បច្ចុប្បន្ន ចិនជាប្រទេសម្ចាស់ជំនួយ និងជាប្រទេសមានទុនវិនិយោគជាងគេសម្រាប់កម្ពុជា។ បើនិយាយពីទំនាក់ទំនងពាណិជ្ជកម្មវិញ ប្រទេសទាំងពីរ បានឈានដល់ទំហំជាង១០ពាន់លានដុល្លារដែលសម្រេចបានក្នុងឆ្នាំ២០២២។ ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ចដែលកម្ពុជាទទួលបានពីសម្ព័ន្ធភាពជាមួយចិននេះ ក៏មាននូវផលប្រយោជន៍ផ្នែកភូមិសាស្ត្រនយោបាយ។ សមិទ្ធផលទាំងនេះកើតចេញពីទំនាក់ទំនងដ៏ស្អិតល្មួតរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ជាពិសេសតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិនក្នុងរយៈពេល១៣ឆ្នាំមកនេះ។
ថ្វីដ្បិតទំនាក់ទំនងរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលចិន មានភាពស៊ីចង្វាក់គ្នាខ្លាំងស្ទើរគ្រប់វិស័យក៏ដោយ ប៉ុន្តែយើងមើលឃើញថាទំនាក់ទំនងរវាងពលរដ្ឋប្រទេសទាំងពីរហាក់នៅកម្រិតនៅឡើយ។ មានកម្រិតត្រង់ថា សកម្មភាពមួយចំនួនរបស់វត្តមានជនជាតិចិននៅកម្ពុជានាពេលកន្លងមក បានបង្កនូវរូបភាពអវិជ្ជមានជាច្រើនដល់សង្គមនិងសេដ្ឋកិច្ចកម្ពុជា។ ភាពអវិជ្ជមានទាំងនោះមាន អំពើឧក្រិដ្ឋកម្ម ចាប់ជំរិត គ្មានសណ្តាប់ធ្នាប់ រួមទាំងសកម្មភាពសេដ្ឋកិច្ចដទៃទៀត ជាពិសេសរូបភាពនៃការជាប់គាំងសំណងរាប់រយកន្លែងនៅខេត្តព្រះសីហនុ ដែលបណ្តាលមកពីការវិនិយោគយ៉ាងគំហុគពីសំណាក់ជនជាតិចិន។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា នៅពេលដែលពលរដ្ឋចិនមករកស៊ី ឬ វិនិយោគនៅកម្ពុជា ភាគច្រើនពលរដ្ឋទាំងនោះ ប្រើវិធីសាស្រ្តទំនាក់ទំនងជាមួយអ្នកមានអំណាច ឬ អ្នកមានឥទ្ធិពល(Top Down Approach) ដោយមិនសូវខ្វាយខ្វល់ពីពលរដ្ឋមូលដ្ឋាន និង ភាគីពាក់ព័ន្ធនានាប៉ុន្មានឡើយ។ លោក បញ្ជាក់ថា វិធីសាស្ត្របែបនេះ បានបង្ហាញពីទំនាក់ទំនងរវាងពលរដ្ឋប្រទេសទាំងពីរ គឺមានលក្ខណៈប្រមូលផ្តុំគ្នាតែខាងលើ ដែលសំដៅទៅលើបុគ្គលមានអំណាច ឬ មានឥទ្ធិពល។

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ថ្លេងក្នុងសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មាន ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា» នាពេលកន្លងមក។ រូបថត៖ CCJ
«វិធីសាស្ត្របែបនេះ! ទាំងរដ្ឋាភិបាលចិន និង ទាំងរដ្ឋាភិបាលកម្ពុជា ត្រូវគិតគូរឡើងវិញ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋប្រទេសទាំងពីរយល់ពីគ្នាទៅវិញទៅមកឱ្យបានច្រើន»។ លោក គិន ភា បាននិយាយបែបនេះមកកាន់សារព័ត៌មានថ្មីៗ(ThmeyThmey) ដោយទាមទារឱ្យរដ្ឋាភិបាលប្រទេសទាំងពីរ ត្រូវលុបបំបាត់ ឬលាងសម្អាតនូវរូបភាពអាជីវកម្មរបស់ជនជាតិចិនមួយចំនួន ដែលមានឥទ្ធិពលអវិជ្ជមានមកលើសង្គម និងសេដ្ឋកិច្ចកម្ពុជា។
លោកបានបញ្ជាក់យ៉ាងដូច្នេះ៖ «ការលាងសម្អាតនោះ គឺសំដៅទៅលើជនជាតិចិនដែលមករកស៊ីនៅស្រុកខ្មែរ ចាំបាច់ត្រូវយល់អំពីវប្បធម៌ របៀបរបប ទំនៀមទម្លាប់ពលរដ្ឋខ្មែរដែលជាម្ចាស់ស្រុក។ ចំពោះបទល្មើសផ្សេងៗ ក៏យើងត្រូវរួមគ្នាទប់ស្កាត់ ដើម្បីកុំឱ្យឃើញរូបភាពថា ចិនមកវិនិយោគនៅកម្ពុជា នាំមកនូវ ហ្គេមអនឡាញ អំពើឧក្រិដ្ឋកម្មតាមអនឡាញ ឃាតកម្ម និងការចាប់ជំរិតផ្សេងៗ»។
លើសពីនេះ លោក គិន ភា ក៏ជំរុញឱ្យរដ្ឋាភិបាលប្រទេសទាំងពីរ ត្រូវពន្លឿនក្នុងការដោះស្រាយចំពោះបញ្ហាសំណង់អគារជាង១០០០កន្លែងនៅខេត្តព្រះសីហនុ ដែលកំពុងជាប់គាំង អស់ពេល៣ឆ្នាំមកនេះ បន្ទាប់ពីវិនិយោគចិនត្រឡប់ទៅប្រទេសកំណើតវិញ ដោយសារតែការបិទហ្គេមអនឡាញ និងវិបត្តិកូវីដ-១៩។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះបានបន្ថែមថា៖ «រដ្ឋាភិបាលប្រទេសទាំងពីរ គឺត្រូវរៀបចំផែនការអភិវឌ្ឍបន្តយ៉ាងម៉េច ដើម្បីឱ្យអគារទាំងអស់នោះ ក្លាយជាអគារដែលមានសង្វាក់ផលិតកម្ម ជាជាងទុកបញ្ឈរចោលនូវគ្រោងឆ្អឹងអគារទាំងនោះដូចសព្វថ្ងៃបែបនេះ»។
បើតាមលោក គិន ភា រូបភាពនៃសំណង់ដែលនៅជាប់គាំងទាំងនេះ បានបង្ហាញឱ្យមើលឃើញថា ខេត្តព្រះសីហនុដែលជាប៉ូលយ៉ាងសំខាន់នៃសេដ្ឋកិច្ចកម្ពុជា ហាក់ដូចជាអស្ថិរភាពផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មទៅវិញ។ វិបត្តិនេះ ក៏បានជះឥទ្ធិពលអវិជ្ជមានខ្លាំងដល់ផ្នត់គំនិតរបស់ពលរដ្ឋខ្មែរទៅលើពលរដ្ឋចិន ផងដែរ។
ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងពលរដ្ឋកម្ពុជា-ចិន កាន់តែមានភាពល្អប្រសើរឡើង លោក គិន ភា លើកឡើងថា រដ្ឋាភិបាលប្រទេសទាំងពីរគួរតែមានយន្តការផ្សព្វផ្សាយព័ត៌មានដល់ពលរដ្ឋឱ្យបានស៊ីជម្រៅ ពិតប្រាកដ និងគ្រប់ជ្រុងជ្រាយ ដោយធ្វើយ៉ាងណាឱ្យពលរដ្ឋ បានយល់អំពីអ្វីដែលជាផ្លែផ្កាជាក់ស្តែងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទន្ទឹមនេះ រដ្ឋាភិបាលត្រូវពង្រឹងលើការអនុវត្តច្បាប់ និង ផ្លាស់ប្តូរវិធីសាស្ត្រក្នុងការធ្វើទំនាក់ទំនងជាមួយអ្នកមានអំណាច និង ឥទ្ធិពល របស់ជនជាតិចិននៅកម្ពុជា។
«សម្រាប់ជនជាតិចិន គឺចូលចិត្តអនុវត្តវិធីសាស្ត្រទំនាក់ទំនងគ្នាពីថ្នាក់មជ្ឈឹមទើបធា្លក់ចុះដល់មូលដ្ឋាន តែ សម្រាប់កម្ពុជាប្រជាពលរដ្ឋយើង គឺចង់បានរបៀបការធ្វើការងារ និងទំនាក់ទំនងគ្នាចាប់ពីមូលដ្ឋានទើបឡើងដល់ថ្នាក់លើ។ អ៊ីចឹង! ខ្ញុំគិតថាទំនាក់ទំនងគ្នារវាងកម្ពុជា-ចិនទាំងអស់ គឺត្រូវមានការចូលរួមពីពលរដ្ឋជាម្ចាស់ស្រុក [ People to People Engagement]។»។ នេះជារៀបរាប់បន្ថែមរបស់លោកប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ។
លោកបន្តលើឧទាហរណ៍មកពន្យល់ថា៖ «បើចិនមកវិនិយោគ គឺធ្វើយ៉ាងម៉េចឱ្យបានផលដល់អ្នកមូលដ្ឋាន។ តែ បើការវិនិយោគរបស់ចិនធ្វើឱ្យពលរដ្ឋខ្មែរស្រក់ទឹកភ្នែក នោះ គឺធ្វើយ៉ាងម៉េចក៏មានរូបភាពមិនល្អដែរ នៃទំនាក់ទំនងរវាងពលរដ្ឋប្រទេសទាំងពីរ»៕