាមការតែងតាំង។ 
 
ក្រុមហ៊ុន Chaebol ធំៗរបស់កូរ៉េខាងត្បូង កំពុងល្បីឈ្មោះទូទាំងពិភពលោករួមមានដូចជា ក្រុមហ៊ុន Samsung, LG, Hyundai, SK, និង Lotte ជាដើម។ ក្រុមហ៊ុនទាំងនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចកូរ៉េខាងត្បូង។ ពោលគឺគ្រប់គ្រងប្រហែល៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២១។
 
បើនិយាយពីការសម្រេចចិត្ត ពេលខ្លះក្រុមហ៊ុនទាំងនេះ មានអំណាចជាងរដ្ឋាភិបាលទៅទៀត។ ក្រុមហ៊ុនប្រភេទនេះមានបុគ្គលិករាប់លាននាក់ មានសាខានៅក្រៅប្រទេស ហើយមានតម្លៃធំជាងសេដ្ឋកិច្ចប្រទេសមួយចំនួនផងដែរ។ 
 
Samsung ជាក្រុមហ៊ុនធំជាងគេនៅកូរ៉េខាងត្បូង និងធំជាងគេលំដាប់ទី៤ នៅអាស៊ី ដែលវិនិយោគទៅលើគ្រឿងប្រើប្រាស់អេឡិចត្រូនិក។ ប្រាក់ចំណូលប្រចាំឆ្នាំ២០២១ ដែលរាយការណ៍ដោយក្រុមហ៊ុន Samsung មាន១៤ភាគរយនៃ GDP របស់កូរ៉េខាងត្បូង។ ចំណែកឯក្រុមហ៊ុន Hyundai ជាក្រុមហ៊ុនធំលំដាប់ទី២ វិនិយោគទៅលើវិស័យសំណង់ យានយន្ដ និងការសាងសង់នាវាជាដើម។ ក្រុមហ៊ុន SK ស្ថិតនៅលំដាប់ទី៣ នៃតារាងចំណាត់ថ្នាក់ក្រុមហ៊ុនយក្ស Chaebol ដែលគ្រប់គ្រងការផ្គត់ផ្គង់ថាមពល ឥន្ធនៈ ទូរគមនាគមន៍ និងសឺមីកុងឌុចទ័រ។
 
ជាមួយចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមជាមួយនឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធនឹងរដ្ឋាភិបាល សាជីវកម្មទាំងនេះ បានដើរតួនាទីកាន់តែសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជាអ្នកជំរុញការអភិវឌ្ឍឧស្សាហកម្មថ្មី ទីផ្សារ និងផលិតកម្មនាំចេញដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ ដែលជួយធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាខ្លាអាស៊ី។ ជោគជ័យនៃ Chaebol ក៏រុញឱ្យកូរ៉េខាងត្បូងបានក្លាយជាបណ្ដុំក្រុមហ៊ុនផលិតដ៏ធំ ក្នុងវិស័យឧស្សាហកម្មធុនធ្ងន់ និងវិស័យបច្ចេកវិទ្យាពិភពលោក។ ក្រុមហ៊ុនធំៗនេះ ក៏បានទាញកូរ៉េខាងត្បូងចេញពីភាពក្រីក្រចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ជាមួយកំណើនសេដ្ឋកិច្ចជាលំដាប់។ 
 
អំពើពុករលួយ និងការលូកដៃចូលកិច្ចការរដ្ឋ
ទន្ទឹមការជំរុញសេដ្ឋកិច្ចកូរ៉េខាងត្បូង ក្រុមហ៊ុនបែបវង្សត្រកូលទាំងនេះ ក៏ចោមរោមដោយវិបត្តិជាច្រើនតាមរយៈការបង្កឱ្យមានអំពើពុករលួយទ្រង់ទ្រាយធំក្នុងប្រទេស និងការកាត់បន្ថយការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ដែលធ្វើឱ្យមានវិសមភាពនៅក្នុងទីផ្សារ។ ឥទ្ធិពលខ្លាំង ចំណូលខ្ពស់ និងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកនយោបាយ ជាគ្រឹះរឹងមាំរបស់ក្រុមហ៊ុនធំៗ ដែលបង្កការលំបាកសម្រាប់ក្រុមហ៊ុនតូចៗ ឬធុរៈកិច្ចថ្មីៗឈរជើងប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងពង្រីកខ្លួនទៅក្រៅប្រទេស។ 
 
ជាក់ស្ដែង ស្របពេលប្រទេសរងគ្រោះដោយជំងឺរាតត្បាតកូវីដ-១៩ សហគ្រាសតូចៗនៅកូរ៉េខាងត្បូងជាច្រើនកាន់តែពិបាកឡើងដោយត្រូវបិទទ្វារ ហើយប្រជាជនរាប់ម៉ឺននាក់ត្រូវបាត់បង់ការងារ។ ផ្ទុយទៅវិញ មានតែបណ្ដាក្រុមហ៊ុន Chaebol ដែលមានសមត្ថភាពរឹងមាំទប់ទល់នឹងវិបត្តិនេះហើយនៅបន្តឈរជើងបាន ប៉ុន្តែមិនបានជួយប្រជាជនច្រើនឡើងព្រោះក្រុមហ៊ុនលំដាប់យក្សទាំងនេះប្រើប្រាស់កម្លាំងពលកម្មសរុបជាង១០ភាគរយនៃកម្លាំងពលកម្មជាតិប៉ុណ្ណោះ។ មានន័យថា Chaebol បានធ្វើឱ្យមានវិសមភាពប្រាក់ចំណូល និងការធ្វើអាជីវកម្មយ៉ាងខ្លាំង។
 
ក្ដោបក្ដាប់សេដ្ឋកិច្ចប្រទេសមួយផ្នែកធំ ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងនេះ ក៏មានអំណាចគ្រប់ដណ្ដប់លើនយោបាយក្នុងប្រទេសផងដែរ។ សព្វថ្ងៃនេះ អ្នកនយោបាយកូរ៉េខាងត្បូងសម្លឹងរកជំនួយផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលឃោសនាបោះឆ្នោត ហើយជារឿយៗតែងតែលើកសរសើរពីភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ 
 
ទន្ទឹម​នឹង​នោះ Chaebol ក៏បញ្ចុះបញ្ចូលឱ្យបង្កើតច្បាប់ និង​គោលនយោបាយ​សាធារណៈដែលផលប្រយោជន៍ដល់ពួកគេ។ សឹងតែរាល់អាណត្តិបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង បេក្ខភាពជាប់ឆ្នោតសុទ្ធតែត្រូវបានគាំទ្រដោយក្រុមហ៊ុនធំៗទាំងនេះ។ ដូច្នេះ Chaebol ​បាន​ក្លាយ​ជា​គោល​ដៅ​របស់​បេក្ខជន​ប្រធានាធិបតី​នៅអាណត្តិបន្តបន្ទាប់ ​ដើម្បីឱ្យពួកគេគាំទ្រហើយទទួលបានកៅអីប្រធានាធិបតី៕ 

© រក្សាសិទ្ធិដោយ thmeythmey.com