ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ ការគ្រប់គ្រងសន្តិសុខនៅឃុំកូនសត្វ មានការលំបាក ដោយសារខ្វះកម្លាំងនគរបាល លោក យី វណ្ណា នាយប៉ុស្តិ៍នគរបាលកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត
×
ដោយ៖ ឡាវ យ៉ា (យុវជនឃុំកូនសត្វ)
ស្រុកទឹកឈូ, កំពត៖ កង្វះកម្លាំងនគរបាល បានបង្កការលំបាកដល់ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋដែលរស់នៅក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ឃុំកូនសត្វ មានផ្ទៃដីធំ និងពលរដ្ឋច្រើន ខណៈកម្លាំងប៉ុស្តិ៍នគរបាលចំនួន៦នាក់ ក្នុងនោះមានកម្លាំងម្នាក់ត្រូវបន្តការសិក្សា។
លោក យី វណ្ណា នាយប៉ុស្តិ៍នគរបាលកូនសត្វ បានអះអាងថា សព្វថ្ងៃកម្លាំងសមត្ថកិច្ច នៅមូលដ្ឋានរបស់លោក មិនទាន់គ្រប់គ្រាន់នោះទេ ដែលធ្វើឱ្យប៉ះពាល់ដល់ការងារយាមល្បាត និងការបម្រើសេវាសាធារណៈជូនពលរដ្ឋ។ ឃុំកូនសត្វ មានផ្ទៃដីធំ សម្បូរព្រៃ ផ្លូវលំបាក និងពលរដ្ឋរស់នៅច្រើន ខណៈសមត្ថកិច្ចមានកម្លាំងត្រឹមតែ៦នាក់ប៉ុណ្ណោះ ដែលក្នុងនោះ ម្នាក់ត្រូវបន្តការសិក្សា។ ផ្អែកលើស្ថានភាពបែបនេះ លោក យី វណ្ណា បារម្ភពីបញ្ហាប្រឈមរបស់កម្លាំងសមត្ថកិច្ច និងពលរដ្ឋ ដោយសារក្មេងទំនើង ឬចរាចរណ៍ នៅពេលល្បាតយប់។
លោក រៀបរាប់ដូច្នេះថា៖« នៅក្នុងឃុំកូនសត្វយើងនេះ មាន៤ភូមិ។ អ៊ីចឹង ប្រសិនបើយើងចែក កម្លាំងយើងមាន៦នាក់ វាមិនគ្រប់គ្រាន់នោះទេ។ នៅពេលយើងល្បាតពេលយប់ គឺមានលំបាក ហើយបើសិនមានភ្លៀងទៀត កាន់តែលំបាកខ្លាំង ដោយសារមានផ្លូវមានជង្ហុក ភក់ រអិល ហើយពោរពេញទៅដោយព្រៃ។ កម្លាំងម្នាក់ ឬពីរម្នាក់អី មិនសូវហ៊ានដើរ ព្រោះខ្លាចក្មេងស្ទាវ លួចវាយ ឬបង្ករឿង។ យើងពិបាកធ្វើដែរ»។
ថ្វីដ្បិត ខ្វះកម្លាំង ប៉ុន្តែការងារសន្តិសុខនៅឃុំកូនសត្វ មានលក្ខណៈល្អប្រសើរ ដោយសារមានការចូលរួមពីពលរដ្ឋ និងប្រជាការពារភូមិ។ ពលរដ្ឋបានក្លាយជាភ្នែក ច្រមុះ ក្នុងការរាយការណ៍បញ្ហាអសកម្ម ហើយប្រជាការពារភូមិ ជាកម្លាំងជួយទប់ស្កាត់បទល្មើស។ សព្វថ្ងៃ ឃុំកូនសត្វ មានប្រជាការពារជាង១០០នាក់។ ដោយឡែក ក្នុងករណីជួបបទល្មើសធំៗ ប៉ុស្តិ៍នគរបាលកូនសត្វ ត្រូវស្នើសុំកម្លាំងពីអធិការស្រុក ឬពីស្នងការខេត្ត ដើម្បីអន្តរាគមន៍ទាន់ពេលវេលា។
ក្រៅពីបញ្ហាសន្តិសុខ កង្វះកម្លាំងនគរបាលនៅពេលនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈពលរដ្ឋផងដែរ។ លោក យី វណ្ណា បញ្ជាក់ថាសព្វថ្ងៃការបម្រើសេវាដល់ពលរដ្ឋ មានភាពយឺតយ៉ាវបន្តិច ដែលធ្វើពលរដ្ឋខ្លះមានការមិនពេញចិត្ត។ ប៉ុន្តែលោកមេប៉ុស្តិ៍ បានព្យាយាមពន្យល់ឱ្យពលរដ្ឋមានការយោគយល់ ព្រោះប៉ុស្តិ៍នគរបាលកូនសត្វ មានកម្លាំងនគរបាលមិនទាន់គ្រប់គ្រាន់៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាព អឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និង អង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត នោះទេ)
Tag:
យុវជនសកម្មសេវាល្អ
ប៉ុស្ដិ៍នគរបាលឃុំកូនសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com