ជាតិ
កញ្ញា ជាតិ សុខហួន៖ ការសិក្សានៅប្រទេសចិន វាជាឱកាសស្វែងយល់ពីបរិបទថ្មី និងរៀនរស់ឯករាជ្យ
23, Jan 2023 , 9:30 am        
រូបភាព
កញ្ញា ជាតិ សុខហួន ថតនៅមុខមហាវិទ្យាល័យSouthern Medical ។ រូបភាព៖ កញ្ញា ជាតិ សុខហួន
កញ្ញា ជាតិ សុខហួន ថតនៅមុខមហាវិទ្យាល័យSouthern Medical ។ រូបភាព៖ កញ្ញា ជាតិ សុខហួន
ភ្នំពេញ៖ កញ្ញា ជាតិ សុខហួន ជានិស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍សិក្សានៅប្រទេសចិន។ សុខហួន កំពុងសិក្សាថ្នាក់បរិញ្ញាបត្រឱសថសាស្រ្ត នៅសាលាSouthern Medical University នៅទីក្រុង Guangzhou។ ទោះការសិក្សានៅក្រៅប្រទេសត្រូវឃ្លាតឆ្ងាយពីគ្រួសារ និងត្រូវរស់នៅលើទឹកដីជាតិសាសន៍ផ្សេង ប៉ុន្តែ សុខហួន បានហ្វឹកហាត់ខ្លួនឯងឱ្យកាន់តែរឹងមាំ និងរស់នៅដោយឯករាជ្យ ក្នុងបរិបទថ្មី។

 
កញ្ញា ជាតិ សុខហួន ជាអតីតសិស្សនិទ្ទេស A ក្នុងឆ្នាំ២០១៧-២០១៨ នៃវិទ្យាល័យសុខអានត្រាំខ្នារ។ សុខហួន បានដាក់គោលដៅតាំងពីវិទ្យាល័យ ក្នុងការប្រឡងយកអារូបករណ៍ទៅសិក្សានៅប្រទេសចិន លើជំនាញក្នុងក្នុងក្តីស្រមៃរបស់ខ្លួន គឺឱសថសាស្រ្ត។ ក្រោយជោគជ័យក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ យុវជនវ័យ ២២ឆ្នាំរូបនេះ បានស្វះស្វែងរៀនគួរបន្ថែមនៅសាលាជ័យថាវី ដើម្បីត្រៀមប្រឡងយកអាហារូបករណ៍។ 
 
ទន្ទឹមនឹងការខំប្រឹងដើម្បីអាហារូបករណ៍ក្រៅប្រទេស យុវជនរូបនេះក៏បានត្រៀមផែនការរៀននៅមហាវិទ្យាល័យក្នុងស្រុកដែរ ប្រសិនបើមិនជាប់។ ស្របពេលប្រឡងយកអាហារូបករណ៍សិក្សានៅប្រទេសចិន យុវជនរូបនេះ បានទៅប្រឡងចូលសិក្សាផ្នែកឱសថសាស្រ្តនៅសាលាវិទ្យាសាស្រ្តសុខាភិបាល។ ជាលទ្ធផល សុខហួន បានជាប់ទាំងពីរ និងបានជ្រើសរើសយកអាហារូបករណ៍សិក្សានៅប្រទេសចិន។ 
  

កញ្ញា ជាតិ សុខហួន  ក្នុងកម្មវិធិទទួលរង្វាន់សិស្សនិទ្ទេស A ។ រូបភាព៖ កញ្ញា ជាតិ សុខហួន

សុខហួន បានបញ្ជាក់ពីការសម្រេចចិត្តជ្រើសរើសទៅសិក្សានៅក្រៅប្រទេសដូច្នេះ៖« ខ្ញុំសម្រេចចិត្តមករៀននៅទីនេះ[ចិន] មិនស្ទាក់ស្ទើទេ ព្រោះដើមឡើយ យើងមានផែនការរួចជាស្រេច។ ប្រឡងជាប់ បើរៀននៅក្នុងប្រទេស ខ្ញុំនឹងសិក្សានៅវិទ្យាសាស្រ្តសុខាភិបាល តែប្រសិនបើខ្ញុំមានឱកាសមកក្រៅប្រទេស ខ្ញុំនឹងមកសិក្សានៅទីនេះ[ចិន]។ អ៊ីចឹង វាគឺជាគោលបំណងមួយ ដែលខ្ញុំបានដៅរួចទៅហើយ។ ដូច្នេះនៅពេលខ្ញុំប្រឡងជាប់ ខ្ញុំមានអារម្មណ៍រំភើបមែនទែន ព្រោះខ្ញុំបានសម្រេចផែនការទី១»។ 
 
ទៅដល់ចិនដំបូង សុខហួន ប្រឈមនឹងបរិបទរស់នៅថ្មី
ចុងឆ្នាំ២០១៩ កូនស្រីទី២ ក្នុងចំណោមបងប្អូន៣នាក់រូបនេះ បានលាឪពុកម្តាយ សាច់ញាតិបងប្អូន និងមិត្តភក្តី ដើម្បីហោះហើរទៅចាប់យកក្តីស្រមៃរបស់ខ្លួន។ បើប្រដូចនឹងនិស្សិត ដែលឆ្ងាយគ្រួសារមកសិក្សានៅភ្នំពេញ សុខហួ​ន ដែលត្រូវទៅសិក្សានៅលើទឹកដីថ្មី បរិយាកាសថ្មី និងទំនៀមទំលាប់ថ្មី ហាក់មានភាពលំបាកជាងបន្តិច។
 
ជាក់ស្តែង ប្រទេសចិន មានអាកាសធាតុខុសប្លែកពីកម្ពុជា ដូច្នេះ សុខហួន ត្រូវបន្សាំខ្លួនជាមួយនឹងបម្រែបម្រួលអាកាសធាតុនេះ ដែលវាហាក់លំបាកបន្តិចនៅពេលអាកាសធាតុចុះត្រជាក់ខ្លាំង។ ក្រៅពីនេះ សុខហួន ក៏បានប្រឈមនឹងទំលាប់រស់នៅថ្មី ដ្បិតត្រូវស្នាក់នៅជាមួយសិស្សនិស្សិតមកពីបណ្តាប្រទេសផ្សេង។ ដូច្នេះ ទាមទារឱ្យយុវជនរូបនេះ ត្រូវចេះសម្របខ្លួននឹងការរស់នៅ រួមទាំងរសជាតិអាហារថ្មីផងដែរ។ ដោយសារ ជនជាតិចិនច្រើនប្រើភាសាជាតិខ្លួន ម្យ៉ាង សុខហួន មិនទាន់ចេះភាសាចិនស្ទាត់ ដូចនេះវាហាក់លំបាក់បន្តិចនៅពេលទៅក្រៅ ឬទៅផ្សារម្តងៗ។ 
 
«ប្រជាជននៅទីនេះ ភាគច្រើនគេប្រើប្រាស់ភាសាចិនផ្ទាល់ ភាគតិចណាស់ដែលគេប្រើភាសាអង់គ្លេស ដូចជាយើងទៅញាំអី តម្រូវឱ្យយើងចេះភាសាចិន ដើម្បីទំនាក់ទំនងជាមួយជនជាតិចិនដទៃទៀត។ ពេលខ្លះយើងនិយាយភាសាអង់គ្លេសទៅគេ តែគេមិនសូវយល់ពីយើងដែរ។ ភាសាអង់គ្លេស ភាគច្រើនយើងប្រើបានតែជាមួយសិស្សបរទេសគ្នាឯង។ ពេលមកដំបូង យើងប្រើវិធីមួយទៀត គឺប្រើកម្មវិធីទូរសព្ទបកប្រែ ឬក៏ភាសាកាយវិការ ប៉ុន្តែក្រោយរៀនភាសាចិនបានមួយឆ្នាំ ខ្ញុំក៏អាចនិយាយទំនាក់ទំនងបាន»។ នេះជាការលើកឡើងរបស់កញ្ញា ជាតិ សុខហួន និស្សិតអាហារូបករណ៍នៅប្រទេសចិន។ 
 

កញ្ញា ជាតិ សុខហួន ក្នុងកម្មវិធីជ័យលាភីនិស្សិតអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំ២០១៩-២០២០

នៅឆ្នាំទី១ សុខហួន ត្រូវសិក្សាមូលដ្ឋានគ្រឹះនៃភាសាចិនមួយឆ្នាំសិន នៅមហាវិទ្យាល័យ Jilin នៅទីក្រុង Changchun ខេត្ត Jilin មុនពេលចាប់ផ្តើមសិក្សាមុខជំនាញ។ ហេតុនេះ កូនអ្នកស្រុកត្រាំខ្នាររូបនេះ ត្រូវខិតខំប្រឹងប្រែង មិនថានៅក្នុងសាលា ឬមកដល់កន្លែងស្នាក់នៅទេ គឺត្រូវមើលមេរៀន រម្លឹកមេរៀន និងធ្វើតាមអ្វីដែលលោកអ្នកគ្រូអ្នកគ្រូបានណែនាំនៅក្នុងថ្នាក់។ ទន្ទឹមនោះ សុខហួន ក៏ត្រូវមានភាពក្លាហានក្នុងការនិយាយជាមួយជនជាតិចិន ដើម្បីពង្រឹងភាសាចិនរបស់ខ្លួនឱ្យកាន់តែឆាប់ចេះ។ 
 
លើសពីនេះ ក៏ទាមទារឱ្យកូនអ្នកខេត្តតាកែវរូបនេះ មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន និងមិត្តរួមថ្នាក់ ដើម្បីអាចរៀនសូត្រពីគ្នា និងសួរពីកន្លែងណាមួយដែលមិនយល់។ បើតាមការលើកឡើងរបស់ សុខហួន ការសិក្សាភាសាចិនមានការលំបាកច្រើន ជាពិសេសជំនាញដែលត្រូវរៀនក៏ជាភាសាចិនថែមទៀត។ ជួនកាល ដើម្បីយល់ពីមេរៀន យុវតីវ័យ២២ឆ្នាំរូបនេះ ត្រូវប្រើកម្មវិធីបកប្រែតាមទូរសព្ទពីភាសាចិនមកភាសាអង់គ្លេស ដើម្បីពន្យល់បន្ថែម។ 
 
«ខ្ញុំរៀនមុខជំនាញ ដែលពិបាក ហើយភាសាចិនខ្ញុំនៅមានកម្រិត អ៊ីចឹងហើយខ្ញុំត្រូវបកប្រែជាភាសាអង់គ្លេសមកទៀតទើបអាចយល់ពីអត្ថន័យ។ ដូច្នេះហើយ អ្វីដែលសំខាន់ គឺយើងត្រូវពង្រឹងភាសាចិនឱ្យបានខ្លាំង បង្កើតទំនាក់ទំនងល្អជាមួយសិស្សបរទេស ជាពិសេសគឺសិស្សនិស្សិតចិនដទៃទៀត។ នៅពេលដែលយើងមានទំនាក់ទំនងល្អ ពួកគាត់អាចជួយផ្តល់ជាមតិយោបល់ ហើយអាចជួយកែតម្រូវយើង»។ សុខហួន បានលើកឡើងដូច្នេះអំពីសារៈសំខាន់នៃភាសាចិន។ 
 
ដ្បិតឆ្ងាយគ្រួសារ សុខហួន ត្រូវរស់ពឹងខ្លួនឯង
ទោះការសិក្សានៅប្រទេសចិនជួបការលំបាកបន្តិចក្តី តែ សុខហួន បានសិក្សាពីមេរៀនជីវិតមួយចំនួន និងបានទទួលអត្ថប្រយោជន៍ជាច្រើន។ ក្រៅពីបានរៀនសូត្រដោយមិនបង់ថ្លៃសិក្សា សុខហួន ក៏ទទួលបានប្រាក់សម្រាប់ចំណាយប្រចាំខែផងដែរ។
 
តាមរយៈការរស់នៅក្នុងទឹកដីថ្មី បរិបទថ្មី និងរបៀបរស់នៅថ្មី សុខហួន យល់ឃើញថា ការមកសិក្សានៅប្រទេសចិនក៏ជាចំណែកក្នុងការរឹតចំណងមិត្តភាពជាមួយជនជាតិផ្សេងទៀត ដែលមកសិក្សានៅទីនេះ។ ការណ៍នេះ ក៏បានជួយឱ្យយុវតីរូបនេះ ទទួលបានឱកាសក្នុងការពង្រឹងចំណេះដឹងផ្នែកភាសាឱ្យកាន់តែប្រសើរឡើង រួមទាំងបានស្វែងយល់បន្ថែមវប្បធម៌នៃការរស់នៅរបស់ពួកគេ។ 
 
ក្រៅពីទទួលបានការយល់ដឹងពីរបៀបរស់នៅថ្មីៗ ស្គាល់កន្លែងថ្មីៗ និងការសិក្សាថ្មីៗ សុខហួន កាន់តែមានភាពរឹងមាំ។ ទោះអំឡុងពេលសិក្សានៅប្រទេសចិន សុខហួន មានតែមិត្តជាជនជាតិខ្មែរមួយចំនួនតូច ដែលអាចជួយគ្នាទៅវិញទៅមកបាន ប៉ុន្តែការរស់នៅត្រូវពឹងខ្លួនឯងច្រើនជាង។ ការរស់នៅដោយខ្លួនទីពឹងខ្លួននេះ ជាចំណែកមួយដ៏សំខាន់ ដែលបានជួយឱ្យយុវជនរូបនេះកាន់តែមានភាពក្លាហាន និងឯករាជ្យចំពោះខ្លួនឯង។
 
«ការមករៀននៅទីនេះ យើងអាចរៀនរស់នៅដោយខ្លួនឯង យើងចេះមើលថែទាំងខ្លួនឯងទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ យើងចេះរៀបចំទុកដាក់ដោយខ្លួនឯង ហើយយើងក្លាយជាមនុស្សធំជាងមុន ព្រោះយើងចេះគិតគូរច្រើន និងចេះដោះស្រាយបញ្ហាខ្លួនឯង នៅពេលមានផលវិបាកណាមួយ។ រៀនដល់ថ្នាក់សាកលវិទ្យាល័យហើយ បញ្ហាមួយចំនួនយើងចេះដោះស្រាយ ប្រឈមមុខ គឺយើងខ្លួនឯងជាអ្នកដោះស្រាយ»។ កញ្ញា ជាតិ សុខហួន បានលើកឡើងពីភាពឯករាជ្យក្នុងការរស់ដោយពឹងខ្លួនឯងដូច្នេះ។ 
 
ទន្ទឹមនោះ និស្សិតអាហារូបករណ៍រូបនេះ ក៏ទទួលបានចំណេះបន្ថែមលើការគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ប្រើប្រាស់ប្រចាំខែផងដែរ។ ដោយសារការស្នាក់នៅ និងសិក្សាដោយមិនបង់ប្រាក់ ដូច្នេះ សុខហួន បានហ្វឹកហាត់ខ្លួនឯងក្នុងការចាយវាយប្រចាំថ្ងៃ ឱ្យសមល្មមនឹងប្រាក់ខែដែលទទួលបាន។ 
 
ការសិក្សាអំឡុងពេលកូវីដ-១៩
ក្រោយសិក្សាបានមួយឆមាស សុខហួន ក៏ដល់ពេលវិស្សមកាល និងបានត្រឡប់មកលេងស្រុកកំណើតដើមឆ្នាំ២០២០។ ជាអកុសល វិស្សមកាល២សប្តាហ៍នេះ ជាពេលដែលជំងឺកូវីដ-១៩កំពុងរីករាលដាលជាសកល ដោយកម្ពុជា ក៏ទទួលរងឥទ្ធិពលអាក្រក់នៃជំងឺនេះកាចសាហាវនេះដែរ។ ដោយសារតែបញ្ហាកូវីដ សុខហួន មិនអាចត្រឡប់ទៅសិក្សានៅក្នុងថ្នាក់វិញឡើយ ដោយប្តូរមកសិក្សាតាមរបៀបថ្មី។ 
 

កញ្ញា ជាតិ សុខហួន ជាមួយអ្នកគ្រូជនជាតិចិន និងមិត្តនិស្សិតខ្មែរ។ រូបភាព៖ កញ្ញា ជាតិ សុខហួន

ក្រោយសម្របខ្លួននឹងការសិក្សាក្នុងបរិបទនៃប្រទេសមួយផ្សេងទៀត សុខហួន ក៏ត្រូវមកសម្របខ្លួនជាថ្មីម្តងទៀតជាមួយការសិក្សាពីចម្ងាយតាមប្រព័ន្ធអនឡាញ។ អ៊ិនធឺណិត បរិយាកាសជុំវិញខ្លួន និងផលវិបាកក្នុងទំនាក់ទំនងជាមួយលោកគ្រូ-អ្នកគ្រូ គឺជាបញ្ហាដែល សុខហួន ប្រឈមអំឡុងពេលរៀនពីចម្ងាយ។ 
 
«វាជាលើកដំបូង ដែលយើងប្តូរពីការសិក្សាផ្ទាល់មកសិក្សាតាមប្រព័ន្ធអនឡាញ។ ទី១ គឺបញ្ហាអ៊ិនធឺណិត ដោយសារពេលខ្លះមានការរអាក់រអួល អ៊ឹចឹងវាក៏អាចកាត់ច្រវ៉ាក់ពេលសិក្សាដែរ។ ទី២ គឺយើងពិបាកទំនាក់ទំនង មិនថាជាមួយលោកគ្រូអ្នកគ្រូ ក៏ដូចជាសិស្សរួមថ្នាក់ផ្សេងទៀត។ ម្យ៉ាងទៀត យើងត្រូវប្តូរមកសិក្សាម្នាក់ឯង អ៊ីចឹងវាពិបាកក្នុងការអនុវត្តភាសា។ មួយទៀត គឺបរិយាកាសសិក្សា។ យើងត្រូវសិក្សាក្នុងបន្ទប់ ដូច្នេះពេលខ្លះក៏មានការរំខានពីមនុស្សជុំវិញ ឬក៏ពីអ្វីមួយ ដែលធ្វើឱ្យយើងបែកអារម្មណ៍ក្នុងការរៀន»។ កញ្ញា ជាតិ សុខហួន បានលើកឡើងពីបញ្ហាអំឡុងពេលសិក្សាតាមប្រព័ន្ធអនឡាញដូច្នេះ។ 
 
ដ្បិតការសិក្សាពីចម្ងាយមានផលវិបាកច្រើន ដូច្នេះ និស្សិតរូបនេះ ត្រូវរកវិធីសាស្រ្តរៀនឱ្យមានប្រសិទ្ធិភាព និងតាមទាន់អ្វី ដែលលោកគ្រូអ្នកគ្រូបានបង្រៀន។ ជាមួយគ្នានោះ សុខហួន បានស្វ័យសិក្សាកាន់តែខ្លាំងថែមមួយកម្រិតទៀត ដ្បិតមានការព្រួយបារម្ភពីលទ្ធផលនៃការសិក្សា ដែលប៉ះពាល់តាមរយៈការសិក្សាពីចម្ងាយ។ 
 
និស្សិតអាហារូបករណ៍រូបនេះ បានថ្លែងពីក្តីបារម្ភដូច្នេះថា៖« ខ្ញុំបានទទួលការសិក្សាជាប្រភេទអាហារូបករណ៍ ដូច្នេះក្នុងនាមជានិស្សិតអាហារូបករណ៍មាននាទីរក្សាលទ្ធផលនៃការសិក្សាឱ្យបានល្អ ត្រូវប្រឡងជាប់ទៅតាមគោលការណ៍ដែលសាលាបានកំណត់ ព្រោះមិនដូច្នេះទេអាចប៉ះពាល់ដល់អារូបករណ៍។ បើស្រាលអាចប្រលងសងរឺត្រួតថ្នាក់ តែបើធ្ងន់អាចនឹងបាត់បង់អាហារូបករណ៍ជាយថាហេតុក៏ថាបានដែរ»។
 
ក្រោយចំណាយពេលសិក្សាតាមប្រព័ន្ធអនឡាញអស់រយៈពេល២ឆ្នាំ សុខហួន បានឆ្លងផុតឧបសគ្គមួយនេះ ដោយជោគជ័យ។ នៅពេលពិភពលោកមានភាពធូរស្រាល ក៏ដូចជាមានវ៉ាក់សាំងបង្ការជំងឺកូវីដផងនោះ និស្សិតរូបនេះ បានត្រឡប់ទៅសិក្សានៅប្រទេសចិនជាថ្មីក្នុងខែតុលា ឆ្នាំ២០២២។ ពេលនោះ សុខហួន ជានិស្សិតឆ្នាំទី២ នៃជំនាញឱសថសាស្រ្ត នៅមហាវិទ្យាល័យ Southern Medical នៅទីក្រុងGuangzhou នៃប្រទេសចិន។ 
 
ការផ្លាស់ប្តូរទៅសិក្សានៅសាលាថ្មី ទីក្រុងថ្មីលើកនេះ សុខហួន មិនពិបាកក្នុងការសម្របខ្លួនទៀតឡើយ ដ្បិតទីតាំងអាកាសមិនត្រជាក់ខ្លាំង ជាពិសេសមានមិត្តនិស្សិតកម្ពុជាច្រើន។ សុខហួន នឹងបញ្ចប់ការសិក្សានៅឆ្នាំ២០២៥។ ក្រោយបញ្ចប់ការសិក្សា កូនអ្នកតាកែវរូបនេះ ក៏មិនភ្លេចទីកំណើត និងប្រទេសជាតិឡើយ ដោយបានត្រៀមខ្លួនរួចជាស្រេចក្នុងត្រឡប់មកកម្ពុជា។
 
«ខ្ញុំប្រាកដណាស់ថានឹងវិលត្រលប់មកប្រទេសកម្ពុជាវិញដើម្បីយកចំណេះដឹង និងបទពិសោធដែលបានមកពីទីនោះ ចែករំលែកក៏ដូចជាចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៃប្រទេសកម្ពុជា»។​ នេះជាការលើកឡើងរបស់ សុខហួន ដោយបានបញ្ជាក់ពីបំណងចង់​បើកជាឱសថស្ថានផ្ទាល់ខ្លួនផងដែរ ព្រោះថា វាជាបំណងប្រថ្នាបន្ទាប់ពីបញ្ចប់ការសិក្សា។ ហើយការបើកនេះ សុខហួន ក៏មានបំណងចង់ជួយដល់ជនដែលពុំមានលទ្ធភាពក្នុងការទិញថ្នាំ ដោយជួយទៅតាមសមត្ថភាពដែលអាចជួយបាន និងឆ្លៀតឱកាសក្នុងការណែនាំពីរបៀបនៃការប្រើប្រាស់ថ្នាំអោយត្រឹមត្រូវតាមវេជ្ជបញ្ជា៕

Tag:
 ជីវព័ត៌មាន
  អាហារូបករណ៍​
  ប្រទេសចិន
  ឯករាជ្យ
© រក្សាសិទ្ធិដោយ thmeythmey.com