ជាតិ
រដ្ឋបាលខេត្តព្រះសីហនុ នឹងឃាត់យានយន្ត រទេះលក់ដូរ ដែលចតឬចរាចរលើផ្លូវថ្មើរជើង
22, Jan 2023 , 6:30 pm        
រូបភាព
សកម្មភាពយានយន្ត ចតនៅលើផ្លូវថ្មើរជើង ដែលក្រាលថ្មរក្រានីត តាមបណ្ដាយឆ្នេរ ខេត្តព្រះសីហនុ។ រូបពី រដ្ឋបាលក្រុងព្រះសីហនុ
សកម្មភាពយានយន្ត ចតនៅលើផ្លូវថ្មើរជើង ដែលក្រាលថ្មរក្រានីត តាមបណ្ដាយឆ្នេរ ខេត្តព្រះសីហនុ។ រូបពី រដ្ឋបាលក្រុងព្រះសីហនុ
ភ្នំពេញ៖ រាល់សកម្មភាពចរាចរ និងចតយានយន្ត ឬរទេះលក់ដូរ នៅលើផ្លូវថ្មើរជើង ដែលក្រាលថ្មក្រានីត តាមបណ្ដាយឆ្នេរ ឬលើឆ្នេរខ្សាច់ នឹងត្រូវឃាត់ទុកបណ្ដោះអាសន្ន។ ក្នុងករណីខូចខាតកម្រាលថ្មរក្រានីត អាជ្ញាធរខេត្តព្រះសីហនុ តម្រូវឱ្យម្ចាស់យានយន្ត ឬម្ចាស់រទេះលក់ដូរទាំងអស់ ជួសជុលឡើងវិញ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែមករា។


 
 
សេចក្ដីជូនដំណឹងនេះបញ្ជាក់ថា កន្លងទៅរដ្ឋបាលក្រុងព្រះសីហនុ សង្កេតឃើញពលរដ្ឋមួយចំនួន បានចរាចរ និងចតយានយន្ត ឬរទេះលក់ដូរពួកគេ នៅលើផ្លូវក្រាលថ្មក្រានីត សម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ និងលើឆ្នេរខ្សាច។ សកម្មភាពទាំងនេះ បានធ្វើឱ្យបាត់បង់ សណ្ដាប់ធ្នាប់ របៀបរៀបរយ ខូចផ្លូវក្រានីត ជាពិសេសប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់ឆ្នេរសាធារណៈ។ 
 
ដើម្បីធានាដល់សណ្ដាប់ធ្នាប់ សោភ័ណភាពឆ្នេរ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ រដ្ឋបាលខេត្តព្រះសីហនុ មិនអនុញ្ញាតឱ្យមានការចរាចរ និងចតយានយន្ត ឬរទេះលក់ដូរ នៅលើផ្លូវក្រាលនីត តាមបណ្ដោយឆ្នេរជាដាច់ខាត។ ក្នុងករណីឃើញមានយានយន្ត ឬរទេះលក់ដូរ លើផ្លូវថ្មើរជើង ដែលក្រាលថ្មរក្រានីតនេះ សមត្ថកិច្ចនឹងឃាត់ទុកយានយន្ត ឬរទេះលក់ដូរទាំងនោះជាបណ្តោះអាសន្ន និងតម្រូវឱ្យម្ចាស់យានយន្ត ឬម្ចាស់រទេះលក់ដូរ ជួសជុលកម្រាលថ្មក្រានីតឡើងវិញ ប្រសិនបើខូចខាត៕ 
 
 
 

Tag:
 រដ្ឋបាលខេត្តព្រះសីហនុ
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com